ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត ប្រកាសចាប់ផ្ដើមដំណើរការកម្មវិធីមួយឈ្មោះថា “បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧” ដោយចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ខែកក្កដា ឆ្នាំ២០១៧។ បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត បង្កើតឡើងដើម្បីឃ្លាំមើល ឬសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
កម្មវិធីឈ្មោះ “បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត” ដែលក្រុមអង្គការសង្គមស៊ីវិលបង្កើតឡើងនេះ ដើម្បីរួមចំណែកក្នុងការសង្កេតការណ៍ ឃ្លាំមើល និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត។ កម្មវិធីនេះមានផែនការដាក់ពង្រាយអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលមានប្រមាណជាង ២ម៉ឺនការិយាល័យ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី ឱ្យអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ថា កម្មវិធីនេះគឺត្រូវការមនុស្សប្រមាណ ២ម៉ឺននាក់ ដើម្បីធ្វើសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំងអស់។ លោកថា អ្នកសង្កេតការណ៍នឹងបញ្ជូនលទ្ធផលឆ្នោតមកកាន់ “បន្ទប់ស្ថានការណ៍បោះឆ្នោត” ដើម្បីផ្សាយលទ្ធផលភ្លាមៗតាមដែលអាចធ្វើទៅបាន។
លោក សំ គន្ធាមី៖ «នៅពេលដែលយើងទទួលបានទិន្នន័យនៃការរាប់សន្លឹកឆ្នោតតាមការិយាល័យទាំងអស់ដែលអ្នកសង្កេតការណ៍បានបញ្ជូនមក ទីមួយយើងនឹងផ្សាយព័ត៌មានលទ្ធផលនៃការបោះឆ្នោត ប៉ុន្មានក្រោយដែលអាចធ្វើទៅបាន។ រៀបចំបញ្ចេញរបាយការណ៍បឋមពីលទ្ធផលនៃការបោះឆ្នោតនីមួយៗហ្នឹង។ បោះឆ្នោតឃុំ យើងនឹងចេញរបាយការណ៍ក្នុងយប់ហ្នឹងតែម្ដង»។
នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី បន្ថែមថា ក្រុមការងារនៃបន្ទប់ស្ថានការណ៍បោះឆ្នោត បានធ្វើសំណើទៅសហភាពអឺរ៉ុប រួចហើយ ដើម្បីស្នើសុំជំនួយថវិកាសម្រាប់ផ្គត់ផ្គង់លើការចំណាយរបស់អ្នកសង្កេតការណ៍ម្នាក់ៗ។ លោកថា សហភាពអឺរ៉ុប បានសន្យាផ្ទាល់មាត់ថា នឹងផ្ដល់ជំនួយសម្រាប់អ្នកសង្កេតការណ៍ចំនួន ១ម៉ឺន ២ពាន់នាក់។
លោក សំ គន្ធាមី បញ្ជាក់បន្ថែមទៀតថា ក្រុមការងាររបស់លោកនឹងស្វះស្វែងរកថវិកាបន្ថែមទៀតតាមរយៈមូលនិធិ សម្រាប់ផ្ដល់ឱ្យអ្នកសង្កេតការណ៍ដែលនៅសល់ប្រមាណ ១ម៉ឺន ៣ពាន់នាក់ទៀត ហើយក្នុងម្នាក់ៗ ត្រូវចំណាយប្រមាណ ២២ដុល្លារ។
ក្រុមអង្គការសង្គមស៊ីវិលបានហៅបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតនេះថា “សាក្សីលទ្ធផលបោះឆ្នោត"។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
នាយកប្រតិបត្តិនៃគណៈកម្មាធិការនិចហ្វិក លោក សំ គន្ធាមី ថ្លែងថា ក្រុមរបស់លោកបានបង្កើតកម្មវិធីបែបនេះដែរ កាលពីបោះឆ្នោតអាណត្តិមុន។ លោកថា កាលណោះអ្នកសង្កេតការណ៍មានចំនួនប្រមាណ ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ នៃចំនួនការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលធ្វើឱ្យការប្រមូលទិន្នន័យនៃភាពមិនប្រក្រតីក្នុងការិយាល័យបោះឆ្នោតនៅមានភាពខ្វះចន្លោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប បើកទូលាយចំពោះការសង្កេតការណ៍ទាំងឡាយណាដែលជួយឱ្យការបោះឆ្នោតកាន់តែប្រសើរឡើង។ តែលោកស្នើថា រាល់អ្នកសង្កេតការណ៍ត្រូវទទួលបានការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ៖ «ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះពីអ្នកសង្កេតការណ៍ ពិតជាផ្ដល់សារសំខាន់ដល់ការបោះឆ្នោតប្រព្រឹត្តទៅ ដែលលទ្ធផលចុងក្រោយអាចទទួលបានដោយគណបក្សនយោបាយ។ គ្រាន់តែថា គ.ជ.ប ស្នើសុំឱ្យមានការបណ្ដុះបណ្ដាលឱ្យបានហ្មត់ចត់ ឱ្យចេះច្បាប់ បទបញ្ជា និងនីតិវិធីដើម្បីចៀសវាង ការអនុវត្តទៅផ្ទុយទស្សនៈគ្នា ខាតពេលវេលាក្នុងការដោះស្រាយបញ្ហា»។
អ្នកនាំពាក្យ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប នឹងទទួលចុះឈ្មោះចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែឧសភា សម្រាប់អ្នកសង្កេតការណ៍ជាតិ។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិចាប់ផ្ដើមទទួលចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែឧសភា៕