Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​២៣០​គ្រួសារ​នៅ​ក្រចេះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួកគាត់

$
0
0

ពលរដ្ឋ ២៣០​គ្រួសារ រស់​នៅ​តំបន់​ប៉ោចេក ខែត្រ​ក្រចេះ ជាប់​ព្រំប្រទល់​ខែត្រ​មណ្ឌលគិរី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួកគាត់​នៅ​តំបន់​នោះ សម្រាប់​សាងសង់​លំនៅឋាន​រស់​នៅ ដោយសារ​ពួកគាត់​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ក្រីក្រ។ ចំណែក​អភិបាល​ស្រុក​ស្នូល ខែត្រ​ក្រចេះ លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​គ្មាន​ដី​ពិតប្រាកដ រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន និង​ត្រូវ​បញ្ឈប់​ចូល​មក​រស់​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​បំពាន​ច្បាប់។

​ពលរដ្ឋ​ចំណាក​ស្រុក​ជាង ២០០​គ្រួសារ បាន​ចោទ​ប្រកាន់​មេការ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ២ (Binh Phuoc 2) របស់​វៀតណាម​ថា ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ និង​គំរាម​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិនបើ​បន្ត​រស់​នៅ​លើ​ដី​ក្នុង​បរិវេណ​ក្រុមហ៊ុន​គ្មាន​ការ​អនុញ្ញាត។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ២៣០​គ្រួសារ រស់​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នូល លោក លឹម វ៉ាន់ស៊ីម វ័យ ៥២​ឆ្នាំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា ពលរដ្ឋ​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​រស់​នៅ​តំបន់​នោះ តាំង​ពី​ដើម​ឆ្នាំ​២០១៦ ដោយសារ​ពួកគាត់​ភាគ​ច្រើន​ជា​កម្មករ​ក្រុមហ៊ុន និង​គ្មាន​ដី​ធ្វើ​លំនៅឋាន ម្យ៉ាង​ដី​តំបន់​នោះ​ជា​ដី​ទំនេរ​ជាប់​អូរ ជា​តំបន់​ដក់​ទឹក និង​ជា​ដី​ចំណី​អូរ​ផង ហើយ​ក្រុមហ៊ុន​មិន​អាច​ដាំដុះ​បាន​ដែរ។

លោក​ទទួល​ស្គាល់​ថា ការ​កាប់​ដី​ធ្វើ​លំនៅឋាន​នៅ​តំបន់​នោះ​ពុំ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​តំបន់​នោះ​ជា​ដី​ទំនេរ​ទើប​ប្រជាពលរដ្ឋ​ក្រីក្រ​ចូល​ទៅ​កាន់កាប់​សាងសង់​លំនៅឋាន​រស់​នៅ​ចិញ្ចឹម​ជីវិត។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ក្រចេះ មេត្តា​កាត់​ដី​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ និង​អន្តរាគមន៍​ទៅ​មេការ​ក្រុមហ៊ុន ប៊ិញ ភឿក ២ ឈ្មោះ សា ឲ្យ​បញ្ឈប់​គំរាមកំហែង៖ «ទំនេរ​ចោល ទឹក​លិច​ទៀត អ្នក​មាន​មុខមាត់​ចេះ​តែ​មក​ដេញ​ខ្ញុំ តែ​ពួក​ខ្ញុំ​អត់​ចេញ មក​គំរាមកំហែង​ខ្ញុំ។ ពួក​ចំនួន​តូច​ធ្វើ​បាប​រាស្ត្រ​មាន​អំណាច​មាន​លុយ។ ព្រឹក​មិញ​គាត់​មក​ថា មិន​ឈ្នះ​គេ ព្រោះ​គេ​មាន​លុយ នៅៗ​ទៅ ចេញៗ​ទៅ គេ​មាន​អំណាច​មាន​លុយ​មិន​ឈ្នះ​គេ​ទេ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​មេការ​ក្រុមហ៊ុន ក្រុមហ៊ុន ប៊ិញ ភឿក ២ ដែល​អ្នក​ភូមិ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា សា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា។

ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ប៊ិញ ភឿក ២ របស់​វៀតណាម ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ តាំង​ពី​ឆ្នាំ​២០១១ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ឆ្វៀល​ដី​រង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​បច្ចុប្បន្ន​ផ្ទៃដី​ក្រុមហ៊ុន​វិនិយោគ​នៅ​សល់​ជាង ៤.៥០០​ហិកតារ។

អភិបាល​ស្រុក​ស្នូល ខែត្រ​ក្រចេះ លោក គង់ គឹមនី មាន​ប្រសាសន៍​ថា ដី​ចំណី​មាត់​អូរ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ដែល​អាជ្ញាធរ​កំពុង​យក​ចិត្ត​ទុក​ដាក់​ដាំ​ដើម​ឈើ​តាម​មាត់​អូរ​អភិរក្ស​បរិស្ថាន មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ណា និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​លើ​តំបន់​នោះ​ទេ។ លោក​សំណូមពរ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ទន្ទ្រាន​ដី​ចំណី​អូរ និង​ចាកចេញ​ពី​តំបន់​នោះ។ តែ​យ៉ាង​ណា លោក​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​នីតិវិធី​មក​អាជ្ញាធរ​ពាក់ព័ន្ធ ប្រសិនបើ​ពលរដ្ឋ​ខ្វះខាត​ដី​ពិតប្រាកដ​មែន៖ «សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មេត្តា​យោគយល់​ពី​ការ​លំបាក​របស់​អាជ្ញាធរ ហើយ​យើង​នាំ​គ្នា​គោរព​ច្បាប់​ទាំង​អស់​គ្នា។ យើង​មិន​ចង់​ឲ្យ​គាត់​មក​រស់​នៅ​ខុស​ច្បាប់​ទេ។ សុំ​ឲ្យ​គាត់​បំពេញ​បែបបទ​ទៅ​តាម​អ្វី​អាជ្ញាធរ​ចង់​បាន យើង​ធ្វើ​តាម​ច្បាប់ ឲ្យ​គាត់ យើង​ជូន​គាត់​ទៅ មាន​ដី​មាន​លំនៅឋាន មាន​ដី​ធ្វើ​កសិកម្ម​ទៅ ឲ្យ​គាត់​មក​រស់​នៅ​ស្រុក​យើង​ស្រប​ច្បាប់​ពេញមុខ​ពេញ​មាត់»

របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ស្នូល ខែត្រ​ក្រចេះ បង្ហាញ​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា ០១ អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទទួល​ពលរដ្ឋ​ចំណូល​ស្រុក​រាប់ពាន់​គ្រួសារ​មក​រស់​នៅ និង​បាន​កាត់​ឆ្វៀល​ដី​ជាង ៤​ម៉ឺន​ហិកតារ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៩ ក្រុមហ៊ុន ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ក្រីក្រ​ចំណាក​ស្រុក​មក​រស់​នៅ​ខែត្រ​នេះ។

ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី សុវ៉ាន់នី ចាត់​ទុក​ការ​មក​តាំងទី​លំនៅ​របស់​ពលរដ្ឋ​លើ​ដី​ចំណី​អូរ​ជាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម ថា​ជា​ការ​កាន់កាប់​ដី​សាធារណៈ​រដ្ឋ​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ណា​គ្មាន​ដី​ពិតប្រាកដ ប្រញាប់​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​សាមីជន​រស់​នៅ ដើម្បី​អាជ្ញាធរ​ស្រុក-​ខែត្រ​ពិនិត្យ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រ​ប្រាកដ ដើម្បី​ស្របតាម​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រមុខ​រដ្ឋាភិបាល៖ «អាជ្ញាធរ​គួរ​តែ​មាន​វិធានការ​ដោះស្រាយ ឬ​ក៏​​បង្កើត​តំបន់​ណា​មួយ​ដែល​យើង​អាច​ជា​កន្លែង​សម្រាប់​គាត់​រស់​នៅ»

​ពលរដ្ឋ​ចំនួន ២៣០​គ្រួសារ បាន​មក​ចាប់​ដី​នៅ​តំបន់​នោះ​ទំហំ​ក្បាល ១៥​ម៉ែត្រ ជម្រៅ​ចាប់​ពី ២៥​ម៉ែត្រ ដល់ ២០០​ម៉ែត្រ ជា​ប្រភេទ​ដី​ធ្វើ​លំនៅឋាន។ ពួកគេ​ភាគ​ច្រើន​មក​ពី​ខែត្រ​ត្បូងឃ្មុំ និង​ខែត្រ​កំពង់ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles