Clik here to view.

គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការប្រជុំវិសាមញ្ញរដ្ឋសភានៅថ្ងៃទី១១ ខែកញ្ញា របស់សមាជិកសភាបក្សកាន់អំណាច ដើម្បីផ្តល់សិទ្ធិឲ្យអាជ្ញាធរបន្តចោទប្រកាន់ ឃាត់ខ្លួន និងឃុំខ្លួនលោក កឹម សុខា ជាទង្វើខុសច្បាប់ ព្រោះទោះបីជារដ្ឋសភាប្រើប្រាស់គោលការណ៍នៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញដើម្បីលើកអភ័យឯកសិទ្ធិសភា ឬការបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើន ៣ ភាគ ៤ (៣/៤) ក៏រដ្ឋសភាពុំមានកូរ៉ុមគ្រប់គ្រាន់ក្នុងការប្រជុំសម្រេចបានដែរ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានធ្វើការប្រជុំកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា និងសម្រេចជាឯកច្ឆន្ទ។
សេចក្តីថ្លែងការណ៍ដដែលក៏បានបន្តថ្កោលទោស និងទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ព្រមទាំងអះអាងថា លោក កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ ដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បក្សប្រឆាំងក៏គាំទ្រចំពោះសេចក្តីថ្លែងការណ៍ថ្កោលទោសពីសហគមន៍អន្តរជាតិដែរ។
ទន្ទឹមគ្នានេះ គណបក្សសង្គ្រោះជាតិ ប្ដេជ្ញាបន្តការងារឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៨ ដោយសង្ឃឹមថា សហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរ រួមគ្នាជំរុញឲ្យស្ថានភាពនយោបាយ និងសិទ្ធិមនុស្សកម្ពុជា មានភាពត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីធានាឲ្យការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌៕