Clik here to view.

ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងទៅមុខពន្ធនាគារត្រពាំងផ្លុង (ម៣) នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ដើម្បីបង្ហាញពីជំហរមិនគាំទ្រចំពោះក្រុមតំណាងរាស្ត្ររដ្ឋសភានៃគណបក្សប្រជាជនកម្ពុជា ដែលបើកការប្រជុំវិសាមញ្ញលើករណីអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង។
អនុប្រធាន និងជាតំណាងរាស្ត្ររបស់គណបក្សប្រឆាំង អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ជំហររបស់បក្សប្រឆាំង គឺស្នើឲ្យមានការដោះលែងលោក កឹម សុខា។ អ្នកស្រី មូរ សុខហួរ អះអាងថា បានដាក់លិខិតទៅពន្ធនាគាររួចហើយ ប៉ុន្តែខាងពន្ធនាគារមិនទាន់ឆ្លើយតបយ៉ាងណានោះទេ។ ទោះជាយ៉ាងណា តំណាងរាស្ត្របក្សប្រឆាំងដែលកំពុងមានវត្តមានក្នុងស្រុកជាង ២០នាក់ នឹងឈរនៅមុខពន្ធនាគារ បើទោះជាមិនបានចូលជួបលោក កឹម សុខា ក៏ដោយ នៅថ្ងៃទី១១ កញ្ញា៖ «ក្នុងបំណងបង្ហាញជំហររបស់យើង ថាយើងមិនគាំទ្រនូវអ្វីដែលជាការជំរុញនៅឯសភា (រដ្ឋសភា) ឲ្យមានការថ្កោលទោសរហូតទៅដល់ឲ្យមានការប្រជុំវិសាមញ្ញ ឲ្យតុលាការបន្តនីតិវិធីនូវការស៊ើបអង្កេតករណីលោកប្រធាន កឹម សុខា»។
កាលពីថ្ងៃទី៧ កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានតែសំឡេងពីខាងគណបក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសរើសយកថ្ងៃទី១១ ខែកញ្ញា ពេលព្រឹក ដើម្បីស្នើពីសមាជិកសភាផ្ដល់សេចក្ដីទុកចិត្ត ជំរុញឲ្យតុលាការផ្អាកនីតិវិធីរឿងក្ដីលោក កឹម សុខា។
សមាជិកសភារបស់បក្សកាន់អំណាច លោក ឈាង វុន បានអះអាងថា មូលហេតុនៃការស្នើឲ្យតុលាការផ្អាកនីតិវិធីនេះ ព្រោះមេបក្សប្រឆាំងក៏ជាសមាជិកសភាដូចសមាជិកសភាដទៃទៀតដែរ។ លោកបន្តថា បើទោះជាបែបណា មកដល់ពេលនេះនៅមិនទាន់ប្រាកដនៅឡើយទេថា តើសមាជិកសភានឹងមានសំឡេងគ្រប់គ្រាន់ ដើម្បីស្នើសុំឲ្យតុលាការផ្អាកនីតិវិធីដែរ ឬបន្តទៅមុខទៀតយ៉ាងណានៅឡើយនោះទេ។
ក្រោយពីក្រុមតំណាងរាស្ត្ររដ្ឋសភានៃគណបក្សសង្គ្រោះជាតិ ចេញលិខិតបញ្ជាក់ពីគម្រោងទៅមុខពន្ធនាគារត្រពាំងផ្លុង បានប៉ុន្មានម៉ោងក្រោយមក ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន បានប្រាប់សារព័ត៌មានហ្វ្រែសញូវ (Fresh News) ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានបញ្ជូនកងកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងទាហានសរុបជិត ៣០០នាក់ ទៅកាន់ពន្ធនាគារត្រពាំងផ្លុង និងបើចាំបាច់ នឹងត្រូវបន្ថែមកម្លាំងទៀតដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់នៅពេលមានការជួបជុំណាមួយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
បើទោះជាមានការដាក់ពង្រាយកងកម្លាំងប៉ូលិស និងទាហានរាប់រយនាក់ក៏ដោយ អនុប្រធាន និងជាតំណាងរាស្ត្រ អ្នកស្រី មូរ សុខហួរ អះអាងថា ក្រុមតំណាងរាស្ត្ររបស់បក្សប្រឆាំងនៅតែរក្សាជំហរទៅមុខពន្ធនាគារត្រពាំងផ្លុងដដែល ដោយមិនមានការភ័យខ្លាចចំពោះការគំរាមណាមួយឡើយ ប៉ុន្តែអ្នកស្រី មូរ សុខហួរ ឆ្ងល់ថា ហេតុអ្វីបានជាប៉ូលិសត្រូវដាក់កម្លាំងរារាំងដំណើររបស់តំណាងរាស្ត្រ៕