Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ដាក់​លិខិត​ទៅ​រដ្ឋ​សភា​ស្នើ​​កោះហៅ​រដ្ឋមន្ត្រី​​២​រូប​ទៅ​សាកសួរ

$
0
0

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង គ្រោង​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋ​សភា​ដើម្បី​កោះ​ហៅ​រដ្ឋមន្ត្រី ២​ក្រសួង គឺ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ទៅ​សួរ​នាំ​ករណី​បិទ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​ពី​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទាក់ទង​ករណី​ចាប់​ខ្លួន​តំណាងរាស្ត្រ​រដ្ឋ​សភា​ទាំង​មាន​អភ័យ​ឯក​សិទ្ធិ។

​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ប្រាប់​ថា គណបក្ស​ប្រឆាំង​សម្រេច​រួច​ហើយ​ថា នឹង​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ គឺ​តាំង​ពី​សប្ដាហ៍​មុន ប៉ុន្តែ​ដោយសារ​មាន​ព្រឹត្តិការណ៍​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ទើប​មាន​ការ​ពន្យារ​ពេល។ ក្រោយ​ពេល​ចាប់​ខ្លួន លោក កឹម សុខា នេះ លោក សុន ឆ័យ អះអាង​ថា គណបក្ស​ប្រឆាំង​សម្រេច​ថា នឹង​កោះ​ហៅ​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ឲ្យ​បំភ្លឺ​ករណី​ចាប់​ខ្លួន​តំណាងរាស្ត្រ​ទាំង​មាន​អភ័យឯកសិទ្ធិ៖ «ហេតុផល​ដែល​ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ទៅ​ដល់​អាជ្ញាធរ​ដែល​ចាប់​អ្នក​តំណាងរាស្ត្រ​យើង​ទាំង​អភ័យ​ឯកសិទ្ធិ ហើយ​ថា​ជា​ការ​ចាប់​ដោយ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ដូច្នេះ​យើង​ចង់​ឲ្យ​មាន​ការ​ពន្យល់»

តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា មក ក្រសួង​ព័ត៌មាន បាន​ដក​អាជ្ញាប័ណ្ណ​បញ្ឈប់​ការ​ផ្សាយ​ទាំង​ស្រុង​របស់​វិទ្យុ​ក្នុង​ស្រុក​ជា​ច្រើន​ស្ថានីយ​ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ វី.អូ.អេ អាស៊ីសេរី វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​កម្មវិធី​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា ស្ថានីយ​វិទ្យុ​ទាំង​នោះ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង។

នៅ​យប់​កណ្ដាល​អធ្រាត្រ ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា សមត្ថកិច្ច​រដ្ឋាភិបាល​បាន​ឡោមព័ទ្ធ និង​ចូល​ចាប់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​កែប្រែ​ត្រពាំងផ្លុង ឬ ម៣ នៅ​ខេត្ត​ត្បូងឃ្មុំ។

នៅ​ថ្ងៃ​តែមួយ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្ញើ​លិខិត​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក ២​ទៀត គឺ​វិទ្យុ​សំបុកឃ្មុំ និង វិទ្យុ​ស្ត្រី​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ដោយ​បញ្ជា​ឲ្យ​បិទ​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ វី.អូ.អេ និង អាស៊ីសេរី ក្រោម​ហេតុផល​ថា វិទ្យុ​បរទេស​ទាំងពីរ​នេះ ពុំ​ទាន់​បាន​ចុះ​បញ្ជី​ការិយាល័យ​តំណាង​នៅ​ក្រសួង​ព័ត៌មាន នៅ​ឡើយ។

ទាក់ទង​ករណី​គម្រោង​កោះហៅ​រដ្ឋមន្ត្រី​ទាំង ២​ក្រសួង ឲ្យ​បំភ្លឺ​នៅ​រដ្ឋ​សភា​នេះ អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បាន​ទេ ខណៈ​ដែល​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​កោះហៅ​សមាជិក​រដ្ឋាភិបាល ប៉ុន្តែ​សមាជិក​រដ្ឋាភិបាល​ក៏​មាន​សិទ្ធិ​ពិចារណា​ក្នុង​ការ​ទៅ​បំភ្លឺ ឬ​មិន​ទៅ​បំភ្លឺ​ដែរ។ តែ​យ៉ាង​ណា លោក ជិន ម៉ាលីន មិន​ទាន់​ប្រកែក​ថា ទៅ ឬ មិន​ទៅ​នោះ​ទេ ដោយ​លោក​ថា ក្រសួង​នឹង​ពិចារណា​នៅ​ពេល​លិខិត​តំណាងរាស្ត្រ​ទៅ​ដល់​ក្រសួង៖ «សំខាន់​ឲ្យ​គាត់​ដាក់​លិខិត​មក​សិន​មក ហើយ​គេ​នឹង​ធ្វើ​ការ​ពិចារណា​នៅ​តាម​ក្រោយ។ សំណួរ​ដែល​គាត់​សួរ​ហ្នឹង វា​មាន​សារសំខាន់​បែប​ណា ឬ​មួយ​ក៏​មិន​ចាំបាច់​ទេ ដោយសារ​តែ​ក្រសួង​បាន​ធ្វើ​ការ​បំភ្លឺ​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​មួយ​ចំនួន​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍ និង​ការ​បំភ្លឺ​មួយ​ចំនួន​រួច​ទៅ​ហើយ ហើយ​បើ​គាត់​នៅ​តែ​មិន​យល់​ទៀត តើ​ចាំបាច់​ក្រសួង​នឹង​ទៅ​ពន្យល់​នៅ​នឹង​សភា​ទៀត យើង​នឹង​ពិចារណា​នៅ​ពេល​ក្រោយ»

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អះអាង​ការ​ចាប់​លោក កឹម សុខា ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​ចោទ​បក្ស​ប្រឆាំង​វិញ​ថា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បកស្រាយ​បំភ្លៃ​ច្បាប់ និង​បាន​ទម្លាក់​កំហុស​ទៅ​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់។

​អ្នក​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា  គិត​ថា វិធីសាស្ត្រ​កោះ​ហៅ​រដ្ឋមន្ត្រី​ទៅ​សួរ​នាំ​នៅ​រដ្ឋ​សភា​នៅ​ពេល​នេះ​ពុំ​មាន​ឥទ្ធិពល​ទេ ដោយសារ​កន្លង​មក​គណបក្ស​កាន់​អំណាច​មិន​ទៅ​ឆ្លើយ​ដោយ​ផ្ទាល់​ក៏​បាន។ ម្យ៉ាង​ទៀត​លោក​ថា មេ​បក្ស​កាន់​អំណាច គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​មិន​ឲ្យ​សមាជិក​រដ្ឋាភិបាល​ទៅ​ឆ្លើយ​នៅ​រដ្ឋសភា​ក៏​បាន​ដែរ៖ «សង្គ្រោះ​ជាតិ ពុំ​មាន​ឥទ្ធិពល​អី​ទៅ​លើ​រដ្ឋមន្ត្រី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​កោះ​មក​ឆ្លើយ​សំណួរ​នៅ​រដ្ឋ​សភា​ទេ។ ...វិធានការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មី​ក៏ដោយ ចាស់​ក៏ដោយ គឺ​អត់​មាន​ប្រសិទ្ធភាព​អី ទៅ​លើ​គណបក្ស​កាន់​អំណាច​ទេ វា​អត់​មាន​ភាព​ទាក់ទាញ​ទៅ​ដល់​ប្រជាពលរដ្ឋ ព្រោះ​គាត់​ធ្វើ​គ្រាន់​តែ​ឲ្យ​មាន​សកម្មភាព។ ខ្ញុំ​គិត​ទៅ​វា​អត់​មាន​យន្តការ​អី​ដែល​អាច​ដាក់​បន្ទុក​បាន»

ប្រធាន​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ បញ្ជាក់​ថា ទោះ​យ៉ាង​ណា ក៏​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ធ្វើ​លិខិត​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ទៅ​សួរ​ដែរ ព្រោះ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​ទាន់​អស់​ចិត្ត​នោះ​ទេ​ចំពោះ​ការ​ចាប់​មេ​បក្ស គឺ​លោក កឹម សុខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles