Clik here to view.

មន្ត្រីរដ្ឋាភិបាលមិនជឿថា ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ពីសំណាក់ជនជាតិខ្មែរនៅបរទេសដើម្បីទាមទារឲ្យដោះលែងប្រធានបក្សប្រឆាំង លោក កឹម សុខា មិនពាក់ព័ន្ធនឹងគណបក្សប្រឆាំងនោះទេ។ ប៉ុន្តែបក្សប្រឆាំងបដិសេធថា គ្មានការពាក់ព័ន្ធឡើយ ដោយការតវ៉ាជាសិទ្ធិបុគ្គលក្នុងការសម្ដែងមតិ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកការប្រកែករបស់មន្ត្រីបក្សប្រឆាំងថាជាការភូតភរ ព្រោះអ្នកដែលទៅធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខា សុទ្ធតែជាអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នៅបរទេស៖ «ការលើកឡើងដោយភូតភរ។ អ្នកទាំងអស់នោះសុទ្ធអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ»។
សហគមន៍ខ្មែរនៅបរទេស ចាប់តាំងពីថ្ងៃទី៥ ខែកញ្ញា បានផ្ដើមបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ជុំវិញការចាប់ខ្លួនលោក កឹម សុខា ការបញ្ឈប់លែងឲ្យអង្គការអន្តរជាតិ អិន.ឌី.អាយ (NDI) ធ្វើសកម្មភាពពាក់ព័ន្ធកិច្ចការបោះឆ្នោត ការបិទស្ថានីយផ្សាយព័ត៌មានបន្តឲ្យវិទ្យុបរទេស និងការបិទស្ថាប័នកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដោយក្រុមបាតុករផ្ដើមធ្វើបាតុកម្មចេញពីទីក្រុងឡូវែល (Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) នៃសហរដ្ឋអាមេរិក។
រហូតដល់ថ្ងៃសៅរ៍ ទី៩ កញ្ញា សហគមន៍ខ្មែរនៅក្នុងប្រទេសបីទៀត គឺអូស្ត្រាលី (Australia) កាណាដា (Canada) និងបារាំង (France) បានជួបជុំគ្នានៅតាមទីក្រុងមួយចំនួន ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ជុំវិញការចាប់ខ្លួនលោក កឹម សុខា។ ខ្មែរនៅបរទេសទាំងនោះរាប់រយនាក់ បាននាំគ្នាលើកបដាដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា និងស្នើឲ្យគោរពសិទ្ធិមនុស្ស សេរីភាពខាងសារព័ត៌មាននៅកម្ពុជា។Image may be NSFW.
Clik here to view.
សកម្មភាពបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ មន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា គ្មានឥទ្ធិពលដែលអាចប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជា នោះទេ គឺគ្រាន់តែជាសកម្មភាពប្រមាថរដ្ឋាភិបាលកម្ពុជា ហើយទៅគាំទ្រលោក កឹម សុខា។ លោក ផៃ ស៊ីផាន ព្រមានថា រដ្ឋាភិបាលនឹងមានវិធានការលើសកម្មភាពបាតុកម្មនោះ ត្រង់វិធានការយ៉ាងណា លោកមិនទាន់ដឹងនោះទេ។
ក្រោយពីការចាប់ខ្លួនលោក កឹម សុខា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមិនឲ្យគណបក្សប្រឆាំងធ្វើបាតុកម្ម ឬចេញមុខការពារឡើយ។ ប្រសិនបើមានសកម្មភាពទាំងនេះចេញពីបក្សប្រឆាំង លោក ហ៊ុន សែន ព្រមានរំលាយគណបក្សសង្គ្រោះជាតិ ចោលតែម្តង។ លោក ហ៊ុន សែន ដែលអួតក្ដែងៗថាខ្លួនជាមេដឹកនាំកាន់អំណាចយូរជាងគេលើពិភពលោក ក៏បានប្រតិកម្មខ្លាំងៗដាក់អន្តរជាតិចំពោះការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលលោក ជុំវិញការចាប់ខ្លួនមេបក្សប្រឆាំង។ លោក ហ៊ុន សែន បានហៅសហរដ្ឋអាមេរិក ថាជាមេខ្លោងរបស់លោក កឹម សុខា។
សមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បដិសេធថា បក្សប្រឆាំងមិនបានពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខា នៅបរទេសនោះទេ។ លោក សុន ឆ័យ បញ្ជាក់ថា គណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រឆាំងកាលពីថ្ងៃទី៩ កញ្ញា បានកោះហៅមេដឹកនាំបក្សប្រឆាំងគ្រប់ខេត្ត-រាជធានី ដើម្បីបញ្ជាក់ជំហរថា គណបក្សប្រឆាំងគ្មានគម្រោងធ្វើបាតុកម្មនោះទេ។ លោកថា ការងាររបស់បក្សប្រឆាំងនៅពេលនេះ គឺត្រូវបន្តគោលការណ៍របស់បក្ស ជំរុញការងាររបស់គណបក្សដោយអហិង្សា ឆ្ពោះទៅរកការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ២០១៨៖ «យើងជឿជាក់ថា សន្ទុះការទាមទារ ការខិតខំរបស់សហគមន៍អន្តរជាតិនេះ នឹងជំរុញឲ្យប្រទេសកម្ពុជា ហ្នឹង អនុវត្តឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ដែលយើងចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅក្នុងឆ្នាំ១៩៩១ វិញ»។
សហគមន៍ខ្មែរដែលចូលរួមបាតុកម្មនៅឯទីលានសិទ្ធិមនុស្សទីក្រុងប៉ារីស ប្រទេសបារាំង លោក យុន សារុន ថ្លែងថា បាតុកម្មនៅទីក្រុងប៉ារីស មិនស្វាគមន៍អ្នកមាននិន្នាការនយោបាយឡើយ ហើយការធ្វើបាតុកម្ម គឺដើម្បីចង់ឲ្យខ្មែរសាមគ្គីគ្នា ឈប់រករឿងគ្នា៕