
ការយាងត្រលប់ពីពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ ពីប្រទេសចិនមក ត្រូវបានស្វាគមន៍ពីអ្នកនយោបាយជើងចាស់ ដែលលោករំពឹងថា មានតែព្រះមហាក្សត្រទេ ដែលអាចបញ្ចប់ជម្លោះនយោបាយនាពេលបច្ចុប្បន្ននេះ។
ចំពោះអ្នកវិភាគនយោបាយវិញលើកឡើងថា ព្រះមហាក្សត្រមានព្រះរាជតួនាទីធំធេងណាស់ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែព្រះអង្គមិនបានប្រើប្រាស់ព្រះរាជតួនាទីនេះទេ ដោយសារតែព្រះអង្គ ហាក់បីដូចខ្លាចគណបក្សកាន់អំណាច។
អតីតឧបនាយករដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ឲ្យដឹងនៅថ្ងៃទី៤ តុលាថា ប្រជាពលរដ្ឋនិងរូបលោកអបអរសាទរ និងស្វាគមន៍ ចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលយាងចូលប្រទេសកម្ពុជាវិញនៅពេលនេះ។
លោក លឺ ឡាយស្រេង ដែលអតីតជារដ្ឋមន្ត្រីក្រសួងព័ត៌មានដែរនោះ មានប្រសាសន៍ថា លោក បានដាក់លិខិតថ្វាយព្រះមហាក្សត្រនៅទីក្រុងប៉េកាំងប្រទេសចិនកាលពីចុងខែកញ្ញា ដើម្បីសុំព្រះរាជអន្តរាគមន៍ដោះស្រាយរឿងនយោបាយ ដែលមានការចាប់ចងមេបក្សប្រឆាំងដាក់គុកនោះ។ លោកបញ្ជាក់ថា ពេលនេះគឺជាពេលវេលាដែលព្រះអង្គត្រូវបំពេញព្រះរាជតួនាទីរបស់ព្រះអង្គដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយ។
រដ្ឋធម្មនុញ្ញមាត្រា៨ ចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ រីឯមាត្រា៩ វិញ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីការពារនៃការប្រព្រឹត្តិទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។
កាលពីថ្ងៃទី២៤ កញ្ញា លោក លឺ ឡាយស្រេង បានថ្វាយលិខិតជូនព្រះមហាក្សត្ររៀបរាប់អំពីការវិវឌ្ឍស្ថានការណ៍នៅកម្ពុជា និងសុំព្រះរាជអន្តរាគមន៍ វិបត្តិនយោបាយកំពុងកើតមាននៅពេលបច្ចុប្បន្ន។ លិខិតដដែលនោះបញ្ជាក់ថា ទូលព្រះបង្គំយើងខ្ញុំនឹករលឹកដល់ព្រះអង្គ និងលាយឡំទៅដោយភាពស្រងូតស្រងាត់ ការភិតភ័យព្រមទាំងការបាត់បង់ភាពកក់ក្ដៅក្នុងចិត្ត ព្រោះរស់នៅក្នុងស្ថានភាពដ៏អួអាប់។
លោកបន្ថែមក្នុងលិខិតនោះថា បញ្ហាទាំងនោះ ដោយសារមានការធ្វើវិសោធនកម្មច្បាប់រឹតត្បិតដល់គណបក្សនយោបាយ ការបិទអង្គការអន្តរជាតិ។ លើសពីនេះ វិទ្យុនានា និងសារព័ត៌មានឯករាជ្យ ដែលធ្វើសកម្មភាពរបស់ខ្លួនក្នុងប្រទេសជាយូរណាស់មកហើយ ត្រូវបានបិទ និងធ្វើទុក្ខបុកម្នេញ ពិសេសជាងនេះទៀត គឺទំនាស់កាន់តែខ្លាំងរវាងគណបក្សនយោបាយធំៗពីរ រហូតដល់មើលមុខគ្នាមិនចំ។
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អះអាងថា សេចក្ដីស្រងូតស្រងាត់ក្រៀមក្រំ និងការភិតភ័យទាំងនោះ នឹងបានធូរស្រាលមិនខាន ប្រសិនបើព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់យាងត្រឡប់មកមាតុភូមិវិញ ហើយមានវត្តមាននៅជិត និងនៅជាមួយទូលព្រះបង្គំយើងខ្ញុំនៅក្នុងប្រទេស។
លោកមានជំនឿមុតមាំថា ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់នឹងអាចជួយត្រួសត្រាយផ្លូវធ្វើឱ្យបរិយាកាសអួអាប់សព្វថ្ងៃភ្លឺស្វាង និងប្រើព្រះរាជសិទ្ធិជាអាជ្ញាកណ្ដាលដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីសម្រុះសម្រួលដោះស្រាយទំនាស់រវាងគណបក្សធំៗទាំងពីរនៅពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ទំនាស់រវាងគណបក្សធំៗទាំងពីរមិនបាននាំមកនូវផលចំណេញបន្តិចណាឡើយដល់ភាគីណាមួយ និងប្រទេសជាតិ។ ផ្ទុយទៅវិញមានតែការបែកបាក់ប្រេះឆារវាងខ្មែរ និងខ្មែរ ព្រមទាំងការប្រមាថ ការកៀបសង្កត់ពីអន្តរជាតិមកលើប្រទេសរបស់យើង។
នៅស្របពេល លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ស្នើសុំទៅព្រះមហាក្សត្រ ដើម្បីឲ្យព្រះអង្គចេញមុខដោះស្រាយជម្លោះនយោបាយនេះ។ សមាជិកព្រឹទ្ធសភាអាមេរិក បានស្នើសេចក្ដីសម្រេចមួយ នៅក្នុងកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹងការធ្វើទុក្ខបុកម្នេញ របស់រដ្ឋាភិបាលលោក ហ៊ុន សែន មកលើសំឡេងគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ សេចក្ដីសម្រេចនេះ ធ្វើឡើងក្នុងគោលបំណង ស្វែងរកយុត្តិធម៌ និងការពារសិទ្ធិមនុស្ស និងសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមិនអាច មិនខ្វល់ចំពោះការដាក់គំនាបពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានទេ ព្រោះថា សេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំ ក៏ពឹងផ្អែកលើទីផ្សារសហគមន៍អឺរ៉ុបដែរ។
ចំពោះការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីឲ្យជួយដោះស្រាយរឿងជម្លោះនយោបាយនេះវិញ លោក ឯម សុវណ្ណរា មានប្រសាសន៍ថា ព្រះមហាក្សត្រលំបាកក្នុងការបំពេញព្រះរាជតួនាទីរបស់ព្រះអង្គដែលស្របតាមរដ្ឋធម្មនុញ្ញដោយសារតែព្រះអង្គហាក់ខ្លាចគណបក្សកាន់អំណាចទៅវិញ។
វិបត្តិនយោបាយនៅកម្ពុជាមិនមែនជាលើកទី១នោះទេ ចាប់តាំងពីកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរៀបចំឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៣មក គឺតែងតែមានជម្លោះនៅក្រោយការបោះឆ្នោត។ ឧទាហរណ៍ដូចជាការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣នោះ គណបក្សហ៊្វុនស៊ិនប៉ិចបានឈ្នះការបោះឆ្នោត ប៉ុន្តែគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលចាញ់ឆ្នោតនោះមិនព្រមឡើយ។ ជម្លោះនយោបាយរវាងគណបក្សទាំងពីរកាលណោះ ស្ទើរតែបែងចែកភូមិភាគទឹកដីគ្នាក្នុងការដឹកនាំរវាងគណបក្សទាំងពីរ ប៉ុន្តែដោយសារអតីតព្រះមហាក្សត្រមិនចង់ឃើញជាតិបែកបាក់ ព្រះអង្គបាននិយាយជាមួយរាជបុត្ររបស់ព្រះអង្គគឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការបែងចែកអំណាចគ្នា ពោលគឺសម្ដេចក្រុមព្រះ ធ្វើជានាយករដ្ឋមន្ត្រីទី១ និង លោក ហ៊ុន សែន ដែលភាគីចាញ់ឆ្នោត ធ្វើជានាយករដ្ឋមន្ត្រីទី២។
ក៏ប៉ុន្តែសម្រាប់អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលើកឡើងថា សម្រាប់បរិបទនយោបាយបច្ចុប្បន្នវិញ ព្រះមហាក្សត្រហាក់មានឥទ្ធិពលតិចតូចទៅលើ គណបក្សកាន់អំណាច ដែលព្រះអង្គលំបាកក្នុងការបំពេញព្រះរាជតួនាទីជាអាជ្ញាកណ្ដាល បើសិនជាពុំមានការស្នើសុំពីគណបក្សប្រឆាំងដើម្បីឲ្យជួយដោះស្រាយ ពីបញ្ហាជម្លោះនយោបាយបច្ចុប្បន្នទេនោះ៕