Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ព្នង​ទាមទារ​សំណង​សែនព្រេន​រឿង​ជន​ចំណាក​ស្រុក​កាប់​រាន​តំបន់​កប់​សព

$
0
0

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក ដោះស្រាយ​សំណង​សែនព្រេន​តាម​ជំនឿ​ប្រពៃណី​អ្នក​ភូមិ ដោយសារ​តែ​អ្នក​ភូមិ​ជួប​គ្រោះ​ភ័យ ដូចជា​ឈឺ​ស្លាប់​ជា​បន្តបន្ទាប់​ក្រោយ​ពេល​ជនជាតិ​ចាម​ចំណាក​ស្រុក បាន​កាប់​រាន​ព្រៃ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច បំពាន​ទៅ​លើ​តំបន់​កប់​សព​ដូនតា​សហគមន៍។

សហគមន៍​ព្នង ភូមិ​ពូលុ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ជូន​អាជ្ញាធរ​ស្រុក​ពេជ្រាដា នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ជំរុញ​ឲ្យ​ជនជាតិ​ចាម សង​សំណង​សែនព្រេន​ជូន​សហគមន៍​ដែល​កំពុង​ជួប​គ្រោះ​ភ័យ ទាក់ទិន​ជំនឿ​ប្រពៃណី​កាប់​រាន​ព្រៃ​សក្ការៈ​សហគមន៍។

កាល​ពី​ដើម​ឆ្នាំ​២០១៦ សហគមន៍​ឃុំ​ប៊ូស្រា បាន​ធ្វើ​ការ​តវ៉ា ខណៈ​ជនជាតិ​ចាម​ចំណាក​ស្រុក​ជាង ៧០​គ្រួសារ បាន​កាប់​រាន​ព្រៃ​តំណម​សហគមន៍ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​ប្រគល់​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ជនជាតិ​ចាម តាំង​លំនៅ​បណ្ដោះអាសន្ន​រង់ចាំ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួក​គេ។

តំណាង​សហគមន៍ លោក ថ្លាង ថូ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ថា អាជ្ញាធរ​ស្រុក​បាន​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​បញ្ឈប់​តវ៉ា ហើយ​សន្យា​ថា​នឹង​តម្រូវ​ឲ្យ​ជនជាតិ​ចាម ផ្តល់​សំណង​សែនព្រេន​ប្រពៃណី​សហគមន៍ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន មិន​ឃើញ​មាន​ចំណាត់ការ​អ្វី​នៅ​ឡើយ។ លោក​បន្ត​ថា ការ​យឺតយូរ​សែនព្រេន​ព្រលឹង​ដូនតា នឹង​ធ្វើ​ឲ្យ​អារក្ស​អ្នកតា​ខឹងសម្បា​ចំពោះ​អ្នក​កាប់​រាន​ព្រៃ​តំបន់​សក្ការៈ ហេតុ​នេះ​ប្រសិន​គ្មាន​ការ​សែនព្រេន​ទេ អ្នក​ភូមិ​នឹង​ជួប​ហេតុការណ៍​អាក្រក់​កាន់​តែ​ច្រើន​ឡើង៖ «ហេតុ​អ្វី​ឲ្យ​គេ​កាប់​ផ្ដេសផ្ដាស​សង់​ផ្ទះ​ធំៗ គេ​កាប់​ព្រៃ អ្នក​មាន​លុយ​មាន​ដី​ច្រើន»

សហគមន៍​ប៊ូស្រា កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៦ បាន​បិទ​ផ្លូវ​ធ្វើ​ដំណើរ​មុខ​សាលា​ស្រុក តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុវត្ត​លក្ខខណ្ឌ​បី​ចំណុច​របស់​សហគមន៍ រួម​មាន វាស់វែង​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច និង​វាស់វែង​ដី​តំបន់​អភិរក្ស​សហគមន៍។ ប្រសិន​រក​ឃើញ​ដី​សម្បទាន​សង្គមកិច្ច​បំពាន​ចូល​ដី​សហគមន៍ អាជ្ញាធរ​ត្រូវ​រៀបចំ​សំណង​សែនព្រេន​អារក្ស​អ្នកតា​ព្រៃ​ភ្នំ​តាម​ជំនឿ​ជនជាតិ​ដើម​ភាគតិច។

ទាក់ទិន​ករណី​នេះ អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន បញ្ជាក់​ថា បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​មិន​ទាន់​សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ជន​ចំណាក​ស្រុក​នោះ​នៅ​ឡើយ ហេតុ​នេះ​ការ​ផ្តល់​សំណង​បែប​ណា មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ឡើយ។ លោក​ថា សហគមន៍​ត្រូវ​បន្ត​រង់ចាំ​រហូត​ដល់​អាជ្ញាធរ​ខេត្ត​សម្រេច​យ៉ាង​ណា​លើ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ជនជាតិ​ចាម ទាំងនោះ៖ «មិន​ប្រកែក​ទេ។ យើង​នឹង​ដោះស្រាយ​ជូន​ពួក​គាត់​តាម​សំណូមពរ​សែនព្រេន​តាម​ប្រពៃណី ប៉ះ​ចំ​ផ្នូរ​កប់​សព ឬ​ព្រៃ​អារក្ស​អ្នកតា ប៉ុន្តែ​យើង​បាន​បញ្ជាក់​ប្រាប់​គាត់​ដែរ​ថា ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ គឺ​មិន​ទាន់​បាន​ទទួល​កម្មសិទ្ធិ​ស្រប​ច្បាប់​នៅ​ឡើយ ប្រសិន​យើង​ចាប់​ឲ្យ​គាត់​សង ប្រៀប​ដូច​ឲ្យ​សិទ្ធិ​ស្រប​ច្បាប់​ឲ្យ​គាត់​ទៅ​ហើយ»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ប្រញាប់​ដោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍ ចៀសវាង​កើត​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋ និង​ពលរដ្ឋ។ លោក​កត់​សម្គាល់​ថា ការ​តវ៉ា​របស់​សហគមន៍​នេះ​កើត​មាន​ជាង​មួយ​ឆ្នាំ​ហើយ ហេតុ​នេះ​អាជ្ញាធរ​ត្រូវ​គោរព​ជំនឿ​ប្រពៃណី​សហគមន៍​ដែល​ច្បាប់​បាន​គាំពារ៖ «អាជ្ញាធរ​មូលដ្ឋាន​ស្វែងរក​កញ្ចប់​ថវិកា​ណា​មួយ​មក​សែនព្រេន​ជូន​ពួក​គាត់។ ខ្ញុំ​ជឿ​ថា​ប្រសើរ​ជាង។ អាជ្ញាធរ​ទទួល​ស្គាល់​ហើយ​ថា អ្នក​មក​នៅ​លើ​ដី​សម្បទាន ច្បាប់​មិន​ទាន់​ទទួល​ស្គាល់​នៅ​ឡើយ»

រាជ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី ២.៤០០​ហិកតារ​នៅ​តំបន់​វាល់យោង ក្នុង​ស្រុក​ពេជ្រាដា សម្រាប់​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ៥៨៨​គ្រួសារ ក៏ប៉ុន្តែ​រហូត​ពេល​នេះ ជនជាតិ​ចាម​ចំណាក​ស្រុក​បាន​ចូល​មក​កាប់​រាន​ព្រៃ​យក​ដី​នៅ​តំបន់​នោះ ខណៈ​អាជ្ញាធរ​មិន​ទាន់​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួក​គេ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles