Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហេង ពៅ ប្រតិកម្ម​នឹង​ឆ្មាំ​ពន្ធនាគារ​ដែល​រឹតត្បិត​មិន​ឲ្យ​ឆ្លើយ​សំណួរ​របស់​​អ្នក​កាសែត

$
0
0

អតីត​ស្នងការ​ក្រុង​ភ្នំពេញ ប្រតិកម្ម​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ឆ្មាំ​ពន្ធនាគារ​ព្រៃស ដែល​ព្យាយាម​ហាម​មិន​ឲ្យ​លោក​ផ្ដល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​កាសែត។ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃស នាំ​ខ្លួន​លោក ហេង ពៅ មក​ជំនុំជម្រះ ជុំវិញ​រឿង​ក្ដី​ទទួល​សំណូក​គ្រឿងញៀន។

«សំឡេង​លោក ហេង ពៅ»

ស្ថិត​ក្នុង​ដំណើរ​ប៉ាំង​ពៀចៗ ដោយ​គ្មាន​ជាប់​ខ្នោះដៃ ខុស​ពី​ជន​ជាប់​ចោទ​ដទៃ​ទៀត និង​សម្ដី​ម៉ាត់ៗ ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​បណ្ដើរ​ផង លោក ហេង ពៅ ដែល​អម​ទៅ​ដោយ​ឆ្មាំ​ពន្ធនាគារ​២ ទៅ ៣​នាក់ ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ បាន​ព្យាយាម​ជំទាស់​ទៅ​នឹង​ការ​រារាំង​ម្ដង​ហើយ​ម្ដង​ទៀត របស់​កង​សន្តិសុខ​ដែល​នាំ​ខ្លួន​អតីត​ស្នងការ​ក្រុង​ភ្នំពេញ​នេះ ពី​ពន្ធនាគារ​មក​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា។

ក្នុង​ពេល​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល បាន​លើក​ពេល​សវនាការ ដោយសារ​អវត្តមាន​មេធាវី​ការពារ​ក្ដី គឺ​លោក កៅ ស៊ូផា លោក ហេង ពៅ បដិសេធ​ថា លោក​ពុំ​មាន​ជាប់​ទាក់ទិន​នឹង​អំពើ​ស៊ី​សំណូក​សូកប៉ាន់​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២​ម៉ឺន ៤​ពាន់​ដុល្លារ ក្នុង​សំណុំរឿង​គ្រឿងញៀន កាល​ពី​ឆ្នាំ​២០០៩ នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ជំទាស់​មិន​ឲ្យ​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​នៅ​ខណ្ឌ​ទួលគោក ទទួល​យក​សំណូក​ពី​ចោរ​ចាប់​ជំរិត និង​រក​ស៊ី​គ្រឿងញៀន​ម្នាក់​ឈ្មោះ ចាន់ សៀប ជា​ថ្នូរ​រួច​ផុត​ពី​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់៖ «»។

ជុំវិញ​រឿង​នេះ អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី​លោក កៅ ស៊ូផា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហេង ពៅ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា។ ក៏ប៉ុន្តែ​លោក កៅ ស៊ូផា ធ្លាប់​អះអាង​ថា កូន​ក្តី​របស់​ខ្លួន​ធ្លាប់​បដិសេធ​ថា ពុំ​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ក្ដី​នេះ តាំង​ពី​ដំណាក់​ជំនុំជម្រះ​នៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ។ លោក ហេង ពៅ អតីត​ស្នងការ​ក្រុង​ភ្នំពេញ ក្រៅ​ពី​មាន​សំណុំរឿង​មួយ​នេះ​ហើយ លោក​ក៏​​នៅ​មាន​រឿង​ក្ដី​នៃ​បទឧក្រិដ្ឋ​ចំនួន ៧​ករណី​ផ្សេង​ទៀត​ដែរ ក្នុង​ពេល​គ្រង​តំណែង​ជា​ស្នងការ​ក្រុង​ភ្នំពេញ។

បើ​គិត​សំណុំរឿង​ទាំង​៧​នេះ ដោយ​មិន​ទាន់​បូក​សរុប​ករណី​គ្រឿងញៀន​នេះ​មួយ​ទៀត​នៅ​ឡើយ​ផង លោក ហេង ពៅ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​សរុប​ជាង ៩៤​ឆ្នាំ​រួច​ទៅ​ហើយ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា ការ​បញ្ចេញ​ឬកពារ​របស់​ឆ្មាំ​ពន្ធនាគារ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​លោក ហេង ពៅ បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​អ្នក​កាសែត គឺ​ពុំ​មាន​ចែង​ក្នុង​បញ្ញត្តិ​នៃ​ច្បាប់​ឡើយ៖ «»។

លោក ហេង ពៅ ដែល​ស្ថិត​ក្នុង​សម័យកាល​នៃ​ការ​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ គឺ​លោក ជា វិជ្ជា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន មុន​ពេល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ចូល​រថយន្ត​វិញ​ថា ពេល​ក្រោយ​នឹង​បាន​ដឹង​អ្នក​ដែល​បាញ់​សម្លាប់​អតីត​មេ​សហជីព​ដ៏​ល្បីល្បាញ​គឺ​លោក ជា វិជ្ជា ហើយ។

អតីត​ស្នងការ​ក្រុង​ភ្នំពេញ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្ដឹង​ស្អេកស្កះ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៦។ ការ​បញ្ជូន​ខ្លួន​តាម​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​ម៉ាឡេស៊ី​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្នុង​ពេល​លោក ហេង ពៅ ទទួល​បាន​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀសខ្លួន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland )៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles