Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជនជាតិ​ដើម​ភាគតិច​ថា​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង​នៅ​តំបន់​ព្រៃ​ឡង់

$
0
0

សកម្មជន​ព្រៃ​ឡង់ និង​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ ប្រទះ​ឃើញ​ឈើ​រាប់​រយ​ម៉ែត្រ​គូប​ត្រូវ​បាន​គេ​ដឹក​ទៅ​ទុក​នៅ​បរិវេណ​ព្រៃ​សហគមន៍​ប្រាសាទ​តា​ខ្មៅ ជាប់​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី​១៣ មីនា។ ពួក​គេ​បាន​ជូន​ដំណឹង​ករណី​នេះ​ទៅ​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ដែនដី ក៏ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បាន​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

សហគមន៍​ថា​ឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​បរិវេណ​ព្រៃ​ឡង់ និង​ត្រៀម​ដឹក​ទៅ​ស្រុក​ព្រែកប្រសព្វ ឆ្លង​ទៅ​ទី​រួម​ខែត្រ​ក្រចេះ និង​បន្ត​ទៅ​ប្រទេស​វៀតណាម។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​កំពង់ចាម ខែត្រ​ក្រចេះ បារម្ភ​ពី​ជោគ​វាសនា​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់ កំពុង​រង​ការ​គំរាម​កំហែង​គ្រប់​ទម្រង់ ទាំង​ការ​កាប់​ឈើ​មាន​តម្លៃ និង​សកម្មភាព​របស់​ក្រុមហ៊ុន​ស៊ីបាយអូថេច (Ci-biotech) នៅ​តែ​បន្ត​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង​ក្នុង​ព្រៃ​ឡង់​អស់​រយៈពេល​ជាង ៣​ខែ​មក​ហើយ ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​អន្តរាគមន៍​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

សកម្មជន​ព្រៃ​ឡង់​ខែត្រ​ក្រចេះ លោក ឯក វណ្ណា សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ភាព​ព្រងើយ​កន្តើយ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ធនធាន​ធម្មជាតិ​ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ បើ​ទោះ​បី​ជា​សហគមន៍​ព្រៃ​ឡង់​បាន​ផ្តល់​ដំណឹង​ទៅ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ពួក​គេ​បែរ​ជា​គេចវេះ​មិន​ទទួល​ខុស​ត្រូវ។ លោក​ថា ឈើ​លេខ​មួយ​សុក្រំ​មាន​មុខ​កាត់​ចាប់​ពី ៣​តឹក​កន្លះ ដល់ ៧​តឹក ប្រវែង ៣​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹក​លាក់​ទុក​នៅ​ព្រៃ​សហគមន៍​ប្រាសាទ​តា​ខ្មៅ និង​ត្រៀម​ដឹក​ចេញ​តាម​គោយន្ត។

លើស​ពី​នេះ ក្រុមហ៊ុន​ស៊ីបាយអូថេច ក៏​កំពុង​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ប្រើប្រាស់​គ្រឿងចក្រ​បួន​គ្រឿង ឋិត​នៅ​ចំណុច​អូរជាំ និង​អូរទន្សោម មាន​រថយន្ត​ធំៗ​ត្រៀម​ដឹក​ចេញ​ក្រៅ។ លោក​ថា ឈើ​ដែល​ក្រុមហ៊ុន​កាប់​មាន​ស្រឡៅ សុក្រំ និង​ឈើទាល ជាដើម មាន​មុខ​កាត់​ចាប់​ពី ៤​តឹក​ឡើង​ទៅ។ លោក​បារម្ភ​ថា ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ កំពុង​រង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ហ៊ុមព័ទ្ធ​តំបន់​មួយ​ចំនួន​ក្លាយ​ទៅ​ជា​វាល៖ «សកម្មភាព គឺ​កាប់​ដឹកៗ​តែ​ម្តង​ចូល​រោងចក្រ។ បើ​សិន​បើ​រក​ឃើញ​បរិស្ថាន បរិស្ថាន​ថា​ខុស​ជំនាញ បើ​រាយការណ៍​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ គេ​ថា​រដ្ឋាភិបាល​ចាត់​ទុក​ថា​ព្រៃ​រេចរឹល​សម្បទាន​ឲ្យ​ក្រុមហ៊ុន ហើយ​ក្នុង​ការ​សម្បទាន​នេះ​មិន​បាន​ថ្លឹងថ្លែង​វាស់វែង ពិនិត្យ​មើល​ព្រៃ​ហ្នឹង​វា​រេចរឹល​មែន​អត់ គឺ​អត់​មាន​ទេ»

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​អាជេន ឃុំ​បឹងចារ លោក សំ ណូ ទទូច​ឲ្យ​រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ស៊ីបាយអូថេច (Ci-biotech) ដែល​កំពុង​កាប់​បំផ្លាញ​ឈើ​ទ្រង់ទ្រាយ​ធំ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទីតាំង​ជ្រក​របស់​សត្វ​កម្រ​នៅ​តំបន់​នោះ។ លោក​ថា តំបន់​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង ជា​ជម្រក​សត្វ​ចតុប្បាទ​ព្រៃ​រស់នៅ ឋិត​នៅ​ចំណុច​អូរជាំ ក្នុង​តំបន់​ព្រៃ​ឡង់ ត្រូវ​ក្រុមហ៊ុន​ស៊ីបាយអូថេច សម្រុក​ឈូស​ឆាយ និង​កាប់​ឈើ​មាន​តម្លៃ​អស់​ជាច្រើន​ហិកតារ ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច។ លោក​បន្ថែម​ថា តំបន់​នោះ​មាន​សក្ដានុពល​សម្រាប់​សត្វ​ព្រៃ​រក​ចំណី និង​ទឹក ដោយសារ​លក្ខណៈ​ភូមិសាស្ត្រ​ទីនោះ​មាន​ទន្លេ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​សម្រុក​កាប់​ឈើ​អស់​មួយ​ផ្នែក​ធំ​នៅ​តំបន់​នោះ៖ «ព្រៃ​ហ្នឹង​បើ​រក​ដាក់​ជា​ព្រៃ​ការពារ​ល្អ ព្រោះ​ទន្សោង ខ្ទីង សម្បូរ​ណាស់​ព្រៃ​នេះ កន្លែង​នេះ​ជា​តំបន់​សត្វ​ព្រៃ​ហើយ។ ខ្ញុំ​ចង់​និយាយ​ថា ទន្សោង​វា​ចុះ​ទន្លេ​ដែរ ព្រោះ​តំបន់​ខ្ញុំ​មាន​ភូមិ​អី​ណា​សុទ្ធតែ​ព្រៃ មាន​ទឹក​ផឹក​អូរ​ណា​តាម​ព្រៃ វា​ចុះ​ផឹក​ទន្លេ អា​ហ្នឹង​បើ​ដាក់​ព្រៃ​ការពារ​បាន​ត្រឹមត្រូវ ពុំ​មែន​សម្បទាន​អី​ណា​មក​កាប់​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស៊ីបាយអូថេច (Ci-Biotech) លោក សុ ម៉េងធា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ មីនា។

ដឹក​ឈើ​ព្រៃ​ឡង់ ក្រចេះ ២០១៧ ១៤៤០
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ស៊ីបាយអូថេច (Ci-biotech) ក្នុង​ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។ រូបភាព​សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុក​រាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​ជាក់ស្តែង គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស ដែល​ការពារ​ដោយ​ច្បាប់​ស្ទើរ​នៅ​គ្រប់​ទីកន្លែង។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មីនា ថា ក្រសួង​បរិស្ថាន បាន​ណែនាំ​ឲ្យ​មន្ទីរ​បរិស្ថាន​ទាំង​បួន​ខែត្រ ធ្វើ​ការ​តាមដាន ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​ជាប់​ជា​ប្រចាំ​ពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់ ប្រសិន​បើ​មាន​ករណី​លួច​កាប់​ឈើ ឬ​ក៏​ឈូស​ឆាយ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​នៅ​ព្រៃ​ឡង់ ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ត្រូវ​ចាត់​វិធានការ​ច្បាប់។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ និង​សហគមន៍​ព្រៃ​ឡង់ សរសេរ​លិខិត​ស្នើ​មក​ក្រសួង​បរិស្ថាន ពី​បញ្ហា​នេះ តាម​រយៈ​មន្ទីរ​បរិស្ថាន ប្រសិន​បើ​ច្បាស់​ថា​ពិត​ជា​មាន​សកម្មភាព​កាប់​ឈើ​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ធម្មជាតិ៖ «ឲ្យ​គាត់​ដាក់​លិខិត​មក​មន្ទីរ​ក៏​បាន ក្រសួង​ក៏​បាន ប្រសិន​បើ​គាត់​ឃើញ​ថា កាប់​ចូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ។ ឃើញ​បទល្មើស​គាត់​រាយការណ៍​ហើយ ទី​១ គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​តំបន់​ដែល​គាត់​រស់នៅ​កៀក​ហ្នឹង។ ទី​២ គឺ​អាច​ឡើង​មក​ថ្នាក់​ខែត្រ ដែល​មាន​មន្ទីរ​បរិស្ថាន ហើយ​ទី​៣ ថ្នាក់​ជាតិ​មាន​ក្រសួង​បរិស្ថាន ហើយ​បើ​និយាយ​ថា គេ​កាប់​ពុំ​ឃើញ​ដាំ​អី​អា​ហ្នឹង​រឿយ​ទៀត គឺ​ខាង​កសិកម្ម»

តំណាង​ក្រុមហ៊ុន​ស៊ីបាយអូថេច ធ្លាប់​លើក​ឡើង​ថា ក្រុមហ៊ុន​ស៊ីបាយអូថេច គឺ​ជា​ក្រុមហ៊ុន​តំណាង​ឲ្យ​រដ្ឋាភិបាល​កូរ៉េ អភិវឌ្ឍ​រួម​គ្នា​នឹង​រដ្ឋាភិបាល​កម្ពុជា វិនិយោគ​ដំណាំ​ឧស្សាហកម្ម​អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដែល​វិនិយោគ​លើ​ផ្ទៃដី​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ (៣៤.០០៧​ហិកតារ) តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ខែត្រ​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​គ្មាន​ការ​អភិវឌ្ឍ​អ្វី​ក្រៅ​ពី​កាប់​ឈើ​មូល​ធំៗ និង​ឈូស​ឆាយ​តំបន់​ព្រៃ​ស្រោង​ឲ្យ​ក្លាយ​ជា​ទី​វាល​ទុក​ដី​ទំនេរ​នោះ​ទេ។

ច្បាប់​ភូមិបាល​មាត្រា​៦២ ចែង​ថា រាល់​សម្បទាន​ដី​សម្រាប់​ដំណាំ​ឧស្សាហកម្ម​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល ១២​ខែ បន្ទាប់​ពី​ការ​ផ្តល់​សម្បទាន បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ទុក​ជា​មោឃ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា បើ​ទោះ​បី​ជា​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​រុញ​ច្រាន​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ទប់ស្កាត់​ធនធាន​ធម្មជាតិ ក៏​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ដែរ​ទាក់ទិន​អភិរក្ស​ធនធាន​ធម្មជាតិ។ លោក​ថា ក្រសួង​បរិស្ថាន គួរ​តែ​បន្ថែម​ល្បឿន​អភិរក្ស​ធម្មជាតិ​នៅ​តំបន់​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព មិន​គួរ​បណ្តោយ​ឲ្យ​មាន​រូបភាព​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នោះ​ទេ។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​មិន​គួរ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ដែល​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ជាមួយ​រាជ​រដ្ឋាភិបាល​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​សកម្មភាព​ក្រុមហ៊ុន​ណា​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​កិច្ចព្រមព្រៀង និង​ខ្លឹមសារ​ច្បាប់​នានា ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​អនុវត្ត​ផ្ទុយ​ពី​កិច្ចសន្យា​ដែល​មាន​ក្នុង​អាជ្ញាប័ណ្ណ រដ្ឋាភិបាល​ត្រូវ​ដាក់​ទណ្ឌកម្ម​ច្បាប់ ឬ​ដក​អាជ្ញាប័ណ្ណ៖ «រដ្ឋាភិបាល​ចេញ​សេចក្តី​សម្រេច​គ្រាន់​តែ​មាន​ក្នុង​ឯកសារ តែ​ការ​អនុវត្ត​ទៅ​លើ​តំបន់​ថែរក្សា ឬ​ការពារ​ក្នុង​តំបន់​ហ្នឹង វា​អត់​មាន​អី​ប្រែប្រួល ហើយ​ផ្ទុយ​ពី​ការ​សម្រេច​ហ្នឹង បែរ​ជា​បន្ត​មាន​បទល្មើស​ក្នុង​តំបន់​ហ្នឹង​ដដែល។ មាន​ន័យ​ថា ការ​សម្រេច​នេះ​ហាក់​ដូចជា​គ្រាន់​តែ​ចេញ​ដើម្បី​រំងាប់​ទៅ​លើ​សកម្មជន​ការពារ​ព្រៃ​ឡង់ ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ទាំងឡាយ»

កន្លង​ទៅ ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ធ្លាប់​ព្រមាន​ដល់​ក្រុមហ៊ុន​វិនិយោគ​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​កិច្ចសន្យា ឬ​គោលការណ៍​បច្ចេកទេស និង​ច្បាប់​នានា ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន នឹង​លើក​សំណើ​ទៅ​រាជ​រដ្ឋាភិបាល ដើម្បី​លុប​ចោល​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​នោះ។

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles