
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងតាមរយៈការចាប់បញ្ជូនដោយបង្ខំក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា ទៅកាន់ប្រទេសវៀតណាម វិញ។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មានប្រសាសន៍ថា "គ្មានកាលៈទេសៈណាឡើយដែលប្រទេសកម្ពុជា ត្រូវបង្ខំជនភៀសខ្លួនទាំងនេះឲ្យត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញឡើយ ជាទីដែលពួកគេនឹងត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ដោយសារតែហេតុផលនយោបាយ និងសាសនា"។ លោក លោក ហ្វីល រ៉ូប៊ឺតសុន បន្តថា ប្រសិនបើរដ្ឋាភិបាលបង្ខំជនជាតិដើមភាគតិចម៉ុងតាញ៉ា ទាំងនេះឲ្យត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ នោះកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដែលថា ប្រទេសឈានមុខក្នុងតំបន់មួយក្នុងការការពារសិទ្ធិរបស់ជនភៀសខ្លួន នឹងត្រូវបាត់បង់។
សេចក្ដីអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ធ្វើឡើងក្រោយពីសារព័ត៌មានក្នុងស្រុក ថ្មីៗនេះ បានផ្សាយថា ជនជាតិដើមភាគតិចម៉ុងតាញ៉ា ចំនួន ២៩នាក់ ដែលក្នុងនោះមាន ៧នាក់ជាកុមារ នឹងត្រូវរដ្ឋាភិបាលកម្ពុជា បញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ១០ថ្ងៃខាងមុខនេះ ក្រោយពេលរដ្ឋាភិបាលអះអាងថា សំណុំរឿងស្នើសុំសិទ្ធិភៀសខ្លួនរបស់ពួកគេត្រូវបានបដិសេធ។
សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា នេះ បញ្ជាក់ថា ក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា បានបដិសេធខុសពីការពិត មិនផ្ដល់ឋានៈជនភៀសខ្លួនដល់ជនជាតិដើមម៉ុងតាញ៉ា ទាំង ២៩នាក់នេះ។
សេចក្ដីថ្លែងការណ៍បន្តថា ប្រទេសកម្ពុជា បានខកខានមិនផ្ដល់កិច្ចសហការជាមួយនឹងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) ក្នុងកិច្ចប្រឹងប្រែងស្វែងរកការតាំងទីលំនៅថ្មីរបស់ជនជាតិដើមម៉ុងតាញ៉ា ទាំងនេះ។ រដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តដំណើរការត្រួតពិនិត្យរួមគ្នា ដែលយន្តការនេះតម្រូវឲ្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ត្រូវចូលរួមត្រួតពិនិត្យរួមគ្នាជាមួយនឹងការសម្រេចចិត្តបដិសេធណាមួយក្នុងការផ្ដល់សិទ្ធិជនភៀសខ្លួនរបស់រដ្ឋាភិបាល។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន សង្កត់ធ្ងន់ៗថា រដ្ឋាភិបាលកម្ពុជា ត្រូវធានាថា ជនភៀសខ្លួនទាំងនេះត្រូវបានការពារ ហើយមិនត្រូវបញ្ជូនពួកគេឲ្យត្រឡប់ទៅក្នុងប្រទេសវៀតណាម វិញតាមរបៀបដែលជាលក្ខណៈបង្ខំពួកគេឡើយ។
លោក ហ្វីល រ៉ូប៊ឺតសុន ស្នើឲ្យក្រុមប្រទេសម្ចាស់ជំនួយអន្តរជាតិ និងក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា គួរព្រមានរដ្ឋាភិបាលកម្ពុជា ថា ប្រទេសនេះនឹងក្លាយជារដ្ឋដែលសហគមន៍អន្តរជាតិមិនរាប់រកសម្រាប់ករណីសិទ្ធិជនភៀសខ្លួន ប្រសិនបើជនជាតិដើមម៉ុងតាញ៉ា ទាំងនេះត្រូវបានបង្ខំបញ្ជូនត្រឡប់ទៅវៀតណាមវិញ ខណៈដែលមានការជំទាស់ពីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ៕