Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ខេត្ត​កំពត​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច

$
0
0

ប្រជាពលរដ្ឋ​ចំនួន ៣០៨​គ្រួសារ រស់​នៅ​លើ​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ (១.២៣១) នៅ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដើម្បី​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ទាំង​នោះ ជុំវិញ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ។ ពលរដ្ឋ​ចោទ​ប្រកាន់​ក្រុមហ៊ុន​ថា មិន​គោរព​កិច្ចសន្យា​ជួល​ដី​ពី​រដ្ឋ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា​តាម​រយៈ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ឈូស​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់។ ចំណែក​ភាគី​ក្រុមហ៊ុន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ និង​ចោទ​ថា ពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​រារាំង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន។

បុរស ៣​នាក់ ដែល​អះអាង​ថា ខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ ដែល​រស់​នៅ​ភូមិ​តេជោអង្កាញ់ និង​ភូមិ​តេជោជ្រៃបាក់ ឃុំ​តេជោអភិវឌ្ឍន៍  ស្រុក​ឈូក ខេត្ត​កំពត បាន​យក​ពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ដើម្បី​ឱ្យ​ស្ថាប័ន​ជាតិ​ទាំង​ពីរ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co., Ltd.។

តំណាង​ប្រជាពលរដ្ឋ​លោក បូរ សម្បត្តិ បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ថា ប្រជាពលរដ្ឋ​បាន​មក​តាំង​ទី​លំនៅ និង​រុករាន​កាន់​កាប់​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០១០ ដោយ​មាន​ផ្ទះ និង​មាន​ដំណាំ ប៉ុន្តែ​ក្រោយ​មក​ក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co., Ltd. បាន​ចូល​ទៅ​ឈូស​ឆាយ​នៅ​តំបន់​ពលរដ្ឋ​ធ្លាប់​កាន់កាប់ ហើយ​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ។

លោក​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ចុះ​សិក្សា និង​ឈាន​ដល់​ការ​ដក​ហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ចែក​ជូន​ពលរដ្ឋ​វិញ៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ សូម​អំពាវនាវ​ដល់​អង្គការ​គ្រប់​ស្ថាប័ន និង​រាជរដ្ឋាភិបាល សូម​លោក​មេត្តា​ជួយ​រក​យុត្តិធម៌ និង​ចែក​​ដី​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​យើង​ខ្ញុំ​វិញ​ដោយ​ស្រប​ច្បាប់។ ក្រុមហ៊ុន​មាន​ន័យ​ថា ដី​របស់​គាត់ ប៉ុន្តែ​គាត់​បែរជា​ឈូស​ឆាយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ  ប៉ុន្តែ​គាត់​មិន​មាន​ធ្វើ​អ្វី​បន្តិច​ទេ តាំង​ពី​ការ​ឈូស​ឆាយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ទើប​នឹង​បាន​ស្វាយចន្ទី​ប្រហែល​មួយ​ឆ្នាំ​នេះ។ អ៊ីចឹង​សូម​ឱ្យ​រាជរដ្ឋាភិបាល​មេត្តា​ត្រួត​ពិនិត្យ និង​ដាក់​ទោស​ដល់​ក្រុមហ៊ុន​មួយ​ហ្នឹង»

ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រសួង​កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី​ថា ក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co., Ltd. មិន​គោរព​កិច្ចសន្យា​ជួល​ដី​ពី​រដ្ឋាភិបាល ដោយ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចំនួន ៣០៨​គ្រួសារ​ដោយ​បង្ខំ ពេល​បាន​ទទួល​អាជ្ញាប័ណ្ណ​ជួល​ដី​ពី​រដ្ឋ។ ពលរដ្ឋ​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​មិន​បាន​អភិវឌ្ឍ​ដំណាំ​លើ​ដី​ពិត​ប្រាកដ​នោះ​ឡើយ ហើយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ ក្រុមហ៊ុន​បាន​ប្រើ​កម្លាំង​យោធា និង​នគរបាល​គំរាមកំហែង​ប្រជាពលរដ្ឋ និង​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ ដុត​បំផ្លាញ​ផ្ទះសម្បែង និង​ផលដំណាំ ព្រម​ទាំង​រំលោភ​យក​ដីស្រែ​ចម្ការ និង​លំនៅឋាន​ពលរដ្ឋ​គ្មាន​សេសសល់។

ប្រធាន​ក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co., Ltd. និង​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អ្នកស្រី ចាន់ សុធា ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។ អ្នកស្រី​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ពលរដ្ឋ​ទៅ​វិញ​ទេ ដែល​បាន​មក​តាំងទី​លំនៅ​ដោយ​ខុស​ច្បាប់​លើ​ដី​ដែល​អ្នកស្រី​ទទួល​បាន​ពី​រដ្ឋ​តាំង​ពី​ឆ្នាំ​២០០៥ ហើយ​រាល់​ពេល​ដែល​អ្នកស្រី​ចាប់​ផ្ដើម​ការ​អភិវឌ្ឍ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​តែង​ចេញ​មក​រារាំង​សកម្មភាព​របស់​ក្រុមហ៊ុន។

អ្នកស្រី ចាន់សុធា៖ «ពួក​ហ្នឹង គឺ​ពួក​អនាធិបតេយ្យ។ វា​នៅ​ក្នុង​ដី​របស់​ខ្ញុំ​មាន ១​ម៉ឺន​ហិកតារ​ហ្នឹង វា​ចង្អុល​គ្រប់​កន្លែង វា​ធ្វើ​គ្រប់​កន្លែង។ វា​ធ្វើ​ឱ្យ​ខ្ញុំ​ហ្នឹង អាក់​ទឹកចិត្ត​ក្នុង​ការ​យក​លុយ​មក​វិនិយោគ។ ខ្ញុំ​នឹក​ឃើញ​ថា ខ្ញុំ​វិនិយោគ ខ្ញុំ​នឹង​ត្រូវ​ប្រើ​កម្មករ​ប្រហែល ១​ពាន់​នាក់។ ការ​ដាំដុះ​ដំឡូង និង​ពោត ប៉ុន្តែ​ខ្ញុំ​ដាំ​អី​វា​លួច​ហ្នឹង។ ខ្ញុំ​ឈូស​ដី​ហើយ វា​មក​យក​ដី​ខ្ញុំ​យក​ទៅ​ដាំ​មួយ​ចំនួន​ក៏​មាន​ដែរ។ ពេល​ខ្ញុំ​ប្រើ​កម្លាំង​យក​ទៅ​វា​ថា ខ្ញុំ​យក​កម្លាំង​ទៅ​អាង។ អូយ! ខ្ញុំ​ហត់​ណាស់ ស្រុក​ខ្មែរ បើ​របៀប​ហ្នឹង​រលាយ​អស់​ហើយ»

ក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co., Ltd. បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ កាល​ពី​​ខែ​មេសា ឆ្នាំ​២០០៥ ដោយ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១​ម៉ឺន​ហិកតារ នៅ​ស្រុក​ឈូក ខេត្ត​កំពត សម្រាប់​ការ​ដាំដុះ​ដំណាំ​កសិ-​ឧស្សាហកម្ម និង​ចិញ្ចឹម​សត្វ។ ក៏ប៉ុន្តែ​អ្នកស្រី ចាន់ សុធា បញ្ជាក់​ថា ដី​នេះ​នៅ​សល់​តែ​ជាង ៣​ពាន់​ហិកតារ​តែប៉ុណ្ណោះ​ក្រោយ​ការ​អនុវត្ត​បទបញ្ជា​លេខ​០១ របស់​រដ្ឋាភិបាល។

អ្នកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដាំ​ដុះ​ស្វាយចន្ទី​បាន​ជាង ៦០០​ហិកតារ​ហើយ ហើយ​បើ​មិន​មាន​បញ្ហា​អ្វី​ទេ ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចប់​ការ​ដាំដុះ​នៅ​លើ​ផ្ទៃដី​ទាំងអស់​នៅ​ត្រឹម​បំណាច់​ឆ្នាំ​២០១៧ នេះ។

ជុំវិញ​ការ​ដាក់​បណ្ដឹង​របស់​ក្រុម​ពលរដ្ឋ​នេះ អនុ​ប្រធាន​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ចាន់ ហេង បញ្ជាក់​ថា លោក​នឹង​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​នោះ រួច​នឹង​បញ្ជូន​ករណី​នេះ​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​កំពត ដើម្បី​ឱ្យ​ចុះ​ស៊ើប​អង្កេត និង​រាយការណ៍​មក​ក្រសួង​វិញ​ជា​បន្ទាន់។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត ក៏​បញ្ជាក់​ដែរ​ថា ក្រសួង​នឹង​ពិនិត្យ​មើល​ករណី​នេះ។

ក្រៅ​ពី​ដាក់ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ទាំង​ពីរ​នេះ ក្រុម​ពលរដ្ឋ​ក៏​បាន​ដាក់​បណ្ដឹង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​សាលា​ខេត្ត​កំពត ដែរ។ ក្រុម​ពលរដ្ឋ​សំណូមពរ​ដល់​អភិបាល​ខេត្ត​កំពត លោក ចាន់ ចេស្តា ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ ទប់ស្កាត់​សកម្មភាព​រំលោភ​បំពាន និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួក​គេ។

អភិបាល​រង​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា បញ្ជាក់​ថា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​បាន​ដឹង​រឿង​នេះ ហើយ​បាន​បង្កើត​ក្រុម​ការងារ​ចុះ​សិក្សា និង​ស៊ើប​អង្កេត​បញ្ហា​នេះ ព្រម​ទាំង​បាន​ចងក្រង​ជា​របាយការណ៍​រួច​រាល់​ហើយ នៅ​ចាំ​តែ​លោក​អភិបាល​ខេត្ត​បើក​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ការងារ​ពាក់ព័ន្ធ​ដើម្បី​សម្រេច​លើ​ការ​អនុវត្ត។

លោក​មិន​ទាន់​ដឹង​អំពី​ពេល​វេលា​នៃ​ការ​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ដោយ​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ជាប់​រវល់​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀត៖ «វា​ត្រូវ​មាន​នីតិវិធី និង​ត្រូវ​មាន​ដំណាក់កាល ហើយ​មាន​ការ​សិក្សា មិន​ទាន់​អាច​សម្រេច​តែមួយ​អង្គភាព ឬ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ទេ ទាល់តែ​មាន​ការ​ចូលរួម​ពី​ជំនាញ និង​អាជ្ញាធរ​តាំងពី​ថ្នាក់​ភូមិ-​ឃុំ ស្រុក អ៊ីចឹង​បាន​យើង​ធ្វើ។ បង​ប្អូន​គាត់​​ចេះ​តែ​ចង់​បាន​ភ្លាមៗ ឧទាហរណ៍​ថា គេ​ឈូស​ដី​គាត់​ឥឡូវ​ហ្នឹង គាត់​ចង់​ឱ្យ​យើង​ទៅ​ភ្លាម ហើយ​ចង់​ឱ្យ​យើង​បញ្ចប់​រឿង​ភ្លាម អា​ហ្នឹង​មិន​ទាន់​អាច​ធ្វើ​បាន​ទេ»

​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ឃើញ​ថា ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​នេះ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​បង្ហាញ​ដល់​អាជ្ញាធរ និង​រដ្ឋាភិបាល​អំពី​ភាព​អសកម្ម​របស់​ក្រុមហ៊ុន ហើយ​ភាព​អសកម្ម​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាច​ដក​ហូត​យក​ដី​សម្បទាន​មក​វិញ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ៖ «មាន​សម្បទាន​ច្រើន​ណាស់​ដែល​រដ្ឋ​យើង​លុប ដោយសារ​គាត់​អត់​បាន​គោរព​ទៅ​តាម​កិច្ចសន្យា​ដាំ​ដុះ។ យើង​ឃើញ​នៅ​មាន​សម្បទាន​ខ្លះ​ទៀត​ដែល​ហាក់​ដូចជា​មិន​មាន​ការ​ដាំដុះ ហើយ​នៅ​រក្សា​ខ្លួន​ដល់​ឥឡូវ​ហ្នឹង អ៊ីចឹង​នេះ​ជា​ការ​បង្ហាញ​មួយ​ដល់​រដ្ឋ​ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​លុបចោល​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​មិន​បម្រើ​ឱ្យ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ ក៏​ដូចជា​ការ​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ហ្នឹង​តែម្ដង»

​មន្ត្រី​ផ្នែក​ដីធ្លី​រូប​នេះ រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​​ជា​ច្រើន​គ្រួសារ កំពុង​ខ្វះ​ដី​បង្កបង្កើន​ផល ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ដក​ហូត​ដី​ទាំង​នោះ​មក​វិញ ដើម្បី​ផ្ដល់​ជា​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles