មន្ត្រីថ្នាក់ដឹកនាំកំពូលៗចូលរួមគោរពវិញ្ញាណក្ខន្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន នៅរសៀលថ្ងៃទី១៦ មីនា ក្រោយពីសពលោក សុខ អាន ត្រូវបានដឹកពីប្រទេសចិន មកតម្កល់នៅគេហដ្ឋានរបស់លោក នៅព្រឹកថ្ងៃដដែលនេះ។
ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិដែលចូលរួមពិធីនេះ មានប្រធានរដ្ឋសភា លោក ហេង សំរិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាដើម។ ទោះយ៉ាងណាក៏ដោយ មន្ត្រីគណបក្សប្រឆាំង មិនទាន់មានវត្តមានចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន នៅឡើយទេ។
មន្រ្តីរដ្ឋាភិបាលបានប្រកាសថា លោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃទី១៥ មីនា នាទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្រោយពីព្រះមហាក្សត្រ បានប្រោសព្រះរាជទានគោរមងារលោកជា «សម្ដេចវិបុលបញ្ញា សុខ អាន» ។
រដ្ឋាភិបាលបានស្នើថវិកាជាតិ ៣ប៊ីលានរៀល ឬប្រហែល ៧៥ម៉ឺនដុល្លារ ដើម្បីរៀបចំបុណ្យសព។ តាមកម្មវិធីបុណ្យ សព លោក សុខ អាន នឹងត្រូវបូជានៅព្រឹកថ្ងៃទី១៩ មីនា នាឈាបនដ្ឋាន មុខវត្តបទុមវតី រាជធានីភ្នំពេញ៕