Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​មក​ពី​ខេត្ត​​៥​ចូល​រួម​វេទិកា​ពិភាក្សា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

$
0
0

តំណាង​សហគមន៍​មក​ពី​ខេត្ត​ចំនួន​៥ មាន​គ្នា​សរុប​ជាង ៥០​នាក់ ជួប​ពិគ្រោះ​យោបល់​គ្នា​ក្នុង​វេទិកា​សហគមន៍​ដើម្បី​ជួយ​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ការ​ពិគ្រោះ​យោបល់​គ្នា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា។

កិច្ច​ពិគ្រោះ​យោបល់​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​ពលរដ្ឋ​អំពី​សារសំខាន់​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន និង​ផល​ប៉ះពាល់​នៃ​ការ​ទទួល​ព័ត៌មាន​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ រួម​ទាំង​ប្រមូល​ចងក្រង​មតិ​យោបល់​របស់​អ្នក​ចូល​រួម​ដើម្បី​ជូន​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​ព័ត៌មាន ​ដាក់​បញ្ចូល​មតិ​យោបល់​ល្អៗ ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា និង​អង្គការ​យូណេស្កូ (UNESCO) ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ដោយ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា បាន​រៀបចំ​វេទិកា​សហគមន៍​នេះ​ឡើង​ជា​លើក​ទី​១០ និង​ជា​លើក​ចុង​ក្រោយ​នៃ​ការ​ប្រមូល​មតិ​យោបល់​ស្ដីពី​ការ​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​នេះ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ។

តំណាង​អង្គការ​យូណេស្កូ លោក ឆាយ សុផល ដែល​ធ្វើ​ជា​អធិបតី​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​នៅ​ខេត្ត​រតនគិរី ថ្លែង​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​សារប្រយោជន៍​ពីរ​ចំណុច គឺ​ធានា​ឲ្យ​សាធារណជន​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ទទួល​ព័ត៌មាន និង​ចែង​ពី​ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​នានា ត្រូវ​ផ្ដល់ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​បន្ត​ថា សហគមន៍​ត្រូវ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់ ហើយ​ពិគ្រោះ​គ្នា​រក​ចំណុច​វិជ្ជមាន​ដើម្បី​ចូលរួម​តាក់តែង​ច្បាប់​នេះ​ឲ្យ​បាន​សុក្រឹត​ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្ដែង​របស់​ពលរដ្ឋ៖ «បង​ប្អូន​ចង់​សួរ​ថា នៅ​ឃុំ​របស់​យើង​មាន​លុយ​ប៉ុន្មាន​អភិវឌ្ឍន៍​ម៉េច​អត់​មាន​ធ្វើ​ផ្លូវ​អ៊ីចឹង​នៅ​ឃុំ​គេ​មាន​ធ្វើ​ម៉េច​ឃុំ​យើង​អត់​ធ្វើ​យើង​មាន​សិទ្ធិ​ទៅ​សួរ​នោះ​ហើយ គឺ​ជា​សិទ្ធិ​របស់​យើង​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ»

ក្រសួង​ព័ត៌មាន​បាន​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន ៩​ជំពូក និង ៣៦​មាត្រា ក៏ប៉ុន្តែ​ក្រសួង​នេះ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​សហគមន៍ និង​ស្ថាប័ន​សារព័ត៌មាន​ចូលរួម​ពិគ្រោះ​យោបល់​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​នេះ បន្ថែម​មុន​នឹង​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច។

តំណាង​សហគមន៍​ដែល​បាន​ចូលរួម​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​ច្បាប់​បែងចែក​គ្នា​ជា​ក្រុម​ពិគ្រោះ​យោបល់​កែលំអ​ទៅ​លើ​មាត្រា​ខ្លះ រួម​មាន កាត់​បន្ថយ​រយៈពេល​វែង​នៃ​ការ​ផ្ដល់​ឯកសារ សុំ​មិន​ឲ្យ​យក​តម្លៃ​សេវាកម្ម​ថតចម្លង​ឯកសារ ផ្ដល់​និយមន័យ​នៃ​ព័ត៌មាន​សំងាត់​ឲ្យ​បាន​ជាក់លាក់ និង​នៅ​តិច​ជា​អតិបរមា កាត់​បន្ថយ​រយៈពេល​ឆ្លើយ​តប​បណ្ដឹង​តវ៉ា និង​បន្ថែម​មាត្រា​ទាក់ទិន​ការ​ដោះស្រាយ​បណ្ដឹង​តវ៉ា ការ​មិន​ផ្ដល់​ព័ត៌មាន​តាម​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម៖ «សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចង់​បាន​ឯកសារ​ដើម្បី​ទប់ស្កាត់​ក្រុមហ៊ុន​កាប់​រាន​ដី​ព្រៃ​អ៊ីចឹង​ការ​ស្នើ​សុំ​យូរ អ៊ីចឹង​ពួក​ខ្ញុំ​ស្នើ​សុំ​តែ ១០​ថ្ងៃ​នៃ​ថ្ងៃ​គេ​ធ្វើការ​ពួក​គេ»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​ចូលរួម​វេទិកា​ចាត់​ទុក​កិច្ច​ពិគ្រោះ​យោបល់​ទាក់ទិន​សេចក្ដី​ព្រាង​ច្បាប់​របស់​សហគមន៍​ពេល​នេះ គឺ​ជា​ការ​ពង្រឹង​ការ​អនុវត្ត​សិទ្ធិ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​ទាក់ទិន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាន់​តែ​ប្រសើរ៖ «មតិយោបល់​ទាំង​អស់​នេះ​មាន​សារសំខាន់​ណាស់​ដែល​យើង​អាច​យក​ទៅ​ប្រើប្រាស់​បាន។ មតិ​យោបល់​នេះ​យើង​នឹង​ទុក​ជា​ឯកសារ​សំខាន់ ហើយ​អាច​ទុក​ជា​កំណត់​ហេតុ​ប្រវត្តិសាស្ត្រ​ផង​ដែរ​សម្រាប់​ការ​ចូល​រួម​តាក់តែង​ច្បាប់​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី តំណាង​សហគមន៍​សំណូមពរ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​ព័ត៌មាន​ដាក់​បញ្ចូល​គំនិត​យោបល់​របស់​សហគមន៍​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់ ផ្សព្វផ្សាយ​ច្បាប់​នេះ​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​តំបន់​ជនជាតិ​ដើម​ភាគ​តិច​ពង្រឹង​សមត្ថភាព​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បន្ថែម​ទៀត និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles