Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សព​លោក សុខ អាន ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ​នៅ​ម៉ោង​៥​ព្រឹក​ព្រលឹម

$
0
0

សព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ត្រូវ​បាន​ដឹក​ពី​ប្រទេស​ចិន តាម​យន្តហោះ​ពិសេស​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​កាល​ពី​ម៉ោង ៥​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ ខែ​មីនា នេះ។

អម​ដំណើរ​សព​ដឹក​ពី​ប្រទេស​ចិន គេ​ឃើញ​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គ្រួសារ​សព និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។ ពួក​គេ​ចុះ​តាម​ទ្វារ​យន្តហោះ​ខាង​មុខ​ទី​មួយ។ ចំណែក​សព​លោក សុខ អាន ត្រូវ​បាន​លើក​មក​តាម​ច្រក​ទ្វារ​ទី​២។ សព​លោក សុខ អាន ត្រូវ​បាន​ដឹក​បន្ត​ដោយ​រថយន្ត​ពេទ្យ ឬ​ហៅ​ថា​ឡាន​សាមុយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ទៅ​តម្កល់​នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​នៅ​ផ្ទះ​លេខ​៧០ ផ្លូវ​២១៤ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ដន្លង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវការ​ថា លោក សុខ អាន បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ជាង ៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា ក្នុង​អាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ប៉ុន្តែ​ប្រភព​មួយ​ចំនួន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​មរណភាព​នៅ​ម៉ោង​ជាង ៩​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​មីនា ក្រោយ​ពេល​ដែល​លោក​ត្រូវ​គេ​បញ្ជូន​មក​ពី​ប្រទេស​បារាំង ដល់​ប្រទេស​ចិន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ពេល​នោះ មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​ជា​ព័ត៌មាន​មិន​ពិត។

មុន​ប៉ុន្មាន​ថ្ងៃ​នៃ​មរណភាព​របស់​លោក គឺ​នៅ​ថ្ងៃ​ទី​១៣ មីនា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ប្រោស​ព្រះរាជទាន​គោរមងារ​លោក​ជា «សម្ដេច​វិបុល​បញ្ញា សុខ អាន»

ក្រៅ​ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន គ្រួសារ​សព និង​អគ្គរដ្ឋទូត​ប្រទេស​ចិន មិន​ឃើញ​មាន​សមាជិក​សភា​បក្ស​ប្រឆាំង និង​ពលរដ្ឋ​មក​ទទួល​សព​លោក សុខ អាន ទេ។ ចំណែក​កង​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ ត្រូវ​បាន​ពង្រាយ​ការពារ​សុវត្ថិភាព​ពេញ​ព្រលាន​យន្តហោះ និង​តាម​បណ្តោយ​ផ្លូវ​ដង្ហែ​សព​ពី​ព្រលាន​យន្តហោះ​ទៅ​ផ្ទះ​សព​លោក សុខ អាន។

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក សុខ អាន ដែល​ត្រូវ​ចំណាយ​ថវិកា​ជាតិ ៣​ប៊ី​លាន​រៀល ឬ​ប្រហែល ៧៥​ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​ធ្វើ​ពិធី​បុណ្យ​សព សុខ អាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles