Clik here to view.

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ចាប់ពីថ្នាក់តំណាងរាស្ត្ររហូតដល់ក្រុមប្រឹក្សារាជធានី-ខេត្ត និងឃុំ នឹងត្រូវបញ្ចប់តំណែង ប្រសិនបើបក្សប្រឆាំងពិតជាត្រូវរំលាយចោលនោះ។ សង្គមស៊ីវិលយល់ថា ពលរដ្ឋនៅមូលដ្ឋាននឹងខកចិត្ត ប្រសិនបើតំណាងដែលពួកគេបោះឆ្នោតឲ្យត្រូវគេដកតំណែង។
ការបញ្ជាក់អំពីការអស់តំណែង និងតួនាទីនៅក្នុងស្ថាប័នរដ្ឋពីសំណាក់ គ.ជ.ប នេះ គឺក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលព្រមានគណបក្សសង្គ្រោះជាតិ ថាអាចនឹងត្រូវរំលាយចោល ប្រសិនគណបក្សនេះនៅតែរឹងទទឹងមិនដូរ ឬដាក់ប្រធានថ្មីជំនួសលោក កឹម សុខា។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា ឲ្យដឹងថា តាមច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ គឺក្រោយពេលរំលាយគណបក្សហើយ សមាជិកទាំងអស់ដែលមានតួនាទីជាប់ដោយការបោះឆ្នោត នឹងត្រូវអស់តួនាទីតាមគណបក្សដែលត្រូវគេរំលាយដែរ៖ «»។
កាលពីថ្ងៃទី៦ ខែកញ្ញា មន្ត្រីនាំពាក្យឲ្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងពុំអាចមានវត្តមានធ្វើសកម្មភាពនយោបាយនៅកម្ពុជា បានជាបន្តទៅទៀតទេ ប្រសិនបើគណបក្សនេះរឹងរូសមិនព្រមតែងតាំងប្រធានថ្មីជំនួសលោក កឹម សុខា។ ឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ វិញ ក៏ព្រមានទៀតថា នៅពេលដែលគណបក្សប្រឆាំងត្រូវរំលាយចោល សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបជាប់ឆ្នោតទាំងអស់របស់គណបក្សនេះមានជាង ៥ពាន់នាក់ រួមទាំងក្រុមប្រឹក្សានៅតាមស្រុក ខត្ត និងក្រុង និងសមាជិកព្រឹទ្ធសភា (ប្រសិនបើមាន) ព្រមទាំងតំណាងរាស្ត្ររបស់គណបក្សនេះផងដែរ នឹងត្រូវបាត់បង់តំណែងទាំងអស់។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និកហ្វិច (NICFEC) លោក សំ គន្ធាមី បញ្ជាក់ថា នៅពេលសមាជិកបក្សប្រឆាំងបាត់បង់តួនាទីតាមច្បាប់ គឺសមាជិកគណបក្សផ្សេងនឹងត្រូវបំពេញជំនួស។ លោកយល់ថា កាលណាមានតែគណបក្សមួយឈរតែឯងតាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន នឹងធ្វើឲ្យពលរដ្ឋដែលស្រឡាញ់គោលនយោបាយគណបក្សប្រឆាំងខកចិត្ត៖ «»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីជំហររបស់មន្ត្រីជាន់ខ្ពស់ និងអ្នកនាំពាក្យគណបក្សប្រឆាំងបានទេ នៅថ្ងៃទី៧ ខែកញ្ញា ជុំវិញការព្រមានបញ្ចប់តួនាទីតំណាងរាស្ត្រ និងក្រុមប្រឹក្សារបស់បក្សនេះ បើមិនព្រមដូរប្រធានថ្មីជំនួសលោក កឹម សុខា។
ច្បាប់វិសោធនកម្មស្ដីពីគណបក្សនយោបាយ ដែលមានតែតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចបានអនុម័តកាលពីពេលថ្មីៗនេះ បានចែងនៅត្រង់វាក្យខណ្ឌទី២ មាត្រា៤៥ថ្មី (ស្ទួន) ថា ត្រូវលុបឈ្មោះគណបក្សនយោបាយចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅក្នុងករណីដែលគណបក្សនយោបាយនោះ ត្រូវសម្រេចផ្អាក ឬត្រូវបានរំលាយដោយស្របតាមច្បាប់នេះ។
សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ម៉េង សុភាវី នៅតែអះអាងថា ច្បាប់ស្ដីពីគណបក្សនយោបាយថ្មីនេះមិនបានបម្រើឲ្យផលប្រយោជន៍ប្រជាជននោះទេ ដោយគណបក្សមួយចំនួនបានរងគំនាបនៃច្បាប់នេះ៖ «»។
បើទោះជាអ្នកគាំទ្រគណបក្សប្រឆាំង អាចនឹងត្រូវខកបំណងក្ដី ក៏ប៉ុន្ដែអ្នកនាំពាក្យ គ.ជ.ប លោកបណ្ឌិត ហង្ស ពុទ្ធា នៅតែអះអាងថា គ.ជ.ប មានតួនាទីតែពីរប៉ុណ្ណោះ គឺអនុវត្តច្បាប់ និងរិះរកបច្ចេកទេសដើម្បីឲ្យពលរដ្ឋងាយស្រួលក្នុងការបោះឆ្នោត៕