Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឬ​ក្រុមហ៊ុន​ចិន​សង់​ផ្លូវ​ជាតិ​លេខ​៥១​ប្រកប​ដោយ​គុណភាព

$
0
0

អ្នក​ដំណើរ និង​អ្នក​រស់​នៅ​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៥១ បារម្ភ​ខ្លាច​ក្រុមហ៊ុន​ចិន សង់​ផ្លូវ​គ្មាន​គុណភាព បន្ទាប់​ពី​ផ្លូវ​នេះ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា។ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជឿ​ថា ផ្លូវ​នេះ​នឹង​ធ្វើ​ត្រូវ​តាម​ស្តង់ដារ​មាន​គុណភាព​ល្អ ដោយ​ក្រសួង​នឹង​ត្រួត​ពិនិត្យ​បន្ថែម​លើ​ក្រុមហ៊ុន​វាយតម្លៃ​គុណភាព​ផ្លូវ។

ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ថា ក្រសួង​នឹង​មិន​ទទួល​យក​ផ្លូវ​ធ្វើ​ជាប់​ទេ ប៉ុន្តែ​នឹង​ទទួល​យក​ផ្លូវ​ធ្វើ​មាំ ដែល​មាន​ន័យ​ថា មិន​ទទួល​យក​ផ្លូវ​ដែល​ធ្វើ​គ្មាន​គុណភាព​ធ្វើ​មុខ​ខូច​ខាង​ក្រោយ​ធ្វើ​ក្រោយ​ខូច​ខាង​មុខ តែ​នឹង​ទទួល​យក​ផ្លូវ​ធ្វើ​បាន​មាំ​ប្រើ​បាន​យូរ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ក៏​បង្ហាញ​ពលរដ្ឋ​ថា ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​គុណភាព​ផ្លូវ​ថ្នល់។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក នូ វឌ្ឍនៈ ថា ក្នុង​រយៈ​ពេល​បី​ឆ្នាំ នៃ​ការ​សាង​សង់​ផ្លូវ​នេះ ក្រុមហ៊ុន​ម៉ៅការ​ជា​អ្នក​ទទួល​បន្ទុក​លើ​បញ្ហា​ផ្លូវ​មាន​សំបុក​មាន់ និង​ហុយ ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ប្រចាំ​ថ្ងៃ​ដែរ។

លោក​ថា នៅ​អំឡុង​ពេល​ស្ថាបនា​នេះ អ្នក​រស់​នៅ​អម​សង​ខាង​ផ្លូវ ឬ​អ្នក​ធ្វើ​ដំណើរ​ពិត​ជា​នៅ​បន្ត​ជួប​ការ​លំបាក ប៉ុន្តែ​សូម​ឲ្យ​ពលរដ្ឋ​ទាំង​អស់​យល់៖ «ខាង​ក្រសួង​មុខ​ជា​ធ្វើ​ការ​ប្រជុំ​ធ្វើ​ការ​ណែនាំ និង​សំណូមពរ​ដល់​ភាគី​ចិន​ថា កន្លែង​ណា​ដែល​កំពុង​ធ្វើ​វា​ជា​ការដ្ឋាន​ហើយ ប៉ុន្តែ​កំណត់​ដែល​មិន​ទាន់​បើក​ការដ្ឋាន​លៃ​យ៉ាង​ណា​ត្រូវ​មាន​ការ​ថែទាំ​សំបុក​មាន់ ហើយ​ថា​​អាច​ឲ្យ​ស្រោច​ទឹក​អី​ទៅ​ដើម្បី​កុំ​ឲ្យ​វា​ហុយ។ បាទ..! បញ្ហា​ដឹក​ជញ្ជូន​លើស​ទម្ងន់​ហ្នឹង ជា​កត្តា​មួយ​សំខាន់​ណាស់ ព្រោះ​ប្អូន​ដូច​ជ្រាប​ស្រាប់​ហើយ ដូច​ជា​មាន​យុទ្ធនាការ​កាត់​ទ្រុង​កាត់​អី ប្អូន​ឃើញ​ហើយ។ ប៉ុន្តែ​ផ្លូវ​៥១ វា​ជា​ផ្លូវ​ដែល​វា​ខូច​ទៅ​ហើយ តែ​សង្ឃឹម​ថា នៅ​ពេល​សាងសង់​ថ្មី​យើង​មិន​បណ្ដែតបណ្ដោយ​អ៊ីចឹង​ទៀត​ទេ អត់​បាន​ទេ»។

ផ្លូវ​ជាតិ​លេខ​៥១ មាន​ប្រវែង​ជិត ៤០​គីឡូម៉ែត្រ (៣៧.៩៥) ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៤ ទៅ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ដល់​ផ្សារ​ថ្នល់​ទទឹង ខេត្ត​កណ្ដាល។ ផ្លូវ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ឡើង​វិញ ក្រោម​កម្ចី​ឥណទាន​របស់​ចិន និង​ថវិកា​បដិ​ភាគ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៤០ (៤០,៨៨) លាន​ដុល្លារ ហើយ​ប្រើ​រយៈ​ពេល​សាងសង់​បី​ឆ្នាំ គិត​ចាប់​ឆ្នាំ​២០១៧ ទៅ។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​ពលរដ្ឋ​រស់នៅ​តាម​អម​សងខាង​ផ្លូវ និង​អ្នក​ដំណើរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥១ ត្អូញត្អែរ​ថា ផ្លូវ​នេះ​ហុយ​ខ្លាំង​នៅ​រដូវ​ប្រាំង និង​ជង្ហុក​ជ្រៅៗ លាយ​ភក់ជ្រាំ​នៅ​រដូវ​វស្សា​ដែល​បង្ក​ការ​លំបាក​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ។ ផ្លូវ​នេះ​មាន​ឡាន​ធំៗ​រាប់​រយ​គ្រឿង​ក្នុង​មួយ​ថ្ងៃ បាន​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់ ហើយ​ការ​ត្រួត​ពិនិត្យ​ឡាន​ដឹក​លើស​ទម្ងន់​លើ​ផ្លូវ​នេះ ពុំ​សូវ​មាន​ប្រសិទ្ធភាព។

មាន​ពលរដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​ការ​សប្បាយចិត្ត​ផង និង​ព្រួយ​បារម្ភ​ផង​លើ​គុណភាព​ផ្លូវ​មួយ​ខ្សែ​នេះ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទៅ​កាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ភូមិន្ទ ធិបតី បញ្ចេញ​មតិ​ថា ឃើញ​តែ​ធ្វើៗ ធ្វើ​បាន ៦​ខែ​ក្រោយ​ខូច​ខ្ទេច។ ចំណែក​អ្នក​លេង​ហ្វេសប៊ុក​ឈ្មោះ ចាន់ រិទ្ធិ (Chan rith) ថា លើក​នេះ​ធ្វើ​បាន​រយៈ​ប៉ុន្មាន​ឆ្នាំ​ទៀត​ខូច ហើយ​ឈ្មោះ កាន់ វាសនា (Khan veasna) ថា​មិន​សង្ឃឹម​ថា​ឲ្យ​ធ្វើ​ជាប់​រហូត​នោះ​ទេ។ ចំណែក​ម្ចាស់​ហ្វេសប៊ុក ឈ្មោះ កាន់ សុខខឿន តប​វិញ​ថា អ្នក​អត់​ធ្វើ​អី​សោះ​បាន​អត់​ចេះ​ខូច ចេះ​តែ​ថា​មិន​ដែល​ធ្វើ។

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក នូ វឌ្ឍនៈ បញ្ជាក់​ថា ក្រោយ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​រួច ខាង​ក្រុមហ៊ុន​ធានា​លើ​ការ​ប្រើប្រាស់​រយៈ​ពេល ១​ឆ្នាំ ប៉ុន្តែ​វា​ត្រូវ​ប្រើ​ពេល​សាងសង់​យូរ​បន្តិច​ដោយសារ​តែ​ក្រុមហ៊ុន​ត្រូវ​សង់​ប្រព័ន្ធ​លូ​ជ្រុង មូល និង​លូ​អម​សងខាង​ផ្លូវ​សរុប​ជិត ២០០​កន្លែង ហើយ​ផ្លូវ​នេះ​នឹង​ពង្រីក​ទំហំ​ទទឹង ១១​ម៉ែត្រ ដោយ​អ៊ុត​កៅស៊ូ​កម្រាស់ ៩​សង់ទីម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles