សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) ស្នើឲ្យក្រសួងការងារកំណត់រយៈពេលពិភាក្សាសមស្របមួយដើម្បីរៀបចំខ្លួនមុនពេលអនុវត្តមាត្រា១១៦ នៃច្បាប់ស្ដីពីការងារ។ ច្បាប់នេះ បានតម្រូវឲ្យនិយោជកបើកប្រាក់ឈ្នួលជូនកម្មករយ៉ាងហោចណាស់ ២ដងក្នុង១ខែ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ត្រូវការពេលវេលាមួយជួបពិភាក្សាជាមួយក្រសួងការងារ ដើម្បីលើកឡើងពីផលលំបាករបស់ខ្លួនដែលតម្រូវឲ្យបើកប្រាក់ឈ្នួលជូនកម្មករ ២ដង ក្នុង ១ខែនោះ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ថ្លែងនៅថ្ងៃទី២៥ កុម្ភៈ ថា សមាគមទទួលស្គាល់កាតព្វកិច្ចក្នុងការអនុវត្តកិច្ចការនេះ ប៉ុន្តែសមាគមមានការព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានមួយចំនួន ប្រសិនបើមាត្រានេះត្រូវជំរុញឲ្យអនុវត្តភ្លាមៗ ដោយពុំបានកំណត់រយៈពេលអនុគ្រោះសមស្រប ដើម្បីឲ្យនិយោជក និងកម្មករត្រៀមខ្លួនជាមុននោះទេ។
លោកថា បច្ចុប្បន្នការបើកប្រាក់ឈ្នួល គឺផ្អែកលើមូលដ្ឋានសាច់ប្រាក់ដែលត្រូវបើកដោយផ្ទាល់ដល់ដៃកម្មករ កម្មការិនី ហើយត្រូវធ្វើឡើងក្នុងម៉ោងធ្វើការ។ និយោជកជាច្រើនមិនទាន់អាចរៀបចំការបើកប្រាក់ឈ្នួលតាមប្រព័ន្ធធនាគារ ឬតាមប្រព័ន្ធទូទាត់អេឡិចត្រូនិកផ្សេងៗបាននៅឡើយទេ ដែលប្រការនេះនឹងធ្វើឲ្យមានបន្ទុកការងារបន្ថែមដល់ផ្នែករដ្ឋបាល និងគណនេយ្យ ព្រមទាំងចំណាយច្រើនទាំងលើធនធានមនុស្ស ទាំងពេលវេលា និងថវិកា ហើយកាន់តែធ្ងន់ធ្ងរនោះគឺរោងចក្រត្រូវខាតបង់រយៈពេលផលិតកម្មរបស់ខ្លួន៖ «ពីព្រោះឥឡូវយើងចង់ពិភាក្សា យើងចង់ដឹងច្បាស់ថា ក្រសួងចង់អនុវត្តយ៉ាងម៉េច យើងចង់លើកផលលំបាករបស់យើងដើម្បីឲ្យក្រសួងពិចារណា។ ច្បាប់កំណត់អ៊ីចឹង យើងអត់មានសិទ្ធិមិនអនុវត្តទេ គ្រាន់តែលើកផលលំបាកឲ្យក្រសួងដឹងថា គួរពិចារណាថាម៉េចកុំឲ្យខាតពេលវេលាច្រើនពេក»។
ការស្នើនេះ ដោយយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការងារ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងការងារ កាលពីថ្ងៃទី១៥ កុម្ភៈ ផ្អែកតាមទិសដៅអនុវត្តឆ្នាំ២០១៧ នឹងធ្វើការជំរុញការអនុវត្តមាត្រា១១៦ នៃច្បាប់ស្ដីពីការងារ ដែលតម្រូវឲ្យនិយោជកបើកប្រាក់ឈ្នួលជូនកម្មករយ៉ាងហោចណាស់ ២ដងក្នុង១ខែ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីឆ្លើយតបបញ្ហានេះបានទេ នៅថ្ងៃទី២៥ កុម្ភៈ។
ទោះជាយ៉ាងណា ប្រធានកម្មវិធីចងក្រងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ អ្នកស្រី ឆន សុខា មានប្រសាសន៍ថា មានរោងចក្រមួយចំនួនបានអនុវត្តការបើកប្រាក់ឈ្នួលជូនកម្មករ ២ដងក្នុង១ខែនេះហើយ។ ប៉ុន្តែអ្នកស្រីយល់ថា ទោះជាការបើក ២ដង ឬម្ដងក្នុង១ខែក្ដី វាមិនបានទាក់ទងនឹងជីវភាពរបស់កម្មករនោះទេ អ្វីដែលសំខាន់នោះគឺការដំឡើងប្រាក់ឈ្នួលឲ្យបានសមរម្យទើបអាចដោះស្រាយបញ្ហាជូនកម្មករបាន៖ «ចំពោះសំណើដែលរដ្ឋមន្ត្រីគាត់បានមានប្រសាសន៍ទាក់ទងការបើក ២ដងនេះ ក៏មិនអាក្រក់ដែរ។ មួយខែម្ដង ក៏អត់មានបញ្ហា ហើយបើសិនជាកន្លះខែម្ដង វាអាស្រ័យទៅលើខាងនិយោជកថា តើបច្ចេកទេសយ៉ាងម៉េច? ខ្ញុំមិនច្បាស់ទេ»។
លិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី២៣ ខែកុម្ភៈ មានខ្លឹមសារថា និយោជកត្រូវការពេលវេលាពន្យល់កម្មករឲ្យបានច្បាស់លាស់ ពីការបើកប្រាក់ឈ្នួលតាមប្រព័ន្ធអេឡិចត្រូនិក ជូនកម្មករជាមុនសិន ទើបអាចមានលទ្ធភាពបើកប្រាក់ឈ្នួលយ៉ាងហោចណាស់ ២ដងក្នុង១ខែ ដូចដែលច្បាប់កំណត់នេះបាន៕