Clik here to view.

ពលរដ្ឋ ៦គ្រួសារ រស់នៅឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខែត្រស្ទឹងត្រែង ភ័យព្រួយករណីទាហានប្រដាប់អាវុធ ៣០នាក់បានត្រៀមបោះជំរំលើដីកំពុងមានវិវាទរវាងពលរដ្ឋ និងយោធា។ អ្នកភូមិថា ទាហានទាំងនោះទំនងមកពីយោធាវរសេនាធំ ង៤២ ចំណុះឲ្យយោធភូមិភាគ១។
ពលរដ្ឋ ៦គ្រួសាររស់នៅស្រុកសៀមបូក ខែត្រស្ទឹងត្រែង ជាប់ព្រំប្រទល់ខែត្រក្រចេះ ចាត់ទុកការដាក់កម្លាំងទ័ពឈរជើងលើដីមានវិវាទ និងត្រៀមបោះជំរំទ័ពរបស់យោធាវរសេនាធំ ង៤២ ថា បានគំរាមកំហែងពលរដ្ឋ ព្រោះដីកំពុងមានវិវាទជិត ២០ហិកតារនោះ នៅពុំទាន់ដោះស្រាយនៅឡើយ។
តំណាងពលរដ្ឋ ៦គ្រួសារ រស់នៅស្រុកសៀមបូក ខែត្រស្ទឹងត្រែង មានដីឋិតនៅឃុំអូរគ្រឿង ស្រុកសំបូរ ខែត្រក្រចេះ លោក ហុង ចន្ថា ឲ្យដឹងនៅថ្ងៃទី១៣ កញ្ញា ថា ថ្មីៗនេះ ទាហានប្រមាណ ៣០នាក់ បានមករៀបចំទីតាំងដើម្បីត្រៀមបោះជំរំទ័ពក្នុងដីកំពុងមានវិវាទជិត ១០ឆ្នាំហើយ រីឯគណៈកម្មការសុរិយោដីស្រុក និងអាជ្ញាធរពាក់ព័ន្ធក៏កំពុងស៊ើបអង្កេតរឿងនេះដែរ។
លោករំឭកថា កាលពីឆ្នាំ២០១០ យោធា នៃយោធភូមិភាគ១ បានខ្ចីដីពួកគាត់ជិត ២០ហិកតារ ដើម្បីបង្ហាត់កងទ័ពហាត់បាញ់ជាបណ្ដោះអាសន្ន បន្ទាប់មកយោធាទាំងនោះមិនព្រមប្រគល់ដីនោះឲ្យពលរដ្ឋវិញទេ ដោយចោទប្រកាន់ពលរដ្ឋវិញថា កាន់កាប់ដីធ្លីខុសច្បាប់។ លើសពីនេះ យោធាទាំងនោះ បានកាប់បំផ្លាញផលដំណាំរបស់ពួកគាត់ជាបន្តបន្ទាប់ និងហាមមិនឲ្យពួកគាត់អាស្រ័យផលលើដីនៅតំបន់នោះទេ។
លោកបញ្ជាក់ថា ពលរដ្ឋ ៦គ្រួសារបានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៩៧ និងមានអាជ្ញាធរមូលដ្ឋានដឹងឮផង៖ «ខ្ញុំចង់និយាយថា អាជ្ញាធរហាមមិនឲ្យភាគីណាចូលធ្វើអីទេ ដល់ពេលខាងទាហានគេចូលបំពានបាន។ ពួកខ្ញុំចូលធ្វើស្រែចម្ការក៏អត់បាន ឥឡូវចេករបស់ខ្ញុំគេកាប់បង្ហើយ។ គេគំរាមកំហែងយើងហើយ ព្រោះគេទៅមានទាំងប្រដាប់អាវុធទៀត»។
កាលពីខែសីហា ឆ្នាំ២០១៥ អាជ្ញាធរមូលដ្ឋាន រួមទាំងអាវុធហត្ថ និងយោធា បានចុះដាក់ស្លាកហាមឃាត់មិនឲ្យពលរដ្ឋធ្វើចម្ការ ឬអាស្រ័យផលនៅទីតាំងនោះ ដោយសំអាងថា អាជ្ញាធរខែត្រសម្រេចប្រគល់សិទ្ធិឲ្យទៅយោធាភូមិភាគ១ កាលពីអតីតអភិបាលខែត្រក្រចេះ លោក ខាំ ភឿន ជាអភិបាលខែត្រ។
មេឃុំអូរគ្រៀង ស្រុកសំបូរ ខែត្រក្រចេះ លោក កែវ បុប្ផា ឲ្យដឹងថា វិវាទដីធ្លីនោះកំពុងឋិតក្រោមការស៊ើបអង្កេតពីមន្ត្រីជំនាញនៅឡើយ ហេតុនេះប្រសិនបើមានការសាងសង់អ្វីមួយនៅតំបន់នោះគឺជារឿងមិនត្រឹមត្រូវ។ លោកបដិសេធថា បច្ចុប្បន្នដីនៅតំបន់នោះ ពុំមានមន្ត្រីយោធាបោះជំរំទ័ពនោះទេ ហើយអាជ្ញាធរឃុំធ្លាប់ចេញលិខិតហាមឃាត់មិនឲ្យភាគីណាសាងសង់ ដោយរង់ចាំមន្ត្រីជំនាញដោះស្រាយសិន៖ «ឧទាហរណ៍ ពលរដ្ឋសាងសង់លំនៅឋានខ្ញុំអត់ឲ្យគាត់សាងសង់ ហើយខាងទ័ពក៏អត់ធ្វើអីដែរ ដីហ្នឹងកន្លងមកអ៊ីចឹង»។
មេបញ្ជាការរងភូមិភាគ១ លោក នាម អៀង ធ្លាប់បញ្ជាក់ថា ទីតាំងដីដែលយោធាហាត់បាញ់កាំភ្លើងនោះ គឺមេបញ្ជាការភូមិភាគ១ បានស្នើសុំទៅអាជ្ញាធរខែត្រក្រចេះ ដោយមានការឯកភាពពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន។ ចំណែកអភិបាលខែត្រក្រចេះ ក៏សម្រេចយល់ព្រមប្រគល់ដីនោះដល់វរសេនាធំ ង៤២ ចំណុះឲ្យភូមិភាគ១។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខែត្រក្រចេះ ដែលចុះអង្កេតករណីនេះ លោក ប៊ី វ៉ាន់នី យល់ថា ដីដែលពុំទាន់ដោះស្រាយចប់ ស្រាប់តែមានភាគីម្ខាងមកសាងសង់ គឺករណីខុសច្បាប់ដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយដោយយុត្តិធម៌។
លោករកឃើញថា ពលរដ្ឋ ៦គ្រួសារមានលិខិតកាន់កាប់ដីធ្លីរបស់មេឃុំចាស់ តាំងពីឆ្នាំ២០០៥ និងមានសលាកបត្ររបស់ក្រុមនិស្សិតវាស់វែងកាលពីឆ្នាំ២០១២ ហេតុនេះបើយោធាចង់គ្រប់គ្រងដីនោះជាសម្បត្តិរដ្ឋគួរតែមានការដោះដូរឲ្យបានសមរម្យ៖ «ធ្វើបែបហ្នឹងវារំលោភនីតិវិធីនៃការដោះស្រាយ ហើយការព្យាយាមបំបាត់ភស្តុតាងលើដី វាជាការមួយដែរមានន័យថា ការដោះស្រាយហ្នឹងវាអត់មានភាពស្មើគ្នាចំពោះមុខច្បាប់»។
កាលពីខែកក្កដា ឆ្នាំ២០១៥ ពលរដ្ឋជាង ៣០នាក់ រស់នៅឃុំអូរឫស្សីកណ្ដាល បានផ្ដិតមេដៃធ្វើជាសាក្សីដឹងឮថាដីនោះឋិតនៅភូមិអូរកណ្ដៀរ ឃុំអូរគ្រៀង ជាប់ផ្លូវជាតិលេខ ៧អា ពិតជាដីកម្មសិទ្ធិគ្រប់គ្រងរបស់ពលរដ្ឋចំនួន ៦គ្រួសារពិតមែន៕