ការឈូសឆាយស្ថាបនាផ្លូវតាមតំបន់ខ្សែក្រវាត់ព្រំដែនខេត្តរតនគិរី ជាប់ខេត្តកន្ទុំ និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ជាលើកដំបូង ដើម្បីអភិវឌ្ឍវិស័យគមនាគមន៍តាមតំបន់ព្រំដែន បានលទ្ធផលប្រមាណ ៥០គីឡូម៉ែត្រហើយ។ រីឯអាជ្ញាធរមូលដ្ឋានដែលមានប្រជាពលរដ្ឋសង់លំនៅឋាននៅកៀកនឹងខ្សែក្រវាត់ព្រំដែនដែលអាចប៉ះពាល់ទៅនឹងគម្រោងធ្វើផ្លូវ ត្រៀមអប់រំប្រជាពលរដ្ឋអំពីការអភិវឌ្ឍផ្លូវនេះ។
ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងដែលសង់នៅកៀកខ្សែក្រវាត់ព្រំដែនក្នុងភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្ដូងមាស អាចប៉ះពាល់ដល់ការស្ថាបនាផ្លូវតាមខ្សែក្រវាត់ព្រំដែន ក៏ប៉ុន្តែមន្ត្រីមូលដ្ឋានអះអាងថា នឹងចលនាឲ្យអ្នកភូមិប្ដូរកន្លែងរស់នៅ ហើយផ្តល់ដីសម្រាប់ការស្ថាបនាផ្លូវនេះ។
កងវិស្វកម្មនៃកងខេមរភូមិន្ទ ចាប់ធ្វើការឈូសឆាយផ្លូវចាប់ពីបង្គោលព្រំដែនលេខ៣០ ចំណុចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីដើមខែមករា រហូតបច្ចុប្បន្នបានមកដល់បង្គោលព្រំដែនលេខ២៥ ឋិតក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស មានប្រវែងប្រមាណ ៥០គីឡូម៉ែត្រ។
មេឃុំញ៉ាង លោក រចំ សឿន បញ្ជាក់នៅថ្ងៃទី២៥ ខែកុម្ភៈ ថា តំបន់ដែលកងវិស្វកម្មកំពុងឈូសឆាយផ្លូវ គឺជាភូមិប្រជាពលរដ្ឋសង់លំនៅឋាននៅចម្ងាយពី ២០ ទៅ ៥០ម៉ែត្រពីខ្សែក្រវាត់ព្រំដែន។ ហេតុនេះ ប្រសិនបើគ្មានជម្រើស អាជ្ញាធរនឹងរកដីនៅទីតាំងផ្សេងសម្រាប់ឲ្យប្រជាពលរដ្ឋតាំងលំនៅឋានថ្មី ហើយស្នើសុំឲ្យប្រជាពលរដ្ឋផ្តល់ទីនោះសម្រាប់ចូលរួមអភិវឌ្ឍផ្លូវតាមខ្សែក្រវាត់ព្រំដែន៖ «ចាំមើលកន្លែងណាត្រូវប៉ះ ឲ្យឃុំទៅមើលជាក់ស្តែង កន្លែងណាយើងអាចវាងបាន។ បើសិនប៉ះ យើងអាចហៅឲ្យគាត់មកសម្របសម្រួលគ្នា»។
ខ្សែក្រវាត់ព្រំដែនពីបង្គោលព្រំដែនលេខ៣០ ទៅទល់នឹងបង្គោលព្រំដែនលេខ១ ចំណុចមុំបីនៃតំបន់កន្ទុយនាគ មានប្រវែងប្រមាណជាង ២០០គីឡូម៉ែត្រ។ រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាបោះបង្គោលព្រំដែនផ្លូវការរួចរាល់ហើយនាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែចាប់ពីបង្គោលព្រំដែនលេខ៣១ ដល់លេខ៣៩ កំពុងឋិតក្រោមការប្រទាញប្រទង់គ្នានៅឡើយ។
មេបញ្ជាការវរនគរបាលការពារព្រំដែនលេខ២០៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី លោក បុត្រ ពិលី កត់សម្គាល់ថា ការស្ថាបនាផ្លូវមិនមានបាតុភាពអ្វីធំដុំជាមួយភាគីវៀតណាម នោះទេ។ ដោយឡែកផ្ទះប្រជាពលរដ្ឋដែលឋិតក្នុងតំបន់ស្ថាបនាផ្លូវ សមត្ថកិច្ចកំពុងរកវិធីដោះស្រាយតាមដែលអាចធ្វើបាន។ លោកថា នៅថ្ងៃទី២៦ ខែកុម្ភៈ ការឈូសឆាយទៅដល់ភូមិតាំងលំនៅឋាន ហេតុនេះអាជ្ញាធរនឹងពិនិត្យដោះស្រាយជាក់ស្តែង៖ «កន្លែងហ្នឹងចំភូមិ មិនដឹងធ្វើម៉េច! ចាំមើលថ្ងៃច័ន្ទ ទៅដល់កន្លែងហ្នឹងហើយ ចាំខ្ញុំឲ្យភូមិចូលរួម»។
តាមការគ្រោងទុក ការស្ថាបនាផ្លូវតាមខ្សែក្រវាត់ព្រំដែននៅខេត្តរតនគិរី ចាប់ពីបង្គោលព្រំដែនលេខ១ ដល់បង្គោលព្រំដែនលេខ៤០ ជាប់នឹងខេត្តមណ្ឌលគិរី នឹងត្រូវធ្វើឲ្យរួចរាល់រយៈពេល ១០០ថ្ងៃ។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា ការស្ថាបនាផ្លូវបានលទ្ធផលល្អ បើទោះបីអាជ្ញាធរវៀតណាម ចង់ឲ្យភាគីកម្ពុជា ធ្វើផ្លូវនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីខ្សែក្រវាត់ព្រំដែនក៏ដោយ។ លោកថា ភាគីកម្ពុជា បានសម្របសម្រួល និងស្ថាបនាផ្លូវនៅកៀកបំផុតពីខ្សែក្រវាត់ព្រំដែនតាមតែអាចធ្វើបាន៖ «កន្លងមកយើងមានបញ្ហាដែរ គេមកឃាត់យើង។ គេចង់ឲ្យយើងថយរហូតដល់ ១០០ម៉ែត្រ។ អត់ទេ! យើងប្រកាន់ជំហររបស់យើង។ គេក៏អត់ធ្វើអ្វីដែរ»។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កងវិស្វកម្មនឹងបន្តធ្វើផ្លូវតាមខ្សែក្រវាត់ព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែននៅឡើយ ជាពិសេសចាប់ពីបង្គោលលេខ៣១ ដល់បង្គោលលេខ៤០ ជាប់ព្រំដែនខេត្តមណ្ឌលគិរី៕