
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៥ ខែតុលា ថា ចាប់ពីថ្ងៃទី១៥ ខែ តុលា តទៅយានយន្តធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅ ឬស្ពាន លី យ៉ុងផាត់ នឹងមិនត្រូវបង់ប្រាក់ទៀតទេ។
លោក ហ៊ុន សែន បញ្ជាក់ថា គឺរដ្ឋាភិបាលនឹងទិញស្ពាននោះយកមកគ្រប់គ្រងវិញ។ លោកបានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាចំណាត់ការនេះគឺដើម្បីដោះស្រាយការលំបាក និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋ។
ស្ពានព្រែកព្នៅឆ្លងកាត់ទន្លេសាបតភ្ជាប់ ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅទៅផ្លូវជាតិលេខ៦អា។ ស្ពាននេះមានប្រវែងជិត ១ពាន់ម៉ែត្រ(៩៩៦,២ ម) ទទឹង១៤ម៉ែត្រត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០១០ ជាប្រភេទស្ពានបង់ប្រាក់វិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភីគ្រុប(LYP Group) របស់លោក ឧកញ៉ា លី យ៉ុងផាត់ ក្នុងទឹកប្រាក់ជាង ៤៣លានដុល្លារ( ៤៣.៥៥០.០០០) ក្នុងរយៈពេល៣០ឆ្នាំ។ កន្លងទៅរថយន្តគ្រប់ប្រភេទត្រូវបង់ប្រាក់នៅពេលឆ្លងកាត់ស្ពាននេះ ហើយមានតែអ្នកថ្មើរជើង អ្នកជិះកង់ ម៉ូតូ រ៉ឺម៉កទេសចរណ៍ និងគោយន្តទេ ដែលមិនបង់ប្រាក់។
ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី នៅពេលនេះគឺស្របពេលដែលស្ពានមិត្តភាពខ្មែរជប៉ុន ឬស្ពានជ្រោយចង្វាទី១ ដែលឆ្លងកាត់ទន្លេសាបដែរត្រង់ជ្រោយចង្វាត្រូវអាជ្ញាធរប្រកាសផ្អាក មិនអោយឆ្លងកាត់បណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជួសជុលដោយសារស្ពាននេះមានសភាពចាស់ទ្រុឌទ្រោម៕