Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​គ.ជ.ប​ថា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​​៨​ថ្ងៃ​ដំបូង​មាន​ចំនួន​តិច​នៅ​ឡើយ

Image may be NSFW.
Clik here to view.

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លើក​ឡើង​ថា ពលរដ្ឋ​ជាង ៤​ម៉ឺន​នាក់ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នៅ​ក្នុង​រយៈពេល ៨​ថ្ងៃ​ដំបូង គឺ​មាន​ចំនួន​តិច​​នៅ​ឡើយ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ភាព​តានតឹង​ផ្នែក​នយោបាយ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ពលករ​ចំណាក​ស្រុក គឺ​ជា​បញ្ហា​នាំ​ឱ្យ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ចំនួន​តិច​បែប​នេះ។

តួលេខ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ឱ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ក្នុង​រយៈពេល ៨​ថ្ងៃ​ដំបូង គិត​ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​​៨ ខែ​កញ្ញា គឺ​មាន​ចំនួន ៤៤.៣៥៥​នាក់ ស្មើ​នឹង ២,៧៣​ភាគរយ បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំនួន​ជាង ១,៤​លាន​នាក់។

​មន្ត្រី​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ កញ្ញា ថា បើ​ទោះ​ជា​អ្នក​ចុះ​ឈ្មោះ​ជាង ៤​ម៉ឺន​នាក់​នេះ ត្រូវ​បាន​ប៉ាន់ស្មាន​ថា ជា​ចំនួន​តិច​នៅ​ឡើយ ប៉ុន្តែ​លោក​សង្ឃឹម​ថា ពលរដ្ឋ​នឹង​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​ច្រើន​នៅ​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំ​ខាង​មុខ៖ «ហើយ​នៅ​ក្នុង​ឃុំ​ខ្លះ​មាន​តែ ៦០​នាក់​មិន​ទាន់​ចុះ​ឈ្មោះ ហើយ​បើ​ក្នុង​មួយ​ថ្ងៃ​មក​ចុះ​ឈ្មោះ​ម្នាក់ ក្នុង​រយៈពេល ៧០ គឺ​ចុះ​អស់​ដែរ។ អ៊ីចឹង​តួលេខ​នេះ យើង​មើល​ទៅ​ហាក់​តិច​ក្ដី ប៉ុន្តែ​ជា​ចំនួន​មួយ​បាន​ចាប់​ផ្ដើម​ហើយ»

​លោក ហង្ស ពុទ្ធា បន្ត​ថា ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នោត​ទាំង​អស់​នឹង​ត្រូវ​បិទ​ទ្វារ​រយៈពេល ៣​ថ្ងៃ គឺ​មុន​ពិធី​បុណ្យ​ភ្ជុំ​មួយ​ថ្ងៃ​ក្នុង​ថ្ងៃ​ភ្ជុំ​មួយ​ថ្ងៃ និង​ក្រោយ​ពិធី​បុណ្យ​មួយ​ថ្ងៃ។ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ឆ្នាំ​២០១៧ សម្រាប់​អ្នក​ទើប​គ្រប់​អាយុ អ្នក​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​២០១៦ អ្នក​ផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី និង​ពលករ​ចំណាកស្រុក គឺ​បាន​ចាប់​ផ្ដើម​ពី​ទី​១ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ការ​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល ការ​បណ្ដេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ការ​បិទ​កាសែត​បរទេស និង​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ទាំង​អស់​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ពី​វិទ្យុ​អាស៊ីសេរី (RFA) សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ព្រម​ទាំង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា គឺ​ជា​ប្រភព​បញ្ហា​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ និង​ពលរដ្ឋ​ខ្លះ​ទៀត​ហាក់​អស់​សង្ឃឹម​មិន​ចង់​ទៅ​ឈ្មោះ​បោះឆ្នោត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហង្ស ពុទ្ធា ឆ្លើយ​តប​ថា គ.ជ.ប មិន​ទទួល​បាន​របាយការណ៍​ណា​មួយ​ដែល​លើក​ឡើង​អំពី​បញ្ហា​ទាំង​នេះ​ទេ ក្រៅ​តែ​ពី​មាន​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​មួយ​ចំនួន និង​ការ​បញ្ចេញ​មតិ​ជា​លក្ខណៈ​បុគ្គល។ មន្ត្រី​នាំ​ពាក្យ គ.ជ.ប រូប​នេះ​បញ្ជាក់​ថា មាន​តែ​បញ្ហា​អាកាសធាតុ​ប៉ុណ្ណោះ ដែល​បាន​រំខាន​ដល់​ដំណើរការ​ចុះ​ឈ្មោះ​របស់​ពលរដ្ឋ​នៅ​ពេល​នេះ៖ «បញ្ហា​ធ្លាក់​ភ្លៀង គឺ​ជា​បញ្ហា​រំខាន ហើយ​បញ្ហា​ដែល​យើង​ប្រឈម​ខ្លាំង គឺ​បញ្ហា​អ៊ីនធឺណិត»

​ចំណែក​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​អាច​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ ការ​អនុញ្ញាត​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ខាង​បោះ​ឆ្នោត​អាច​សកម្មភាព​ដូច​ដើម និង​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​ព័ត៌មាន​បាន​ទូលំទូលាយ​ដូច​មុន នោះ​នឹង​អាច​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បាន​ច្រើន​ជាង​ពេល​នេះ៖ «ដូចជា NDI ជាដើម មាន​ជួយ​ច្រើន ដូចជា​ការ​អប់រំ​នៅ​តាម​ប្រព័ន្ធ​វិទ្យុ និង​នៅ​តាម​មូលដ្ឋាន​ផ្សេង ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​ទៅ​ចុះឈ្មោះ​បោះឆ្នោត»

​លោក កន សាវាង្ស បន្ត​ទៀត​ថា មក​ដល់​ពេល​នេះ ការ​បង្កើត​ការិយាល័យ​ចុះឈ្មោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​សម្រាប់​ពលករ​ចំណាក​ស្រុក គឺ​ហួសពេល​ទៅ​ហើយ។ លោក​ថា ការ​អំពាវនាវ​របស់ គ.ជ.ប ដើម្បី​ឱ្យ​ពលករ​ចំណាក​ស្រុក​ត្រឡប់​មក​​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត​វិញ ក៏​មិន​មែន​ជា​រឿង​ងាយស្រួល​សម្រាប់​ពលករ​នោះ​ដែរ។ លើស​ពី​នេះ លោក កន សាវាង្ស និយាយ​ថា ការ​កែប្រែ​នីតិវិធី​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​បញ្ជាក់​លិខិត​ស្នាក់នៅ​ជូន​ពលរដ្ឋ​ដែល​ផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី ពី​នីតិវិធី​មិន​កំណត់​ពេល ទៅ​ជា​កា​កំណត់ពេល ៣០​ថ្ងៃ ទើប​អាច​សុំ​លិខិត​ស្នាក់​នៅ​បាន ក៏​ជា​ចំណែក​នៃ​បញ្ហា​ថ្មី​បន្ថែម​ទៀត ដាក់​បន្ទុក​សម្រាប់​ពលករ​ចំណាកស្រុក​ទាំង​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ប្រទេស ពិបាក​ធ្វើ​ឯកសារ​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ដែរ។

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​បោះ​ឆ្នោត​ដើម្បី​បើកផ្លូវ​ឱ្យ​ពលករ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស ដែល​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ដាក់​ជូន​ទៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា គឺ​កំពុង​ស្ថិត​ក្នុង​សិក្សា​របស់​លោក គណៈកម្មការ​ជំនាញ​នីតិកម្ម និង​យុត្តិធម៌​នៅ​ឡើយ។

ថ្វី​ត្បិត​យ៉ាង​ណា​ក្ដី មន្ត្រី​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប នឹង​មិន​បន្ថែម​ថ្ងៃ​សម្រាប់​ការ​ចុះ​ឈ្មោះ​ឡើយ បើ​ទោះ​ជា​ក្នុង​រយៈពេល​ទាំង ៧០​ថ្ងៃ ពលរដ្ឋ​ជាង ១,៤​លាន​នាក់ មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទាំង​អស់​គ្នា៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles