Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ធ្វើ​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៥៥​ទាមទារ​សំណង

$
0
0

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា កិច្ច​ប្រជុំ​រក​ដំណោះស្រាយ​ដែល​អាជ្ញាធរ​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤ មីនា គឺ​គ្មាន​លទ្ធផល​ល្អ​ឡើយ។ បន្ថែម​ពី​នេះ អាជ្ញាធរ​ថែម​ទាំង​គំរាម​មិន​ឲ្យ​ពលរដ្ឋ​តវ៉ា​ទៀត។

តំណាង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​ធ្វើ​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ប្រមាណ ១០​នាក់ សម្រេច​នាំ​គ្នា​តវ៉ា​លើក​ទី​៥៥ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​សមរម្យ​ជូន​ពួក​គាត់។

តំណាង​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្ដាល លោក វន វ័ន្ត អះអាង​ថា កិច្ច​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​គណៈកម្មការ​អន្តរ​ក្រសួង កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ មីនា គឺ​មិន​បាន​លទ្ធផល​ល្អ​នោះ​ឡើយ ហើយ​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គាត់​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ទៅ​ក្រសួង ឬ​អាជ្ញាធរ​ក្រុង ដោយ​ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី​២៥ មីនា។ បន្ថែម​ពី​នេះ អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ ប្រសិន​បើ​ពលរដ្ឋ​នៅ​តែ​បន្ត​តវ៉ា​កណ្ដាល​ក្រុង​បន្ត​ទៀត«ថ្ងៃ​ម្សិលមិញ​ថ្ងៃ​ទី​១៤ មីនា ហ្នឹង ក៏​ខ្ញុំ​ទទួល​យក​មិន​បាន​ដែរ ពាក្យ​សម្ដី​របស់​គាត់។ មាន​ពាក្យ​សម្ដី​គំរាម​កំហែង​កុំ​ឲ្យ​តវ៉ា​នៅ​មុខ​សាលា​ក្រុង​អី​បន្ត​ទៀត​អ៊ីចឹង​ទៅ»

ប្រភព​ដដែល​អះអាង​ថា ពលរដ្ឋ​ចំនួន​ជាង ១០០​គ្រួសារ​ដែល​នាំ​គ្នា​ទាមទារ​សំណង​សមរម្យ​ពេល​នេះ ហើយ​ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ ពួក​គាត់​នឹង​តវ៉ា​បន្ត​ទៀត។

ទាក់ទង​បញ្ហា​នេះ អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​ដោយ​ខ្លី​ថា កិច្ច​ពិភាក្សា​នោះ គឺ​ខាង​អន្តរ​ក្រសួង​ចុះ​មក​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​អំពី​គម្រោង​របស់​គេ​ដែល​ត្រូវ​អនុវត្ត។ បន្ថែម​ពី​នេះ ខាង​ក្រសួង​តម្រូវ​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដោះស្រាយ«ការ​ដោះស្រាយ​ហ្នឹង គឺ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ទៅ​ក្រសួង ដើម្បី​ឲ្យ​ក្រុង​មាន​លទ្ធភាព​ពិនិត្យ​មើល​ទៅ​បញ្ហា និង​គោល​បំណង​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ប្រជាពលរដ្ឋ​ណា​ខ្លះ​ដែល​មាន​ឈ្មោះ​ពី​មុន​មក​មិន​បាន​ដោះស្រាយ»

យ៉ាង​នេះ​ក្តី តំណាង​ពលរដ្ឋ​ដដែល​បញ្ជាក់​ថា កន្លង​ទៅ​ពួក​គាត់​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​សង្កាត់​ផ្សារកណ្ដាល ជា​លក្ខណៈ​បុគ្គល ប៉ុន្តែ​អាជ្ញាធរ​មិន​ទទួល ហើយ​ការ​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ជា​រួម​បន្ថែម​ទៀត​ពេល​នេះ ខាង​លោក​នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ ដែល​បាន​តាមដាន​ករណី​នេះ លោក ភុន ឈិន មាន​ប្រសាសន៍​ថា កន្លង​ទៅ ក្រុម​ប្រជាពលរដ្ឋ​ហាក់​មាន​ភាព​ចន្លោះ​ប្រហោង​ខ្លះ ពីព្រោះ​ពួក​គេ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ចូល​ទៅ​អាជ្ញាធរ​ក្រុង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ទេ។ ចំណែក​អាជ្ញាធរ​ក៏​ធ្លាប់​មាន​ទិន្នន័យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ដៃ​របស់​ខ្លួន​ដែរ។ លោក​យល់​ថា ភាគី​ទាំង​ពីរ​គប្បី​បន្ទន់​ឥរិយាបថ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្រុម​ពលរដ្ឋ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​តាម​ការ​ស្នើសុំ ហើយ​ក្នុង​ករណី​អាជ្ញាធរ​មាន​ទិន្នន័យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ក្នុង​ដៃ​រួច​ទៅ​ហើយ ក៏​មិន​ត្រូវ​ព្រងើយ​កន្តើយ​ទៀត​ដែរ«អ៊ីចឹង​គួរ​តែ​កោះ​ហៅ​អ្នក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដែល​ខ្លួន​បាន​កត់ត្រា​ពី​ផល​ប៉ះពាល់ ដើម្បី​ធ្វើ​ការ​ជួប​ជជែក​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ទៅ។ ជាក់ស្តែង​បើ​យើង​មើល​ទៅ​លើ​ការជជែក​ពី​ម្សិលមិញ វា​ហាក់​បី​ដូចជា​សំឡេង​របស់​សាលា​ក្រុង​តែ​ម្នាក់​ឯង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មើល​ឃើញ​ថា ប្រសិន​បើ​ដំណោះស្រាយ​នៅ​តែ​គ្មាន ហើយ​ការ​តវ៉ា​នៅ​តែ​កើត​មាន នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាគី​ទាំង​សងខាង ពោល​គឺ​ទាំង​ពលរដ្ឋ និង​អាជ្ញាធរ។ ពលរដ្ឋ​ត្រូវ​ខាតបង់​ពេលវេលា​ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ចំណែក​អាជ្ញាធរ​វិញ​ត្រូវ​ប៉ះពាល់​មុខ​មាត់ និង​កិត្តិយស​របស់​ពួក​គេ​ក្នុង​ការ​ដឹកនាំ ប្រសិន​បើ​ការ​តវ៉ា ការ​យំ​ស្រែក​នៅ​តែ​កើត​មាន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles