ក្រុមពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបក្នុងខណ្ឌជ្រោយចង្វារ ប្រមាណ ៣០នាក់ នាំគ្នាមកដាក់ញត្តិរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមីនា។ ប្រជាពលរដ្ឋទាំងនេះរំពឹងថា លោកនាយករដ្ឋមន្ត្រីអាចមានដំណោះស្រាយប្រសើរសម្រាប់ពួកគាត់។
ប្រជាពលរដ្ឋដែលមកជួបជុំគ្នានៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីនេះ ដោយសារពួកគាត់មិនអាចទទួលយកការដោះស្រាយរបស់សាលារាជធានីភ្នំពេញ ដែលតម្រូវឱ្យពួកគាត់ទទួលយកគោលនយោបាយកាត់ដីទំហំ ៩០ភាគរយ នៃដីកាន់កាប់សរុបទៅឲ្យក្រុមហ៊ុន និងសាលាក្រុង ដើម្បីអភិវឌ្ឍន៍។
តំណាងសហគមន៍ជ្រោយចង្វារ គឺលោក ជា សុផាត ទាមទារឱ្យសាលារាជធានីភ្នំពេញ ពិចារណាឡើងវិញនូវការកំណត់ឱ្យពលរដ្ឋទទួលយកនូវគោលនយោបាយមួយនេះ៖ «ពិចារណាឲ្យមែនទែនមើល៍ បើសិនជាដីអស់លោកវិញ បើឲ្យគេទៅយកគោលនយោបាយ អស់លោកព្រមទេ? អ៊ីចឹងខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា ម្ចាស់ដីដែលនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារនេះ សុទ្ធតែមានឯកសារគតិយុត្តិទាំងអស់ គឺថា ដោយសារតែសាលាក្រុងនៅតែ ១០% មន្ទីរក្រសួងទាំងអស់ដែលពាក់ព័ន្ធជាមួយពួកខ្ញុំហ្នឹង ដាក់ញត្តិទៅ ទម្លាក់មកសាលាក្រុងដោះស្រាយ ទីបញ្ចប់សាលាក្រុងនៅតែ ១០%។ បើខ្ញុំទទួលយក ១០% ខ្ញុំទទួលតាំងពីឆ្នាំ២០១៤ ឯណោះ ទាំងអស់គ្នាហ្នឹង»។
ក្នុងញត្តិរបស់ពលរដ្ឋបានសុំឲ្យលោក ហ៊ុន សែន បញ្ចប់ការដាក់ឱសានវាទរបស់សាលារាជធានីភ្នំពេញ និងប្រជុំរកដំណោះស្រាយជាមួយពលរដ្ឋជាម្ចាស់ដី ឆ្វៀលដីលំនៅឋានពលរដ្ឋប៉ះពាល់ចេញ និងចេញប័ណ្ណកម្មសិទ្ធិ ពលរដ្ឋសុខចិត្តប្រគល់ដីស្រែចម្ការ ៥០% សម្រាប់អភិវឌ្ឍន៍ ស្នើសុំបញ្ឈប់ការសង់ផ្លូវស្រប ៦អា ដែលកំពុងប៉ះពាល់លំនៅឋានពលរដ្ឋ និងសុំឲ្យក្រុមហ៊ុនឈប់ឈូសដីដែលមិនទាន់បានដោះស្រាយ។
រីឯអភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ធ្លាប់បញ្ជាក់ថា សាលារាជធានីភ្នំពេញ នៅតែរក្សាគោលការណ៍ដោះស្រាយ ដោយឲ្យពលរដ្ឋទទួលសំណង ១០ភាគរយនៃផ្ទៃដីដែលបានកាន់កាប់ដដែល ហើយលោកស្នើសុំថា ពលរដ្ឋជាម្ចាស់ដី គួរតែមកដោះស្រាយជាមួយគណៈកម្មការដោះស្រាយផលប៉ះពាល់ ដោយមិនចាំបាច់ដើរតវ៉ាសុំដំណោះស្រាយនោះទេ។
ទាក់ទងបញ្ហានេះ នាយកប្រតិបត្តិនៃអង្គការការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ រំពឹងថា ញត្តិរបស់ពលរដ្ឋនឹងទៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សៀ ភារម្យ មានអនុសាសន៍ថា ដើម្បីឱ្យការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឈ្នះទាំងអស់គ្នា រដ្ឋាភិបាលគួរឆ្វៀលដីប៉ះពាល់តាមការស្នើសុំរបស់ពលរដ្ឋ។
លោកមិនរំពឹងថា តួលេខបញ្ហាដីធ្លីនឹងមិនថយចុះទេ ក្នុងពេលដែលប្រទេសកំពុងអភិវឌ្ឍន៍៖ «ប៉ុន្តែយើងក៏កោតសរសើរ ហើយលើកទឹកចិត្តបន្តទៀតដែរ ចំពោះសមត្ថកិច្ចអាជ្ញាធររាជធានីក្នុងអាណត្តិថ្មីរបស់ឯកឧត្ដម ប៉ា សុជាតិវង្ស នេះ យើងឃើញថា មិនមានអ្វីដែលខ្លាំងក្លាដូចពីមុនទេ ទោះបីថា មាននូវបញ្ហាជ្រោយចង្វារនេះ រាងចាស់ដៃបន្តិច ដែលទៅរឹបអូសយកដីគាត់ ហើយផ្ដល់ឲ្យគាត់តែ ១០%។ ទោះជាយ៉ាងណា ក៏មានផ្ដល់ដំណោះស្រាយហ្នឹងក៏ល្អដែរ គឺ ១០% ដែរ ហើយសម្រាប់អ្នកដែលក្រីក្រ អ្នកដែលមានផ្ទះតូចនៅជ្រោយចង្វារហ្នឹង ក៏ទទួលបានផ្ទះល្វែងដែលមានតម្លៃចាប់ពី ៦ម៉ឺនទៅជាង ១០ម៉ឺនដុល្លារដែរ។ ក៏ប៉ុន្តែរាងមិនសមស្រប មិនយុត្តិធម៌សម្រាប់ពួកគាត់ ដូចគាត់ដែលមកតវ៉ានេះ គាត់មានដីធំ អ្នកខ្លះមានដល់ ១២ហិកតារអី គាត់មានប្លង់កម្មសិទ្ធិទៀត ហើយគេឲ្យគាត់តែ ១០%។ អ៊ីចឹង វារាងអយុត្តិធម៌សម្រាប់ពួកគាត់»។
តំណាងពលរដ្ឋជ្រោយចង្វារ លោក ជា សុផាត ថ្លែងកាលពីថ្ងៃទី៦ ខែមីនា ថា ពលរដ្ឋប៉ះពាល់ដីធ្លីមានឈ្មោះក្នុងបញ្ជីចំនួន ១២៦គ្រួសារ ហើយផ្ទៃដីជិត ២០០ហិកតារ។ ក្រៅពីនេះ មានពលរដ្ឋមិនមានឈ្មោះក្នុងបញ្ជីរាប់រយគ្រួសារទៀត ដែលមិនទាន់ទទួលបានដំណោះស្រាយអ្វីទាំងអស់ ចាប់តាំងអំឡុងឆ្នាំ២០១៣ មក។
ទោះជាមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមកទទួលញត្តិរបស់ពលរដ្ឋនៅព្រឹកថ្ងៃទី១៥ ខែមីនា ក្ដី ក៏មន្ត្រីនោះមិនបានសន្យាថា នឹងដោះស្រាយយ៉ាងណាទេ។ ប៉ុន្តែពលរដ្ឋនៅតែរំពឹងថា លោកនាយករដ្ឋមន្ត្រីនឹងពិនិត្យដំណោះស្រាយបញ្ហានេះ៕