អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ចេញផ្សាយលិខិតបំភ្លឺនៅថ្ងៃទី១៥ មីនា ថា គ្មានជនជាប់ឃុំណាម្នាក់ត្រូវបានដោះលែងឲ្យនៅក្រៅពន្ធនាគារ ក្នុងរយៈពេលដែលមិនទាន់អនុវត្តទោសពន្ធនាគារចប់សព្វគ្រប់នោះឡើយ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងនៅក្នុងលិខិតបំភ្លឺនេះថា គ្រប់ករណីដែលបញ្ជូនជនជាប់ឃុំទៅសម្រាកព្យាបាល ឬសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅ សុទ្ធតែមានការដឹងឮ និងការអនុញ្ញាតពីព្រះរាជអាជ្ញា។
បន្ថែមពីនេះ លោកបញ្ជាក់ថា គ្មានជនជាប់ឃុំណាម្នាក់ត្រូវបានដោះលែងឲ្យនៅក្រៅពន្ធនាគារក្នុងរយៈពេលដែលមិនទាន់អនុវត្តទោសពន្ធនាគារចប់សព្វគ្រប់នោះឡើយ ហើយអគ្គនាយកដ្ឋានពន្ធនាគារក៏ពុំដែលស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយទោសទណ្ឌិតណាម្នាក់ ដែលជាប់ទោសពីបទគ្រឿងញៀនឡើយ។
ការឆ្លើយបំភ្លឺនេះ នៅក្រោយពេលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា អ្នកទោសដែលមានលុយ និងអ្នកមានអំណាចស្នាក់នៅក្រៅពន្ធនាគារ ពិសេសមកស្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី ក្រោមរូបភាពថាមកទទួលសេវាព្យាបាលជំងឺ ក៏ប៉ុន្តែអនុប្រធានមន្ទីរពេទ្យនេះបដិសេធកាលពីថ្ងៃទី១៣ មីនា៕