Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​ថា​សមត្ថកិច្ច​រឹតត្បិត​ការ​ជួប​ប្រជុំ​សមាជិក​បក្ស

Image may be NSFW.
Clik here to view.

មន្ត្រី​បក្ស​ឃុំ ស្រុក និង​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ចោទ​អាជ្ញាធរ​មូលដ្ឋាន និង​ប៉ូលិស​ក្នុង​ខេត្ត​នេះ ថា​បាន​រារាំង​មិន​ឲ្យ​ពួកគេ​ប្រជុំ​ប្រចាំ​ខែ​ជាមួយ​សមាជិក​បក្ស ក្រោយ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន។ អាជ្ញាធរ​ខេត្ដ​កំពង់ឆ្នាំង បញ្ជាក់​ថា សមត្ថកិច្ច​មិន​បាន​ហាមឃាត់​ការ​ជួប​ប្រជុំ​របស់​បក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​គ្រប់​ការ​ជួប​ប្រជុំ​ត្រូវ​មាន​ច្បាប់ ឬ​ការ​ជូន​ដំណឹង។

មេ​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​របស់​គណបក្ស​ប្រឆាំង​ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ថា សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​ច្បាប់​កំពូល​របស់​ជាតិ ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បំពាន។ ពួកគេ​ថា ស្នងការ​រង​នគរបាល​ខេត្ដ​កំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បាន​ប្រាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈប់​ជួប​ប្រជុំ​សមាជិក​បក្ស​ទាំង​នៅ​តាម​ទី​សាធារណៈ និង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន។

មេ​ឃុំ​ពន្លៃ របស់​បក្ស​ប្រឆាំង ទើប​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​៤ លោក ម៉ៅ ផល្លី ថា ស្នងការ​រង​លោក ស៊ុំ សុជាតិ បាន​យក​ឱកាស​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បរិបូរណ៍​ទៅ​ដាស់តឿន​សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​មេ​ឃុំ​មក​ពី​គណបក្ស​ខ្លួន ថា​កុំ​ឲ្យ​មាន​សតិ​អារម្មណ៍ ឬ​ចូល​ពាក់ព័ន្ធ​នឹង​ករណី​ឃាត់​ខ្លួន លោក កឹម សុខា ដែល​តុលាការ​កំពុង​ដំណើរការ​នីតិវិធី៖ «គេ​ប្រជុំ​គេ​ថា រឿង​លោក កឹម សុខា ជា​រឿង​បុគ្គល​ទេ។ ទាក់ទង​នឹង​រដ្ឋាភិបាល​ចាប់​ខ្លួន​ចោទ​ប្រកាន់​អី​ហ្នឹង​ណា អ៊ីចឹង​កុំ​ឲ្យ​មាន​សតិ​អារម្មណ៍ ហើយ​ធ្វើ​ការងារ​ធម្មតា ហើយ​យើង​ហាមឃាត់​ដាច់​ខាង​ទាក់ទង​នឹង​ការ​ប្រជុំ​ទាំង​ក្នុង​ទីស្នាក់ការ និង​ក្រៅ​ទីស្នាក់ការ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ លោក ស៊ុំ សុជាតិ ថា លោក​មិន​បាន​និយាយ​ហាមឃាត់​បក្ស​ប្រឆាំង​មិន​ឲ្យ​ជួប​ប្រជុំ​គ្នា​នោះ​ទេ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ ខណៈ​ដែល​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក លី វីរៈ បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​លោក ម៉ម ឈឿម ថា​សមត្ថកិច្ច​មិន​រារាំង​ឡើយ​បើ​ការ​ជួប​ប្រជុំ​នោះ​មាន​ច្បាប់៖ «នៅ​ខេត្ដ​ដូច​ជា​មិន​ឮ​និយាយ ប៉ុន្ដែ​ការ​ជួប​ជុំ​អា​ហ្នឹង​គេ​និយាយៗ ប៉ុន្ដែ​យើង​ធ្វើ​លិខិត​សុំ​ច្បាប់​ទម្លាប់​គេ​ត្រឹមត្រូវ​ជួប​ជុំ​កម្រិត​ប៉ុន្មាន? ហើយ​នៅ​ទីតាំង​ណា? ទៅ​សុំ​ទៅ​ហើយ​ចាំ​មើល​មើ​គេ​ថា​ម៉េច?»

ទោះ​ជា​យ៉ាង​ណា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ ថា​នៅ​តាម​ឃុំ​ជា​ច្រើន​ដែល​មាន​កិច្ច​ប្រជុំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ទីស្នាក់ការ​បក្ស ឬ​ក្នុង​ផ្ទះ​សកម្មជន​ត្រូវ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ និង​ប៉េអឹម​ស្រុក​នីមួយៗ ចុះ​ហាមឃាត់​សកម្មភាព​ជួប​ប្រជុំ​ដោយ​ប្រាប់​ថា មាន​បទបញ្ជា​ផ្ទាល់​មាត់​ពី​ថ្នាក់​លើ។

លោក​ថា ការ​រឹតត្បិត​សេរីភាព​​ជួប​ប្រជុំ​នេះ នៅ​ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា៖ «ខ្ញុំ​ឃើញ​ថា មាន​សភាព​ធ្ងន់ធ្ងរ​មែន​ទែន​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​មូលដ្ឋាន កាល​ណា​យើង​ចង់​ប្រជុំ​ជា​ទូទៅ ដូច​ជា​បូក​សរុប​របាយការណ៍ បញ្ហា​ក្នុង​ឃុំ ហើយ​មក​ដល់​ពេល​គឺ​ផ្ដោត​ទៅ​លើ​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​អ៊ីចឹង​ទៅ ប៉ុន្តែ​ដល់​រក​ជួប​ជុំ​គ្នា​អត់​បាន​ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ដល់​ធ្ងន់ធ្ងរ។ ដូច្នេះ​ហើយ​បាន​សូម​អំពាវនាវ​ដល់​សង្គម​ស៊ីវិល ហើយ​ក៏​ដូច​ជា​រដ្ឋាភិបាល​គិត​ពិចារណា​ឡើង​វិញ ហើយ​បញ្ឈប់​សកម្មភាព​ចាត់វិធានការ​ដ៏​តឹងតែង​ទប់ស្កាត់ រារាំង​ដំណើរការ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន»

សមត្ថកិច្ច​ក្រុង​ភ្នំពេញ បាន​ឃាត់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​ម៉ោង​ប្រមាណ ១២​កន្លះ​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា រួច​បញ្ជូន​ទៅ​ឃុំ​នៅ​មន្ទីរ​អប់រំ​កែប្រែ​ត្រពាំងផ្លុង ឬ​ម-៣ ក្នុង​ខេត្ត​ត្បូងឃ្មុំ។ លោក​ត្រូវ​ចោទ​ពី​បទ​ក្បត់​ជាតិ និង​ត្រូវរ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​វីដេអូ​ឃ្លីប​នៃ​ការ​ថ្លែង​របស់​លោក​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ប៉ុន្ដែ​បទ​ចោទ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​ពលរដ្ឋ​នៅ​តាម​ខេត្ត​ជា​ច្រើន​ប្រតិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles