រដ្ឋាភិបាលសម្រេចប្រគល់តួនាទីដល់ឧបនាយរដ្ឋមន្ត្រីទទួលបន្ទុកប្រចាំការ គឺលោក ប៊ិន ឈិន ជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោយពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ទទួលមរណភាពកាលពីថ្ងៃទី១៥ មីនា នាទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពារ។
នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមីនា សពលោក សុខ អាន ត្រូវបានដឹកពីប្រទេសចិន តាមយន្តហោះពិសេសមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ ដោយមានការអមដំណើរពីលោក ហ៊ុន សែន និងភរិយា គ្រួសារសព និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនទៀត។
កាលពីថ្ងៃទី១៣ មីនា ព្រះមហាក្សត្រ បានប្រោសព្រះរាជទានគោរមងារលោក សុខ អាន ជា «សម្ដេចវិបុលបញ្ញា សុខ អាន»។
ចំពោះដំណឹងមរណភាពនេះដែរ ប្រភពមួយចំនួនឲ្យដឹងថា លោក សុខ អាន បានទទួលមរណភាព តាំងពីថ្ងៃទី១៣ ខែមីនា ក្រោយពេលដែលលោកត្រូវគេបញ្ជូនមកពីប្រទេសបារាំង ដល់ប្រទេសចិន។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបដិសេធថាជាព័ត៌មានមិនពិត។
ចំណែកការរៀបចំពិធីបុណ្យសពវិញ រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការរៀបចំបុណ្យសពមួយ ដែលត្រូវចំណាយថវិកាជាតិ ៣ប៊ីលានរៀល ឬប្រហែល ៧៥ម៉ឺនដុល្លារ។ តាមកម្មវិធីបុណ្យ សព លោក សុខ អាន នឹងត្រូវបូជានៅព្រឹកថ្ងៃទី១៩ មីនា នាឈាបនដ្ឋាន មុខវត្តបទុមវតី រាជធានីភ្នំពេញ៕