Clik here to view.

អ្នកជំនាញខាងសេដ្ឋកិច្ចលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែធ្លាក់ចុះទៀត បើសិនជាស្ថានភាព នយោបាយ របស់កម្ពុជាមិនមានភាពប្រសើរឡើងវិញ ដោយសារតែអ្នកវិនិយោគមិនហ៊ានវិនិយោគ បន្ថែម និងរដ្ឋាភិបាលមិនទាន់មានគោលនយោបាយអភិវឌ្ឍន៍កសិកម្មឲ្យបានច្បាស់លាស់។
ការពន្យល់របស់អ្នកជំនាញខាងសេដ្ឋកិច្ចនេះ ធ្វើឡើងនៅក្រោយពេលធនាគារពិភពលោក World Bank បានចេញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចឆ្នាំ២០១៧ បង្ហាញថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ បើ ប្រៀបធៀបទៅនឹងឆ្នាំ២០១៦។
ធនាគារពិភពលោកបានចេញរបាយការណ៍ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ មកនៅត្រឹម៦,៨% ក្នុងឆ្នាំ២០១៧ បើប្រៀបធៀបឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចនេះគឺ៧%។
នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ មិថុនា បានលើកពីហេតុផលកំណើនសេដ្ឋកិច្ចថយ ចុះតិចតូចនេះ គឺការនាំចេញវាយនភណ្ឌមានការថយចុះ ខណៈដែលការនាំចេញគ្រឿងយន្ត បរិក្ខារ និងគ្រឿងបន្លាស់អគ្គិសនីមានការកើនឡើង។
ហានិភ័យដែលអាចធ្វើឲ្យលទ្ធផលជាក់ស្ដែងទាបជាងអ្វីដែលព្យាករណ៍ក្នុងទស្សនវិស័យនេះ មានដូចជា ការថមថយល្បឿនយ៉ាងគំហុកនៃសេដ្ឋកិច្ចប្រទេសចិន និងភាពមិនប្រាកដប្រជាដែល អាចកើតមានឡើងពាក់ព័ន្ធនឹងការបោះឆ្នោត។
អ្នកជំនាញផ្នែកកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា វិស័យកសិកម្មជាផ្នែកមួយដ៏ធំ ក្នុងការជួយ កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែកំណើនពីវិស័យកសិកម្មបានប្រមាណជាង៣០% ទេ ដែលកំណើននេះ នៅតិចនៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាកាលពីថ្ងៃទី២ ខែមីនា ថា តាមការព្យាករនៅឆ្នាំ២០១៧ សេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានក្នុងរង្វង់៧% ក្នុងនោះកំណើន ក្នុងវិស័យកសិកម្មរំពឹងថា នឹងល្អប្រសើរឡើងបន្តិច ចំពោះកំណើននៃវិស័យកាត់ដេរនឹងរើបឡើងជាងឆ្នាំ២០១៦ ដោយឡែកវិស័យសំណង់ និងអចលនវត្ថុ នឹងបន្តថមថយដោយមានការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់។
ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ច័ន្ទ សុផល ធ្លាប់ប្រាប់អាស៊ីសេរីថា កំណើនសេដ្ឋកិច្ចនឹងឈានទៅដល់ ៧% តាមការព្យាករទុកបាន លុះណាតែប្រទេសមានស្ថិរភាពនយោបាយក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨។ សម្រាប់ឆ្នាំ២០១៨វិញ ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមិនកើនដល់៧%នោះទេ គឺកំណើននេះប្រមាណ៦,៩%។
របាយការណ៍របស់ធនាគារពិភពលោកដដែល ឲ្យដឹងថា ដោយសារប្រាក់ឈ្នួលមានការកើនឡើង ហើយតម្លៃផលិតផលនៃការនាំចេញមានការថយចុះ ហើយកំណើននៃការនាំចេញផលិតផលវាយនភណ្ឌបានថយចុះមកនៅត្រឹម៥,៤% ក្នុងឆមាសទី១ ឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ២០១៦ ក្នុងរយៈពេល ដូចគ្នាគឺមានចំនួន៨,៤%។
ការថយចុះនៃចំណូលពីវិស័យវាយនភណ្ឌ និងសំណង់ អាចបង្កផលប៉ះពាល់ដល់ការរកចំណូល របស់ប្រជាពលរដ្ឋក្រីក្រ ដោយសារចំនួនម៉ោងធ្វើការបន្ថែម ឬចំនួនថ្ងៃធ្វើការបន្ថែមអាចមានការ ថយចុះ។
ទោះបីជាយ៉ាងនេះក្ដី លោក បណ្ឌិត យ៉ង សាំងកុមារ បន្ថែមថា វិស័យវាយនភណ្ឌ មិនមែនជាប្រភពចំណូលលើកស្ទួយ សេដ្ឋកិច្ចខ្លាំងនោះទេ គឺវិស័យកសិកម្មមានសក្ដានុពលខ្លាំងជាង ប៉ុន្តែវិស័យកសិកម្ម មិនត្រូវបានរដ្ឋាភិបាលមានវិធានការប្រាកដប្រជានៅឡើយ ដើម្បីពង្រឹងវិស័យនេះ ដែលជាប្រភពចំណូលដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ស្ថានភាពនយោបាយមិនល្អនាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចកាន់តែធ្លាក់ចុះថែមទៀត ដោយសារបាត់បង់អ្នកវិនិយោគ។ ហើយការរំលោភសិទ្ធិមនុស្សកើតមានឡើងនៅក្នុងសង្គម ការចាប់ចងមេបក្សប្រឆាំង មិនមែនជាបរិយាកាសនយោបាយល្អសម្រាប់អ្នកវិនិយោគនោះទេ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរា មានប្រសាសន៍ថា លោកព្រួយបារម្ភ នៅពេលស្ថានភាពនយោបាយមិនទាន់ទៅរកភាពប្រក្រតីឡើងវិញ ពិសេសរដ្ឋាភិបាលកម្ពុជា អាច រងសម្ពាធពីសហគមន៍អន្តរជាតិកាន់តែខ្លាំងឡើង ពិសេសសហគមន៍អឺរ៉ុប ដែលទីផ្សារវិស័យវាយនភណ្ឌ របស់កម្ពុជាគឺពឹងផ្អែកយ៉ាងខ្លាំងនៅសហគមន៍អឺរ៉ុបនេះ។
លោកបន្ថែមថា បើសិនជាសហគមន៍អឺរ៉ុប បិទទីផ្សារកម្ពុជា នៅពេលនោះកម្ពុជានឹងមានវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀត គឺវិបត្តិសេដ្ឋកិច្ច និងវិបត្តិពលរដ្ឋឥតការងារធ្វើកាន់តែកើនឡើង។
ការនាំចេញគ្រឿងបរិក្ខារ និងគ្រឿងបន្លាស់អគ្គិសនីមានការកើនឡើង ដែលជួយកាត់កងនៃការធ្លាក់ចុះកំណើននាំចេញផលិតផលវាយនភណ្ឌបានបានមួយផ្នែក។ ចំពោះវិស័យទេសចរវិញ បន្តកើនឡើងពី៥% នៅឆ្នាំ២០១៦ កើនដល់ជាង១៨%ក្នុងរយៈពេល ៦ខែ ដំបូងនៅឆ្នាំ២០១៧។
នៅក្នុងរបាយការណ៍នេះ ក៏លើកពីភាពចាំបាច់ត្រូវមានវិធានការកាត់បន្ថយផលប៉ះពាល់ ដើម្បីជួយ គាំទ្រដល់គ្រួសារនៅតាមតំបន់ជនបទ ដែលរងផលប៉ះពាល់ដោយសារតម្លៃកសិផលធ្លាក់ចុះថោក។ លើសពីនេះ ក៏ត្រូវមានការពិនិត្យតាមដានឲ្យបានល្អិតល្អន់លើផលប៉ះពាល់ជាអវិជ្ជមាន ដែលអាចកើតមានឡើង ដោយសារការធ្លាក់ចុះវិស័យវាយនភណ្ឌ និងសំណង់។
ការអនុវត្តដោយជោគជ័យនោះគឺ ត្រូវមានសសរស្ដម្ភសំខាន់ចំនួនពីរ ទី១ ជំនួយសង្គម ទី២ សន្តិសុខសង្គម ដែលបានដាក់ចេញក្រោមក្របខ័ណ្ឌគោលនយោបាយជាតិស្ដីពី កិច្ចគាំពារសង្គមឆ្នាំ២០១៦ ឆ្នាំ២០២៥ នឹងជួយការពារគ្រួសារដែលរស់នៅតាមតំបន់ជនបទ មិនឲ្យធ្លាក់ចូលទីក្នុងភាពក្រីក្រ ឡើងវិញ៕