ខណៈដែលកសិករ និងមន្ត្រីកសិកម្មបន្ទោសទៅលើអាកាសធាតុដែលធ្វើឲ្យដំណាំស្វាយចន្ទីមិនផ្ដល់ផលឆ្នាំនេះ ស្រាប់តែម្ចាស់កសិដ្ឋានមានចម្ការស្វាយចន្ទីជិត ៨០ហិកតារ បានរកឃើញមូលហេតុដែលផ្កា និងគ្រាប់ស្វាយចន្ទីក្រៀមស្វិតខូចមិនហុចផល គឺដោយសារហ្វូងសត្វល្អិតម្យ៉ាងគឺបានបំផ្លាញចន្ទីដែលកំពុងចេញផ្កាផ្លែទៅវិញ។
ម្ចាស់ចម្ការស្វាយចន្ទីនៅខេត្តរតនគិរី អំពាវនាវឲ្យកសិករប្រុងប្រយ័ត្នចំពោះសត្វល្អិតម្យ៉ាងមានសណ្ឋានដូចសត្វមូស ឬឃ្មុំដែលបានខាំ ឬបឺតបំផ្លាញផលស្វាយចន្ទីកំពុងចេញផ្កា និងផ្លែ។
ការអំពាវនាវនេះធ្វើឡើងក្រោយពេលកសិកររូបនេះសង្កេតឃើញប្រភេទសត្វល្អិតនេះទាំងហ្វូងហើរមកទុំនៅលើដើមស្វាយចន្ទីដែលកំពុងចេញផ្កា និងក្ដឹប ហើយខាំ ឬបឺតជញ្ជក់ទៅលើផ្កា និងក្ដឹបស្វាយចន្ទី ធ្វើឲ្យផលគ្រាប់ស្វាយចន្ទីដែលកំពុងហុចផលក្រោមស្វិត ហើយជ្រុះអស់ស្ទើរគ្មានសល់។
កសិកររស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី និងជាចៅសង្កាត់ លោក ទន់ ពៅ បញ្ជាក់នៅថ្ងៃទី១៥ ខែមីនា ថា ប្រសិនកសិករមិនបានពិនិត្យជាក់លាក់ទៅលើមែកស្វាយចន្ទី ឲ្យបានហ្មត់ចត់ទេ គឺមិនអាចមើលឃើញសត្វល្អិតទាំងនោះឡើយ ជាពិសេសនៅពេលថ្ងៃដែលសត្វល្អិតទាំងនោះមិនហើរ ហើយសំងំបឺតលំអងផ្កា ឬក្ដឹបស្វាយចន្ទី។
លោកថា នេះជាលើកដំបូងហើយដែលកើតមានសត្វល្អិតមិនធ្លាប់ស្គាល់បានបំផ្លាញផលស្វាយចន្ទី នៅឆ្នាំនេះ៖ «ហ្វូងវា យើងមើលមិនឃើញដែរ ទាល់តែបាញ់ថ្នាំបានឃើញវាហើរ តែបើយើងដើរយប់ យើងចុចពិលមើល ព្រោះសត្វហ្នឹងវាហើរយប់»។
កសិករ និងអាជីវករនៅខេត្តរតនគិរី ចាត់ទុករដូវប្រមូលផលគ្រាប់ស្វាយចន្ទីឆ្នាំនេះថា ជាឆ្នាំអាក្រក់បំផុតដែលចម្ការស្វាយចន្ទី ភាគច្រើនផ្ដល់ផលតិចតួចធ្វើឲ្យកសិករ និងអ្នកប្រមូលទិញខាតបង់ប្រាក់ចំណូលច្រើនមិនធ្លាប់មានកន្លងទៅនេះ។
ទោះជាយ៉ាងនេះក្ដី មិនទាន់មានការសិក្សាជាក់លាក់ពីក្រុមជំនាញកសិកម្ម អំពីមូលហេតុដែលដំណាំស្វាយចន្ទីផ្ដល់ផលតិចនៅឡើយ ក៏ប៉ុន្តែកសិករ និងមន្ត្រីកសិកម្មនៅខេត្តរតនគិរី បន្ទោសទៅលើការប្រែប្រួលអាកាសធាតុថា ជាកត្តានាំឲ្យដំណាំកសិឧស្សាហកម្មមួយនេះមិនផ្ដល់ផល។
ផ្ទុយពីការអះអាងនេះ លោក ទន់ ពៅ ថ្លែងថា លោកបានឃ្លាំមើលនៅវេលាយប់ទើបឃើញប្រភេទសត្វល្អិតនេះហើរទាំងហ្វូងមកទុំលើមែកចន្ទីកំពុងចេញផ្កាផ្លែ។ លោកថា វិធីដែលអាចជួយកម្ចាត់សត្វល្អិតនេះបាន គឺលោកប្រើថ្នាំសម្លាប់សត្វល្អិតបាញ់ទៅលើមែកចន្ទីដែលកំពុងចេញផ្លែ និងជាកន្លែងដែលសត្វល្អិតទាំងនោះតោងបឺតជញ្ជក់ផ្កាផ្លែស្វាយចន្ទី ទើបអាចសម្លាប់សត្វទាំងនោះបាន៖ «បើយើងបាញ់ទាន់ វាអត់ខូចខាតទេ បើបាញ់មិនទាន់វាអាចខូច ៥០ភាគរយ»។
ឆ្នាំនេះគ្រាប់ស្វាយចន្ទីមួយគីឡូក្រាម តម្លៃជាង ៨ពាន់រៀល ជាតម្លៃខ្ពស់បំផុតប្រៀបធៀបឆ្នាំកន្លងទៅ ដែលគ្រាប់ស្វាយចន្ទីអាជីវករទទួលទិញតម្លៃត្រឹមជាង ៥ពាន់រៀលតែប៉ុណ្ណោះក្នុង១គីឡូក្រាម។ ក៏ប៉ុន្តែ កសិករ ឬក្រុមអាជីវករដែលប្រមូលទិញ ឬលក់ផលគ្រាប់ស្វាយចន្ទីត្អូញត្អែរថា ចម្ការស្វាយចន្ទីជាច្រើនផ្ដល់ផលតិចតួចមិនធ្លាប់មាន។
អតីតមន្ត្រីសម្របសម្រួលគម្រោងអង្គការសេដាក់ ខេត្តរតនគិរី លោក ប៉ុល សំអាត បញ្ជាក់ថា លោកមិនបានសិក្សាទាក់ទិនដំណាំស្វាយចន្ទីដែលមិនផ្ដល់ផលនោះទេ ក៏ប៉ុន្តែកត្តាប្រែប្រួលអាកាសធាតុគឺជារឿងសំខាន់ដែលធ្វើឲ្យដំណាំប្រែប្រួល ឬកើតមានសត្វល្អិតច្រើនប្រភេទដែលអាចបំផ្លាញផលដំណាំកសិករ។ លោកថា ការប្រើថ្នាំគីមីបំផ្លាញសត្វល្អិតមិនមែនជាដំណោះស្រាយល្អទេ ប្រសិនកសិករជួបប្រទះសត្វល្អិតទិច ឬបឺតជញ្ជក់ផ្កា និងក្ដឹបស្វាយចន្ទី កំពុងហុចផល។ លើសពីនោះទៀត ការប្រើថ្នាំពុលគីមីមិនបានត្រឹមត្រូវ វាបណ្ដាលឲ្យរឹតតែខូចខាតផលដំណាំ និងធ្វើឲ្យពុលដល់មនុស្ស ឬសត្វទៀតផង ហេតុនេះកសិករគួរប្រើថ្នាំសម្លាប់សត្វល្អិតដែលផលិតពីធម្មជាតិ៖ «បើគាត់អាចផលិតថ្នាំធម្មជាតិបាន គាត់ប្រើអាហ្នឹងទៅ ប៉ុន្តែបើដំឡូងយើងប្រើថ្នាំធម្មជាតិវាល្អជាង បើតាមគ្រូបង្រៀនខ្ញុំប្រាប់»។
ដំណាំស្វាយចន្ទីចាប់ចេញផ្កាផ្លែនៅដើមខែកុម្ភៈ និងអាចប្រមូលផលបានរហូតដល់ខែឧសភា ដើមរដូវធ្លាក់ភ្លៀង។
ទាក់ទិនករណីនេះដែរ កសិករនៅឃុំអូរជុំ លោក ច្រើស សារុន កត់សំគាល់ថា រហូតមកទល់ពេលនេះ ការប្រមូលផលគ្រាប់ស្វាយចន្ទីជិតបញ្ចប់ហើយ ហេតុនេះកសិករមិនមានវិធានការអ្វីបន្ថែមសម្រាប់ការពារផលចន្ទីដែលបានខូចខាតទៅហើយនោះទេ។ លោកបន្តថា អ្វីដែលកសិករត្រៀមលក្ខណៈសម្រាប់ដំណាំនេះនៅឆ្នាំក្រោយៗទៀត គឺការជ្រើសរើសពូជ និងការដាក់ជី ឬប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រសិនកសិករអាចធ្វើបាន៖ «អ្នកខ្លះគេមានលទ្ធភាពគេបាញ់ថ្នាំសម្លាប់សត្វល្អិត ក៏ដូចថ្នាំប៉ូវ ហើយសម្រាប់អ្នកអត់មានដូចពួកខ្ញុំ ធ្វើតាមដំណើរធ្វើតាមធម្មជាតិទៅ បើវាអំណោយផលល្អបើអត់គឺអត់។ អ្នកខ្លះគេធាតុផ្សំ ថ្នាំធម្មជាតិពិបាក គេទិញថ្នាំគីមីមកបាញ់ស្រួលជាង»។
ទោះបីជាយ៉ាងនេះក្ដី ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បានបញ្ជាក់ថា កត្តាអាកាសធាតុគឺជាហេតុផលធ្វើឲ្យដំណាំចន្ទីខូចខាត។ លោកថា មន្ត្រីជំនាញនឹងយកសំណាកផ្កាស្វាយចន្ទី ដែលក្រោមស្វិតទៅពិសោធមើលរកហេតុផលពិតដែលធ្វើឲ្យដំណាំនេះខូចខាត។
ស្វាយចន្ទីគឺជាដំណាំយុទ្ធសាស្ត្រមួយក្នុងចំណោមដំណាំកសិឧស្សាហកម្មសំខាន់ ដូចជាដំឡូងមី ម្រេច និងកៅស៊ូ ដែលកសិករនិយមដាំច្រើនជាងគេនៅខេត្តរតនគិរី។ តួលេខរបស់មន្ទីរកសិកម្មខេត្តរតនគិរី ឆ្នាំ២០១៦ ចម្ការស្វាយចន្ទីដែលកសិករដាំមានចំនួនជាង ៣ម៉ឺនហិកតារ និងផ្ដល់ទិន្នផលជាមធ្យមក្នុងមួយឆ្នាំជាង ៨ពាន់តោន៕