Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"អយុត្តិធម៌"​ត្រូវ​បាន​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​តាកែវ​សរសេរ​លើ​ស្លាក​សញ្ញា​បក្ស

$
0
0

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ក្រុម នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នេះ នាំ​គ្នា​សរសេរ​ពាក្យ​ថា "អយុត្តិធម៌" លើ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​សាធារណៈ​មួយ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំងល្ពាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​ចោទ​គណបក្ស​ថា បញ្ជូន​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ទៅ គ.ជ.ប ដោយ​គ្មាន​យុត្តិធម៌។ ប៉ុន្តែ​ប្រធាន​គណៈកម្មការ​នាយក​គណបក្ស​នៅ​ខេត្ត​នេះ ច្រានចោល​ការ​ចោទ​ប្រកាន់ និង​អះអាង​ថា ការ​បញ្ជូន​ឈ្មោះ​បេក្ខជន​ធ្វើ​ឡើង​ត្រឹមត្រូវ។

យ៉ាង​ហោច​ណាស់​ផ្ទាំង​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​ផ្ទាំង ត្រូវ​បាន​ក្រុម​ពលរដ្ឋ​ដែល​អះអាង​ថា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​ពី​លើ​ថា "គណបក្ស​សង្គ្រោះ​ជាតិ បក្សពួក​និយម អយុត្តិធម៌​ណាស់! ឃុំ​ត្រាំកក់ លា​ហើយ​បក្ស​សង្គ្រោះ​ជាតិ"។ ពួកគេ​លើក​ឡើង​ថា នេះ​ជម្រើស​ចុង​ក្រោយ​នៃ​ការ​ស្វែង​រក​យុត្តិធម៌ ត្បិត​អី​គណបក្ស​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ។ ជាង​នេះ​ទៅ​ទៀត ក្រុម​នេះ​ព្រមាន​កាត់​ស្លាក​ទាំង​ពីរ​ផ្ទាំង​នេះ​ចោល។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ លោក ភំ ខឿន ដែល​ចូល​រួម​ធ្វើ​សកម្មភាព​នេះ ឲ្យ​អាស៊ីសេរី ដឹង​ថា ក្រុម​ការងារ​គណបក្ស​ស្រុក​ចាត់​តាំង​ក្រុម​ការងារ​ឃុំ-​សង្កាត់ ដោយ​បក្សពួកនិយម ជា​ការ​ចាត់​តាំង​គ្មាន​ការ​ជ្រើសរើស​ពី​មហាជន។ លោក​រំលឹក​ថា រឿងរ៉ាវ​នេះ​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​តាកែវ បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខភាព ៥​រូប ទៅ គ.ជ.ប ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មិន​បាន​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​បោះឆ្នោត​ជ្រើសរើស«ពួក​ខ្ញុំ​អស់​ជម្រើស​មែន​ទែន ព្រោះ​ពួក​ខ្ញុំ​បាន​ដាក់​ញត្តិ​ទៅ​ភ្នំពេញ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។ ក្រោយ​មក​ទៀត ពួក​ខ្ញុំ​ដក​ពាក្យ​ក៏​នៅ​តែ​គ្មាន​ដំណោះស្រាយ»

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ធ្លាប់​ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​បញ្ជូន​បេក្ខភាព​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ នៅ​ទូទាំង​ប្រទេស កើត​ឡើង​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ត្រឹម ១​ភាគរយ​ប៉ុណ្ណោះ តែ​យ៉ាង​នេះ​ក្តី​លោក​ថា គណបក្ស​នៅ​តែ​ព្យាយាម​ដោះស្រាយ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ត្រាំកក់ លោក ប្រាក់ សាវ័ន្ត ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​លោក​បាន​ដោះស្រាយ​តាម​នីតិវិធី​ចំនួន​ពីរ​ដង​មក​ហើយ​ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​ព្រម​ទទួល​យក​ការ​សម្របសម្រួល​ដោយ​ទាមទារ​ចង់​បាន​លេខ​រៀង​ល្អ។ លោក​ឲ្យ​ដឹង​ដែរ​ថា គណបក្ស​បាន​ផ្ដល់​ឱ​កាស​ចុង​ក្រោយ​ដល់​ក្រុម​ទាំង​នោះ​ដែល​មាន​គ្នា ៥​រូប រក​ពលរដ្ឋ​មក​បោះឆ្នោត​គាំទ្រ ប៉ុន្តែ​ពួកគេ​រក​មនុស្ស​មក​បោះ​ឆ្នោត​មិន​បាន​ទេ«គាត់​ទាមទារ​យក​លេខ​ល្អ ប៉ុន្តែ​គណៈកម្មការ និង​ប្រតិបត្តិ​តាម​ឃុំ​អត់​យល់ព្រម ព្រោះ​អ្វីដែល​កន្លងមក​អ្នក​ដែល​នៅ​មុន​គេ​ធ្វើ​បាន​ល្អ ហើយ​កាល​ពី​ឆ្នាំ​២០១៣ បាន​ឈ្នះ ហើយ​គាត់ទើប​មក​ក្រោយ ប៉ុន្តែ​អត់​គិត​មុន​ក្រោយ​អី​ទេ»

ខណៈ​ការ​បោះឆ្នោត​ជិត​ជ្រើស​រើស​ឃុំ-​សង្កាត់ កាន់​តែ​ខិត​ជិត​មក​ដល់ គេ​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ រង​ការ​វាយ​ប្រហារ និង​កើត​មាន​បញ្ហា​ពី​ថ្នាក់ដឹកនាំ​កំពូល​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

​ទាក់ទង​រឿង​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា បញ្ហា​ដែល​កើត​ឡើង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដូច​នេះ អាច​ហេតុផល​ពីរ​យ៉ាង គឺ​ការ​តែងតាំង​បេក្ខជន​បក្សពួក​និយម និង​ករណី​មួយ​ទៀត ក្រុម​អ្នក​តវ៉ា​នោះ​ត្រូវ​បាន​គណបក្ស​មួយ ឬ​ក្រុម​មួយ​យក​ទៅ​បង្កប់​ទៅ​គណបក្ស​ប្រឆាំង​ដើម្បី​បង្ក​បញ្ហា​នៅ​ពេល​ជិត​បោះឆ្នោត«ជា​ឆាក​ល្ខោន​នយោបាយ​មួយ​ដែល​ធ្លាប់​រៀប។ នេះ​យើង​ធ្លាប់​ដឹង​ពី​មុន​មក​ណា។ យើង​ធ្លាប់​ដឹង​មានគណបក្ស​មួយ​រៀបចំ​ជា​កម្លាំង​មនុស្ស​របស់​គេ​ចឹង​ទៅ ហើយ​ជិត​បោះឆ្នោត​ក្រុម​ហ្នឹង ងើប​ឡើង​តវ៉ា​រឿង​អ្វី​មួយ​ទៅ»

គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ត្រាំកក់ លោក ប្រាក់ សាវ័ន្ត  និយាយ​ថា គណបក្ស​គ្មាន​គោលការណ៍​សម្របសម្រួល​ជាមួយ​ក្រុម​ទាំង ៥​នាក់​នេះ​ទេ។ ចំពោះ​ការ​ព្រមាន​កាប់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​ផ្ទាំង​ចោល នៅ​ភូមិ​ត្រពាំងល្ពាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ លោក​ថា ជា​សិទ្ធិ​របស់​ពួកគេ ព្រោះ​ស្លាក​នោះ​គឺ​ក្រុម​សកម្មជន​ទាំង ៥​នាក់​ជា​អ្នក​លើក​ឡើង ប៉ុន្តែ​លោក​ថា បើ​ក្រុម​នេះ​ទៅ​បំផ្លាញ​ស្លាក​គណបក្ស​នៅ​ទីតាំង​ផ្សេង លោក​នឹង​ប្ដឹង​ទៅ​​សមត្ថកិច្ច​ដើម្បី​អន្តរាគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles