អង្គការការពារសិទ្ធិមនុស្សអន្តរជាតិឈ្មោះ ហ្វ្រន់ឡាញ ឌីហ្វែនឌឺ (Frontline Defenders) ដែលធ្វើការទាក់ទងនឹងការការពារអ្នកការពារសិទ្ធិមនុស្ស និងមានមូលដ្ឋាននៅទីក្រុង ឌូប្ល៊ីន (Dublin) ប្រទេសអៀរឡង់ដ៍ (Ireland) នៅថ្ងៃពុធ ទី១៥ មីនា បានថ្កោលទោសសេចក្តីសម្រេចរបស់តុលាការកំពូល ដែលពន្យារពេលបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) រួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី។
កាលពីថ្ងៃទី១៣ ខែមីនា តុលាការកំពូល បានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍បន្តឃុំខ្លួនមន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សអាដហុក ដែលសេចក្តីសម្រេចនេះហួសរយៈពេលឃុំខ្លួនបណ្ដោះអាសន្នរយៈពេល ៦ខែ កំណត់ដោយច្បាប់។ ជាមួយគ្នានេះដែរ តុលាការកំពូល ក៏គ្រោងនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ចរិយា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។
អង្គការ ហ្វ្រន់ឡាញ ឌីហ្វែនឌឺ (Frontline Defenders) ក៏អំពាវនាវឲ្យអាជ្ញាធរដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនេះ រួមទាំងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទម្លាក់ចោលនូវរាល់បទចោទប្រកាន់ប្រឆាំងនឹងពួកគេទាំងអស់។ អង្គការនេះជឿថា មុនពេលចាប់ខ្លួន មន្ត្រីសិទ្ធិមនុស្សទាំងប្រាំរូបនេះ បានបំពេញការងាររបស់ពួកគេដោយសន្តិវិធី និងស្របច្បាប់ ក្នុងការរាយការណ៍ករណីរំលោភបំពានសិទ្ធិមនុស្សនានានៅកម្ពុជា៕