Clik here to view.

កិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព ទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ត្រូវបានមេដឹកនាំប្រទេសទាំងពីរអះអាងថា ជាកិច្ចប្រជុំប្រកបដោយផ្លែផ្កាក្នុងទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច សន្តិសុខ និងចំណងការទូត។ មេដឹកនាំទាំងពីរក៏រំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ កាន់តែរឹងមាំថែមមួយកម្រិតទៀត។
បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគី និងបន្ទាប់ពីកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) បានធ្វើសន្និសីទរួមគ្នា ដោយបង្ហាញលទ្ធផលផ្លែផ្កាជាច្រើនអំពីកិច្ចសន្ទនានោះ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច សន្តិសុខ និងចំណងការទូត។
លោក ហ៊ុន សែន អះអាងថា ចំពោះបញ្ហាសេដ្ឋកិច្ច ភាគីទាំងពីរនឹងពង្រីកការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។ ចំណែកការពង្រីកទំហំពាណិជ្ជកម្មវិញ គឺពង្រីកឲ្យកាន់តែធំ ដែលប្រទេសថៃ សន្យាជួយទិញកសិផលពីកម្ពុជា ខណៈបច្ចុប្បន្ននេះ ប្រទេសថៃ នាំចូលទំនិញ ផលិតផលមកទីផ្សារកម្ពុជា ៥ ឯកម្ពុជា នាំចេញទៅថៃ វិញតែ ១ប៉ុណ្ណោះ៖ «»។
លោក ហ៊ុន សែន ឲ្យដឹងដែរថា ចំពោះបញ្ហាសន្តិសុខដូចជាគ្រឿងញៀន ថៃ បានជួយដល់កម្ពុជា ក្នុងការងារសាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តព្រះសីហនុ។ លើសពីនេះ មេដឹកនាំទាំងពីរក៏មានគំនិតផ្ដួចផ្ដើមធ្វើឲ្យមានតំបន់សតាមព្រំដែន គឺតំបន់គ្មានគ្រឿងញៀន និងកិច្ចសហការជួយប្រជាជនឆ្លងដែន រឿងគ្រោះអគ្គីភ័យ ទឹកជំនន់ និងការជួញដូរមនុស្ស។ ភាគីទាំងពីរ ក៏នឹងសម្រួលឲ្យពលករខ្មែរធ្វើការស្របច្បាប់នៅថៃ ដែរ ដើម្បីជៀសវាងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) លើកឡើងថា ចំពោះសំណើសុំឲ្យថៃ ជួយបង្កើនការទិញទំនិញ ឬកសិផលតាមព្រំដែននោះ គឺប្រទេសថៃ យល់ព្រម។ ប្រទេសថៃ ក៏ចង់ឲ្យពលករលើទូកនេសាទស្របច្បាប់ដែរ និងសន្យាជួយពន្លឿនការសាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន និងបើកច្រកព្រំដែន។ លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ថានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងទំហំពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែល្អប្រសើរ៖ «»។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ នេះ គឺកើតមានឡើងនៅចំពេលមានពាក្យចចាមអារ៉ាមថា អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) បានភៀសខ្លួនចេញមកប្រទេសកម្ពុជា មុននឹងបន្តដំណើរទៅកាន់ទីក្រុងឌុយបៃ (Dubai) កាលពីខែមុន គឺនៅមុនពេលប្រកាសសាលក្រមរបស់តុលាការ ចំពោះគម្រោងឧបត្ថម្ភធននៅពេលអ្នកស្រីនៅកាន់តំណែងជានាយករដ្ឋមន្ត្រី។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលថាករណីអ្នកស្រី យីងឡាក់ មិនមាននៅលើរបៀបវារៈនោះទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ប្រទេសទាំងពីរគឺកំពុងស្ថិតក្នុងស្ថានភាពដូចគ្នា។ ដូច្នេះ លោកមិនរំពឹងថា មានចំណុចពិសេសអ្វីក្នុងការកែប្រែគ្នាឡើយ។ ទន្ទឹមគ្នានេះ លោកបណ្ឌិត មាស នី ក៏មិនទាន់ជឿថា ភាគីទាំងពីរនឹងគោរពតាមការព្រមព្រៀងជាពិសេសពង្រឹងការអនុវត្តឡើយ៖ «»។
លោកបណ្ឌិត មាស នី បន្ថែមថា បញ្ហាពលករខ្មែរនៅប្រទេសថៃ ក៏នៅតែជាក្តីបារម្ភមួយដែរ ដែលភាគីទាំងពីរត្រូវយកចិត្តទុកដាក់ដោះស្រាយជាចាំបាច់ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ក្នុងដំណើរទស្សនកិច្ចនេះដែរ កម្ពុជា-ថៃ ក៏បានចុះហត្ថលេខាលើពិធីសារចំនួនពីរ រួមមានទី១ ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី៣។ ទី២ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការកិបកេងបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល។
លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) បានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា និងបានត្រឡប់ទៅកាន់ប្រទេសថៃ វិញនៅល្ងាចថ្ងៃដដែលនេះ៕