
រដ្ឋាភិបាលសម្រេចផ្ដល់ប្រាក់ឈ្នួលគោលចំនួន១៧០ដុល្លារទៅដល់កម្មករ កម្មការិនីនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងដេរស្បែកជើង សម្រាប់ឆ្នាំ២០១៨ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញភ្លាមៗនៅក្រោយកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ស្ដីពីការចរចាប្រាក់ឈ្នួលគោលនៅរសៀលថ្ងៃទី៥ ខែតុលា នេះអោយដឹងថា ក្រសួងដែលយោងទៅលើបទដ្ឋានច្បាប់នានា តាមសំណើរបស់និយោជក សហជីព និងគណៈកម្មការប្រឹក្សាការងារ រួមទាំងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងបានសម្រេចបន្ថែមចំនួន ៥ដុល្លារ ទៅលើតួលេខចំនួន១៦៥ដុល្លារ នៃសំណើសុំដំឡើងប្រាក់ឈ្នួលគោល ដែលសម្រេចដោយគណៈកម្មការប្រឹក្សាការងារ។ ដូច្នេះនៅក្នុងឆ្នាំ២០១៨ ដោយចាប់ពីខែមករាទៅ កម្មករនិយោជិកវាយនភណ្ឌ កាត់ដេរ និងដេរស្បែកជើង នឹងទទួលបាន ១៧០ដុល្លារក្នុងមួយខែ សម្រាប់កម្មករពេញសិទ្ធិ និង១៦៥ដុល្លារសម្រាប់កម្មករសាកល្បង។
សេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា ចំពោះកម្មករនិយោជិកដែលទទួលបានប្រាក់ឈ្នួលតាមបរិមាណផលិត ឬហៅថា ស៊ីបុងគឺត្រូវទទួលបានប្រាក់ទៅតាមចំនួនដែលគេអាចធ្វើបានប្រសិនបើប្រាក់ដែលទទួលបានខ្ពស់ជាងប្រាក់ឈ្នួលគោល។ ប្រសិនបើប្រាក់នោះទាបជាងចំនួនប្រាក់ឈ្នួល ភាគីនិយោជកត្រូវបន្ថែមអោយកម្មករនិយោជិក អោយបានស្មើនឹងប្រាក់ឈ្នួលគោល គឺ១៦៥ ឬ១៧០ដុល្លារ។ ចំពោះអត្ថប្រយោជន៍ដទៃទៀតដែលកម្មករនិយោជិកធ្លាប់ទទួលបាន គឺនៅរក្សាដដែល។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា ប្រាក់ខែកម្មករនៅក្នុងឆ្នាំ២០១៨ អាចនឹងមានចំនួនពី ១៨៧ ដល់១៩៨ ដុល្លារប្រសិនបើបូកបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងៗដទៃទៀត។
នៅក្នុងការចរចាប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០១៨នេះ ភាគីសហជីពស្នើសុំ ១៧០ដុល្លារ ភាគីនិយោជកស្នើសុំត្រឹម ១៦២ដុល្លារ ហើយភាគីរាជរដ្ឋាភិបាលសម្របសម្រួលតួលេខ ១៦៥ដុល្លារ។
សម្រាប់ប្រាក់ឈ្នួលគោលរបស់កម្មករនិយោជកក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងដេរស្បែកជើងក្នុងឆ្នាំ២០១៧នេះគឺ ១៥៣ដុល្លារ៕