
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ សម្រុកធ្វើយុទ្ធនាការតាមមូលដ្ឋានដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន និងទាន់ពេលកំណត់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។ ការធ្វើយុទ្ធនាការនេះ បន្ទាប់ពីសកម្មជនបក្សប្រឆាំងអះអាងថា រហូតមកទល់ពេលនេះមានពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតក្នុងខេត្តនេះមានចំនួនតិចតួចនៅឡើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ កំពុងព្រួយបារម្ភខ្លាចប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមិនបានគ្រប់ចំនួន។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ លោក សោ ចាន់ដេត ឲ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ថា ក្រុមការងារគណបក្សរបស់លោកធ្វើយុទ្ធនាការនេះ ដោយចុះចែកខិត្តប័ណ្ណ និងដាក់គ្រឿងបំពងសំឡេងតាមភូមិ និងទីប្រជុំជន ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ លោកសង្កត់ធ្ងន់ថា មូលហេតុដែលធ្វើយុទ្ធនាការនេះ ដោយយល់ឃើញថា ពលរដ្ឋនៅខេត្តមួយនេះភាគច្រើនពុំបានដឹងពីការចុះឈ្មោះបោះឆ្នោតនោះទេ៖ «ដូច្នេះបើយើងមិនឆ្លៀតឱកាសដើម្បីជួយគណៈកម្មការរៀបចំការបោះឆ្នោតទេ ជាផលលំបាកមួយធ្វើឲ្យអ្នកទៅចុះឈ្មោះបោះឆ្នោតតិច ហើយអ្វីដែលយើងអាចជួយបានយើងនឹងជួយ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក ហ៊ី គឹមសេង មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១០ ខែកញ្ញា មក គឺខាងគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋាន បានចុះផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតជាប្រចាំដែរ។លោកបន្ថែមថា ចាប់ពីថ្ងៃចុះឈ្មោះមក មានប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត បានទៅចុះឈ្មោះនៅតាមបណ្ដាលស្រុកក្នុងខេត្តមួយនេះ មានចំនួនប្រហាក់ប្រហែលគ្នា៖ «ព្រួយបារម្ភអីបើប៉ោយប៉ែតពលរដ្ឋចុះឈ្មោះបោះឆ្នោតជិតអស់មនុស្សហើយ មានតែពិបាកអីទៀត ប៉ុន្តែបើគាត់ព្រួយបារម្ភក៏ព្រួយទៅ នីតិវិធីឥឡូវច្បាស់លាស់ដែរ មិនមែននៅ២បីថ្ងៃចុះឈ្មោះបានឯណា?»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ប្រជាពលរដ្ឋភាគច្រើនពុំបានដឹងពីការចុះឈ្មោះបោះឆ្នោតនៅកន្លែងណានោះទេ។ លោកជំរុញឲ្យគ្រប់គណបក្សនយោបាយផ្សព្វផ្សាយទៅតាមមូលដ្ឋាន ដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានច្រើនបន្ថែមទៀត៖ «ព្រោះដើម្បីឲ្យដំណើរការចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន ដើម្បីឲ្យការប្រកួតប្រជែងគ្នា ប្រកបដោយយុត្តិធម៌ និងតម្លាភាពទាំងអស់គ្នា ដោយអ្នកចាញ់ឲ្យដឹងថា ចាញ់ អ្នកឈ្នះឲ្យដឹងថា ឈ្នះ ដែលមានលក្ខណៈសមរម្យត្រឹមត្រូវ និងយុត្តិធម៌»។
លោកបន្ថែមទៀតថា ប្រសិនបើប្រជាពលរដ្ឋមិនទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាទេ ពួកគាត់នឹងបាត់សិទ្ធិក្នុងការបោះឆ្នោត ហើយនាំឲ្យប៉ះពាល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ដែលមិនឆ្លុះបញ្ចាំងតាមឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើបច្ចុប្បន្នភាពបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ដើម្បីឲ្យពលរដ្ឋដែលផ្លាស់ទីលំនៅថ្មី និងអ្នកដែលទើបគ្រប់អាយុបោះឆ្នោត បានចុះឈ្មោះបោះឆ្នោតគ្រប់គ្នា។ ការចុះឈ្មោះថ្មីនេះ មានរយៈពេល ៧០ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
របាយការណ៍គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវទៅចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងខេត្តមួយនេះ មានជាង ១៥ម៉ឺននាក់ (១៥៧.៣៨៩)។ចំណែកឯអ្នកដែលបានចុះឈ្មោះរួចហើយ គិតត្រឹមត្រូវទី១២ ខែកញ្ញា មាន ៤.៩៣៦នាក់៕