ស្ថាប័នព្រះបរមរាជវាំងអះអាងថា ព្រះមហាក្សត្រពុំប្រើប្រាស់ទំព័រហ្វេសប៊ុក (Facebook) នោះទេ ក្រៅពីគេហទំព័រ (Website) របស់ទ្រង់។ ការអះអាងនេះ ក្រោយពីទំព័រហ្វេសប៊ុកមួយ ដាក់រូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងស្នើរដ្ឋាភិបាលចាត់ការលើសមាគមវៀតណាម នៅកម្ពុជា ជុំវិញការប្រមាថអតីតព្រះមហាក្សត្រតាមរយៈហ្វេសប៊ុក។
នាយខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១៥ ខែមីនា ថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី ពុំប្រើប្រាស់ហ្វេសប៊ុក ជាផ្លូវការនោះទេ ហើយលោកចាត់ទុកការបន្លំព្រះនាមព្រះមហាក្សត្រនៅលើហ្វេសប៊ុកនេះ ជាការប្រមាថអង្គព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។ លោកបន្តថា លោកនឹងស្នើទៅអាជ្ញាធរដើម្បីចាត់ការចំពោះអ្នកក្លែងនេះ។
កាលពីថ្ងៃទី១៤ ខែមីនា ទំព័រហ្វេសប៊ុក មួយដាក់ឈ្មោះថា Royal Du Cambodge និងដាក់រូបព្រះឆាយាល័ក្ខព្រះមហាក្សត្រ បានបង្ហោះចែកចាយ (Share) សារមួយដែលឆ្លើយតបនឹងទំព័រហ្វេសប៊ុក សមាគមវៀតណាមនៅកម្ពុជា ដោយស្នើមន្ត្រីគ្រប់ជាន់ថ្នាក់ចាត់ការសមាគមនេះតាមផ្លូវច្បាប់ ចំពោះសារដែលប្រមាថដល់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលសោយទិវង្គត។
សារដែលទំព័រហ្វេសប៊ុក ឈ្មោះសមាគមវៀតណាមនៅកម្ពុជា បានបង្ហោះនោះ គឺទាមទារឲ្យចាប់ខ្លួនអ្នកណាក៏ដោយ ដែលហៅជនជាតិវៀតណាមថា "យួន” ទោះជាសម្ដេចព្រះ នរោត្ដម សីហនុ ក្ដី ដោយទំព័រហ្វេសប៊ុកនេះ ចាត់ទុកការហៅនេះថា ជាការរើសអើងជាតិសាសន៍ បំបែកបំបាក់ជាតិ បង្កហេតុនាំឲ្យចលាចល អសន្តិសុខសង្គម។ លើសពីនេះ ក្នុងសារនោះបានសង្គត់ធ្ងន់ថា អ្នកណាហៅដូចនេះ នឹងត្រូវជាប់គុក ហើយបើជាគណបក្សនយោបាយត្រូវរំលាយចោលជាដើម។
អាស៊ីសេរីមិនអាចទាក់ទងសមាគមវៀតណាមនៅកម្ពុជា ដើម្បីឆ្លើយតបថា នេះជាទំព័រហ្វេសប៊ុក របស់សមាគម ឬយ៉ាងណានោះទេ នៅថ្ងៃទី១៥ ខែមីនា នេះ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ ចែងថា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ ទោះជាយ៉ាងណា លោក អ៊ុំ ដារ៉ាវុធ បញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះមហាក្សត្រមានតែគេហទំព័ររបស់ទ្រង់តែមួយគត់ ដែលប្រើប្រាស់ផ្លូវការ គឺគេហទំព័រដែលមានអាសយដ្ឋាន៖ http://www.norodomsihamoni.org៕