Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​ប្រឆាំង​ថា​មិន​បាន​ទទួល​លិខិត​ស្នើ​តែងតាំង​ភរិយា​លោក​សម រង្ស៊ី ជា​អនុ​ប្រធាន​បក្ស

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក កឹម សុខា មិន​បាន​ទទួល​លិខិត​ពី​លោក សម រង្ស៊ី ដែល​ស្នើ​ឲ្យ​តែងតាំង​អ្នកស្រី ជូឡុង សូមូរ៉ា ភរិយា​របស់​លោក សម រង្ស៊ី ធ្វើ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។

ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ Fresh News នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ បង្ហោះ​លិខិត​មួយ​ច្បាប់​ដោយ​អះអាង​ថា ជា​ការ​បែក​ធ្លាយ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ឲ្យ​អាស៊ីសេរី ដឹង​ថា នៅ​ពេល​ឃើញ​មាន​ការ​ចុះ​ផ្សាយ​ដូច​នេះ លោក​បាន​សុំ​ការ​បំភ្លឺ​ពី​លោក កឹម សុខា ហើយ​លោក កឹម សុខា ប្រាប់​ថា លោក​មិន​​ដែល​បាន​ទទួល​លិខិត​ដូច​នេះ​ពី​លោក សម រង្ស៊ី ទេ។ លោក​ថា តាម​លោក​ធ្លាប់​ស្គាល់​លោក សម រង្ស៊ី កន្លង​មក ទម្រង់​លិខិត​បែប​នេះ​មិន​មែន​ជា​របស់​លោក សម រង្ស៊ី ទេ«ខ្ញុំ​សួរ​លោក​អនុប្រធាន កឹម សុខា គាត់​ថា​ដូច​គ្មាន​ទេ។ ខ្ញុំ​មើល​សម្ដី​ដែល​សរសេរ​ហ្នឹង​ដូចជា​មិន​មែន​សម្ដី​របស់​លោក​ប្រធាន សម រង្ស៊ី ទេ»

ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា សម្រេច​កំណត់​ថ្ងៃ​២ ខែ​មីនា ខាង​មុខ​ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ​រៀបចំ​រចនា​សម្ពន្ធ​ក្បាល​ម៉ាស៊ីន​បក្ស​ជា​ថ្មី ក៏​មាន​ការ​បង្ហោះ​ព័ត៌មាន​ពី​ក្រុម​សារព័ត៌មាន​ក្នុង​ស្រុក និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​រចនាសម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ថ្មី ដោយ​មាន​លោក កឹម សុខា ជា​ប្រធាន​គណបក្ស និង​មាន​អនុ​ប្រធាន​គណបក្ស ៣​រូប គឺ​លោក យឹម សុវណ្ណ លោក ប៉ុល ហំម និង​អ្នកស្រី មូរ សុខហួរ។ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​ច្រានចោល​ពី​សំណាក់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​លោក ប៉ុល ហំម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles