Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ភូមិ​ថា​ក្រុមហ៊ុន​ខ្លះ​ចាប់​ផ្ដើម​ជីក​បក​ដី​យក​ខ្សាច់​លក់​ជា​ថ្មី​ទៀត​នៅ​ស្រុក​ប្រាសាទបាគង

$
0
0

បច្ចុប្បន្ន ស្រប​ពេល​ដែល​សំណង់​ក្នុង​ទីក្រុង​សៀមរាប ចេះ​តែ​កើន​ឡើង គឺ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ចាប់​ផ្ដើម​ប្រកប​មុខ​របរ​ជីក​ដី​បក​យក​ខ្សាច់ និង​បូម​ខ្សាច់ ហើយ​ដឹក​ជញ្ជូន​មក​ផ្គត់ផ្គង់​ឲ្យ​ការដ្ឋាន​សំណង់​ជាច្រើន​កន្លែង​ដែរ។

ការ​ជីក​ដី​បក​យក​ខ្សាច់ និង​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​នេះ កន្លែង​ខ្លះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​លំ​នៅ​តាម​ជនបទ និង​កន្លែង​ខ្លះ​ទៀត​ថែម​ទាំង​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ ព្រម​ទាំង​ការ​រស់នៅ​របស់​អ្នក​ភូមិ​ផង។

ពលរដ្ឋ​ជាច្រើន​នាក់​នៅ​ភូមិ​ព្រំកុដ្ឋ នៃ​ឃុំ​បល្ល័ង្ក ក្នុង​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប បង្ហាញ​ការ​អស់​សង្ឃឹម​ទៅ​លើ​អាជ្ញាធរ​ភូមិ-ឃុំ រហូត​ដល់​ថ្នាក់​មន្ទីរ និង​ខេត្ត​ជាដើម ថា​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ការ​ប៉ះពាល់​នានា​ដោយសារ​តែ​ក្រុមហ៊ុន​ជីក​ដី​បូម​ខ្សាច់​ទេ។

ក្រុម​អ្នក​ភូមិ​ព្រំកុដ្ឋ និង​ភូមិ​ត្រាច ជាង ៤៤០​នាក់​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ជីក​ដី​បក​យក​ខ្សាច់ និង​បូម​ខ្សាច់​ចំនួន​៤ រហូត​ទៅ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ម្ដង​មក​ហើយ បណ្ដាល​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ចុះ​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់​ខ្លះ​ឲ្យ​ផ្អាក​សកម្មភាព ប៉ុន្តែ​ថ្មីៗ​នេះ ក្រុមហ៊ុន​ខ្លះ​បាន​ចាប់​ផ្ដើម​ជីក​បក​ដី​យក​ខ្សាច់​ឡើង​វិញ។

ស្ត្រី​អ្នក​ភូមិ​ព្រំកុដ្ឋ ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​ដែល​ប៉ះពាល់​ដោយសារ​តែ​ក្រុមហ៊ុន គិត សុទ្ធារិទ្ធ ជីក​ដី​យក​ខ្សាច់​នៅ​ជាប់​ដី​ស្រែ​របស់​គាត់ គឺ​លោកស្រី ហុង រ៉ាយ។ លោកស្រី​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​មីនា ថា កាល​ពី​ក្រុមហ៊ុន​មិន​ទាន់​ទៅ​ជីក​ដី​បក​យក​ខ្សាច់​នៅ​ជាប់​ស្រែ គឺ​គាត់​ស្ទូង​ស្រូវ​បាន​ទទួល​ផល​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​មក​នេះ គាត់​ធ្វើ​ស្រែ​មិន​បាន​ស្រូវ​ទេ ពីព្រោះ​តែ​គ្មាន​ទឹក​ដោយសារ​តែ​ទឹក​ហូរ​ទៅ​កន្លែង​បូម​ខ្សាច់​អស់៖ «ចាប់​ពី​ត្រឹម​គេ​កាយ​ដី​យក​ខ្សាច់​មក ខ្ញុំ​អត់​ដែល​បាន​ស្រូវ ១​គ្រាប់​ទេ។ ធ្វើ​ស្រែ​មិន​ដែល​បាន​ហូប​គ្រប់​ទេ ២​ឆ្នាំ​នេះ។ ខ្ញុំ​ទិញ​ស្រូវ​គេ​មក​ទុក​កិន​អង្ករ​ហូប ២-៣​ការុង​ក្នុង ១​ឆ្នាំៗ»

អ្នក​ភូមិ​ព្រំកុដ្ឋ ម្នាក់​ទៀត លោកស្រី រស់ រ៉េត មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា ដី​ស្រែ​របស់​គាត់​ទំហំ ១​ហិកតារ​នៅ​ជិត​គ្នា​ដែរ​នោះ គឺ​ខាន​បាន​ទទួល​ផល ២​ឆ្នាំ​ដែរ​ហើយ​ចាប់​តាំង​តែ​ពី​ក្រុមហ៊ុន​មក​ជីក​ដី​បក​យក​ខ្សាច់ ធ្វើ​ឲ្យ​ដី​ស្រែ​របស់​គាត់​ច្រោះ​បាក់​ដី​មាន​ជង្ហុក​ជាច្រើន​មក៖ «ខ្ញុំ​បាន​ប្រាប់​មេ​ភូមិ​ជាច្រើន​ដង​ហើយ​ថា​ការ​ជីក​ដី​បក​យក​ខ្សាច់ គឺ​រលុះ​បាក់​ដី​ស្រែ​ខ្ញុំ​អស់​ច្រើន​ហើយ គេ​ថា​ចាំ​គេ​ដាក់​ដី​បំពេញ​ឲ្យ​វិញ តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​មិន​ដែល​ឃើញ​អ្នក​ណា​មក​ចាក់​ដី​បំពេញ​ជង្ហុក​ឲ្យ​វិញ​ទេ»

ពលរដ្ឋ​ជាច្រើន​ទៀត​ព្រួយ​បារម្ភ​ថា ការ​ជីក​ដី​បក​យក​ខ្សាច់​នេះ​កំពុង​តែ​គំរាម​កំហែង​ទៅ​ការ​បាក់​ដី​ស្រែ និង​ចម្ការ​របស់​ពួក​គេ។

ជីក​ខ្សាច់ សៀមរាប ២០១៧ ១៤៤០
កន្លែង​ដែល​ក្រុមហ៊ុន គិត សុទ្ធារិទ្ធ ជីក​ដី​បក​យក​ខ្សាច់​ទំហំ ៧​ហិកតារ នៅ​ភូមិ​ព្រំកុដ្ឋ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​លេខ​ទូរស័ព្ទ​របស់​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន គិត សុទ្ធារិទ្ធ ដើម្បី​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា។ ក្រុមហ៊ុន គិត សុទ្ធារិទ្ធ គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ទិញ​យក​កន្លែង​បូម​ខ្សាច់​បន្ត​ពី​ក្រុមហ៊ុន លី ហាំងសេង។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​សៀមរាប លោក មាស ជូរ៉ានី មាន​ប្រសាសន៍​ថា កាល​ពី​អ្នក​ភូមិ​ដាក់​ពាក្យ​បណ្ដឹង គឺ​កន្លែង​ជីក​ដី​យក​ខ្សាច់​របស់​ក្រុមហ៊ុន លី ហាំងសេង បាន​បញ្ឈប់​សកម្មភាព​ទៅ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​សកម្មភាព​ជីក​យក​ខ្សាច់​យ៉ាង​ណា​ទៀត​នោះ គឺ​លោក​មិន​បាន​ដឹង​ឡើយ៖ «អត់​អី​ទេ ចាំ​ខ្ញុំ​ទៅ​មើល ប៉ុន្តែ​មិន​ដូច​ប្រជាពលរដ្ឋ​ថា​កន្លែង​នោះ​ជីក​ជ្រៅ​ទេ យ៉ាង​ច្រើន ២​ម៉ែត្រ»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រំកុដ្ឋ និង​ភូមិ​ត្រាច ចំនួន ៤៤៥​នាក់​បាន​រួម​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន​ជីក​ដី​បក​យក​ខ្សាច់ និង​បូម​ខ្សាច់​ចំនួន​៤ មាន​ក្រុមហ៊ុន អ៊ាង ចំរើន ក្រុមហ៊ុន លី ហាំងសេង ក្រុមហ៊ុន លី អ៊ុំអេង និង​ក្រុមហ៊ុន សុខ ហួរ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​ទាំងនោះ​បញ្ជាក់​ថា ក្រុមហ៊ុន​ជីក​ដី​បក​យក​ខ្សាច់ និង​បូម​ខ្សាច់​ទាំង​៤ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ជាង ១.៥០០​ហិកតារ​ដែល​នៅ​ជាប់​នឹង​រណ្ដៅ ព្រម​ទាំង​ប៉ះពាល់​ដី​ភូមិ​ជាង ១.៦០០​ហិកតារ និង​ប៉ះពាល់​ដល់​បរិស្ថាន​ជាច្រើន​ទៀត។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ អាជ្ញាធរ​ខេត្ត​សៀមរាប ក៏​បាន​ចាត់​វិធានការ​ទៅ​លើ​ការ​ជីក​បូម​យក​ខ្សាច់​នេះ ដោយ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ឆ្លើយតប​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា គឺ​ក្រុមហ៊ុន​ខ្លះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​ក្រុមហ៊ុន​ខ្លះ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​ទេ ហើយ​ក្រុមហ៊ុន​ខ្លះ​ក៏​បាន​បញ្ឈប់​សកម្មភាព​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles