Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​ស្រែ​អំពិល​ស្រុក​កៀនស្វាយ​បារម្ភ​អត់​ដី​សង់​លំនៅឋាន

$
0
0

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ស្រែ​អំពិល ស្ថិត​ក្នុង​ភូមិស្ដៅកន្លែង៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ជាច្រើន​គ្រួសារ កំពុង​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​មិន​ផ្ដល់​ដី​ឲ្យ​ពួក​គាត់​ដើម្បី​សាងសង់​លំនៅឋាន​ឡើង​វិញ ក្រោយ​ពី​ទាហាន​បាន​បង្ខំ​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ទាំង​តក់ក្រហល់ ដើម្បី​យក​ដី​ពង្រីក​ផ្លូវ។ ក្រៅ​ពី​ព្រួយ​បារម្ភ ក្រុម​ពលរដ្ឋ​ក៏​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ត្រូវ​ស្វែងរក​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់។

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ស្រែ​អំពិល ព្រួយ​បារម្ភ​ថា ពួក​គាត់​មិន​អាច​ទៅ​រក​កន្លែង​ណា​ផ្សេង ដើម្បី​តាំង​ទី​លំនៅឋាន​ឡើង​វិញ​ឡើយ ប្រសិន​បើ​អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​នា​ពេល​បច្ចុប្បន្ន​នេះ។ ការ​ព្រួយ​បារម្ភ​នេះ ស្រប​ពេល​ពលរដ្ឋ​នៅ​ភូមិ​ស្ដៅកន្លែង៥ ប្រកាស​មិន​ប្រឆាំង​ជំទាស់​នឹង​គម្រោង​ពង្រីក​ផ្លូវ​របស់​រដ្ឋាភិបាល​ឡើយ ហើយ​ពួក​គាត់​សុខ​ចិត្ត​រុះរើ​ផ្ទះ​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ និង​បង្កើត​ជា​កូន​រោង​រស់នៅ​កន្លែង​ចាស់​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ។

ម្ចាស់​ផ្ទះ​ឈើ​ប្រក់​ដោយ​ស័ង្កសី​ស្ថិត​ក្នុង​ភូមិ​ស្ដៅកន្លែង៥ ឃុំ​ដីឥដ្ឋ លោកស្រី ដុន ហាន ថ្លែង​ប្រាប់​អាស៊ីសេរី​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ មាន​កម្លាំង​ទាហាន​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ណែនាំ​ឲ្យ​លោកស្រី​រុះរើ​ផ្ទះ​ទាំង​គ្មាន​ផ្ដល់​ដំណឹង​ជា​មុន និង​គ្មាន​និយាយ​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ដូចជា​លោកស្រី​ឡើយ៖ «យើង​ទុក​គេ​រុះ អនាគត​ទៅ​ខ្ញុំ​គ្មាន​លុយ​ទិញ​ឈើ។ អ៊ីចឹង​ខ្ញុំ​រុះ ទាំងអស់​គ្នា​ស្ម័គ្រ​ចិត្ត​រុះ ធ្វើ​រោង​នៅ​ហ្នឹង​វិញ កុំ​ឲ្យ​គេ​ថា​ប្រឆាំង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល»

លោកស្រី ដុន ហាន បន្ត​ថា លោកស្រី​បាន​មក​រស់នៅ​ក្នុង​ភូមិ​ស្ដៅកន្លែង៥ តាំង​ពី​ឆ្នាំ​១៩៩៣ ហើយ​ក៏​មាន​សៀវភៅ​គ្រួសារ និង​បង្កាន់ដៃ​បញ្ជាក់​អំពី​កម្មសិទ្ធិ​កាន់​កាប់​ទំហំ​ផ្ទៃ​ដី​ដែរ។ លោកស្រី​សំណូមពរ​ដល់​អាជ្ញាធរ កុំ​បណ្ដេញ​គ្រួសារ​លោកស្រី និង​គួរ​តែ​ផ្ដល់​ដី​បឹង​ស្ថិត​ក្នុង​ទីតាំង​ដដែល​សម្រាប់​ប្រជាពលរដ្ឋ​អាច​សាងសង់​លំនៅឋាន​ឡើង​វិញ ដោយសារ​កន្លែង​ចាស់ ពលរដ្ឋ​អាច​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ប្រាំង និង​ធ្វើ​ជា​កម្មករ​សំណង់​ដើម្បី​ចិញ្ចឹម​ជីវិត​បាន។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​បាន​ផ្ដើម​កែលំអ​ផ្លូវ​ស្រែ​អំពិល​ឡើង​វិញ​ពី​ផ្លូវ​លំ​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ ចាប់​ពី​ចំណុច​ថ្នល់​ជាតិ​លេខ​១ ក្នុង​ឃុំ​ដីឥដ្ឋ និង​ឃុំ​ឈើទាល ទៅ​ដល់​ឃុំ​ព្រែកដួង ដែល​មាន​ប្រវែង​ប្រហែល ១០​គីឡូម៉ែត្រ។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ថោង សារី បញ្ជាក់​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​រុះរើ​ផ្ទះ គឺ​មាន​ប្រហែល ១៧០​គ្រួសារ ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ និង​ឃុំ​ឈើទាល ហើយ​កំពុង​ទាមទារ​ស្វែងរក​ដំណោះស្រាយ​ដូច​គ្នា គឺ​ចង់​បាន​ដី​ល្មម​អាច​សាងសង់​លំនៅឋាន​ឡើង​វិញ។ លោក​ថ្លែង​ថា ដំបូង​ឡើយ ពលរដ្ឋ​ខ្លះ​ដែល​មក​ទិញ​ដី ឬ​មក​តាំង​លំនៅឋាន​តាម​បណ្ដោយ​ផ្លូវ​ស្រែ​អំពិល​នេះ គឺ​អាជ្ញាធរ​មិន​បាន​ប្រាប់​ថា​ជា​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​ឡើយ៖ «ពលរដ្ឋ​ទិញ​អស់​ពីរ​បី​ជី អាជ្ញាធរ​អត់​មាន​បានប្រាប់​ថា​ដី​ចំណី​ផ្លូវ​ផង​ហ្នឹង»

លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​ផ្ដល់​ដី​សមរម្យ​នៅ​កន្លែង​ចាស់​ដើម្បី​សង់​ផ្ទះ ហើយ​ត្រូវ​ជម្លៀស​ចេញ​ទៅ​កន្លែង​ផ្សេង គឺ​ពលរដ្ឋ​ស្នើ​ឲ្យ​ផ្ដល់​កន្លែង​ថ្មី​នោះ​ស្ថិត​នៅ​ក្បែរ​ទីប្រជុំជន ដែល​អាច​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​សមរម្យ​ដូច​កន្លែង​ចាស់។

ជុំវិញ​គម្រោង​កែលំអ​ផ្លូវ​ស្រែ​អំពិល​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល។

ចំណែក​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា តាម​ផ្លូវ​ច្បាប់ និង​គោលការណ៍​សិទ្ធិ​មនុស្ស មុន​មាន​ការ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ ឬ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ទីតាំង​រស់នៅ​បច្ចុប្បន្ន​របស់​ពួក​គាត់ អាជ្ញាធរ​គួរ​តែ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជា​មុន​សិន៖ «ពួក​គាត់​ម្នាក់ៗ​បាន​រស់នៅ​ទីតាំង​នោះ​ទើប​តែ​រយៈពេល​ដែល​ពួក​គាត់​អះអាង​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ អ៊ីចឹង​គួរ​ណាស់​អាជ្ញាធរ​ធ្វើ​ការ​ពិនិត្យ និង​ជជែក​ជាមួយ​អ្នក​អភិវឌ្ឍន៍​ហ្នឹង ដើម្បី​រក​ទីតាំង​ណា​សមរម្យ​ឲ្យ​ពួក​គាត់»

លោក​ថ្លែង​ថា ការ​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ទៅ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​អស់​ជាច្រើន​ឆ្នាំ ដោយ​គ្មាន​ការ​ហាមឃាត់​តាំង​ពី​ដំបូង​មក គឺ​ជា​កំហុស​របស់​អាជ្ញាធរ ហើយ​ចុង​ក្រោយ​ការ​សម្រេច​បណ្ដេញ​ពលរដ្ឋ​ចេញ​វិញ​ដោយ​គ្មាន​ស្វែងរក​ដំណោះស្រាយ គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់​រាន​របស់​ពលរដ្ឋ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា រដ្ឋាភិបាល​មាន​បន្ទុក​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​គ្រប់​រូប ដូច្នោះ​គួរ​តែ​ស្វែងរក​ទីតាំង​ណា​មួយ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ចាប់​ផ្ដើម​មុខ​របរ និង​រស់នៅ​ដូច​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles