Clik here to view.

សង្គមស៊ីវិលផ្នែកសិទ្ធិពលករនៅក្រៅប្រទេស អំពាវនាវរដ្ឋាភិបាលកម្ពុជា សម្របសម្រួលចរចាជាមួយភាគីបរទេស ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចមកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។ ការលើកឡើងរបស់សង្គមស៊ីវិលនេះ គឺស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោត និងមិនទាន់ចុះឈ្មោះឆ្នោត ឲ្យប្រញាប់រួសរាន់ត្រឡប់មកប្រទេសកម្ពុជា វិញ ដើម្បីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ឲ្យបានទាន់ពេលវេលាកំណត់។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTAL) លោក មឿន តុលា លើកឡើងថា ក្រសួងការបរទេសកម្ពុជា និង គ.ជ.ប គួរលើកទឹកចិត្តអ្នកមានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេសប្រមាណ ២លាននាក់ ឲ្យទៅចុះឈ្មោះបោះឆ្នោតតាមរយៈការសុំកិច្ចសហការពីប្រទេសម្ចាស់ផ្ទះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក កាលពីថ្ងៃទី៣០ សីហា បានចេញលិខិតអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមិនទាន់ចុះឈ្មោះបោះឆ្នោត ដែលកំពុងធ្វើការសិក្សា ឬរស់នៅបរទេស សូមប្រញាប់រួសរាន់ត្រឡប់មកប្រទេសកម្ពុជា វិញ ដើម្បីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ឲ្យបានទាន់ពេលវេលាកំណត់ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភានៅឆ្នាំក្រោយ។
ប្រធាន គ.ជ.ប រូបនេះ ធ្លាប់អះអាងថា បើតាមច្បាប់បោះឆ្នោត គ.ជ.ប មិនមានសិទ្ធិរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតសម្រាប់ពលរដ្ឋនៅក្រៅប្រទេសបានទេ។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ៣៣រូប កាលពីថ្ងៃទី១១ សីហា បានដាក់សេចក្តីស្នើកែប្រែច្បាប់បោះឆ្នោត ដើម្បីបើកផ្លូវអាចរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅក្រៅប្រទេសបាន។ សេចក្តីស្នើនេះកំពុងស្ថិតក្នុងដៃរបស់គណៈកម្មការជំនាញរដ្ឋសភា។
លោក មឿន តុលា នៃអង្គការសង់ត្រាល់ យល់ថា ការអំពាវនាវរបស់ គ.ជ.ប ហៅពលរដ្ឋត្រឡប់មកស្រុកកំណើតវិញ ជាការលើកទឹកចិត្ត ហើយលោកសាទរ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា នេះមិនទាន់គ្រប់គ្រាន់នោះទេ។ លោកថា គ.ជ.ប គួរស្នើក្រសួងការបរទេស ជួយសម្រួលលើកិច្ចការងារនេះ ហើយអាចចាប់ផ្តើមធ្វើជាមួយប្រទេសថៃ មុនគេ ដែលលោកថាវានៅជិត និងមានពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់កំពុងនៅទីនោះ។
បើតាមលោក មឿន តុលា ទីមួយ ក្រសួងការបរទេសកម្ពុជា គួរស្នើទៅភាគីថៃ ពិភាក្សាជាមួយថៅកែ ឬនិយោជកផ្តល់ច្បាប់ឈប់សម្រាកចន្លោះពី ៣ ទៅ ៥ថ្ងៃដល់ពលករកម្ពុជា សម្រាប់ធ្វើដំណើរមកស្រុកកំណើតចុះឈ្មោះបោះឆ្នោត។ ទីពីរ កម្ពុជា គួរស្នើរដ្ឋាភិបាលថៃ លើកលែងថ្លៃទិដ្ឋាការចូលវិញ (reentry visa) ដល់ពលករដែលត្រឡប់មកចុះឈ្មោះនៅកម្ពុជា ដែលលោក តុលា ថាជាទូទៅ វាតម្លៃចន្លោះពី ១.២០០បាតទៅ ១.៤០០បាត ឬ ៣៦ដុល្លារសហរដ្ឋអាមេរិក ទៅ ៤២ដុល្លារ។ ទីបី កម្ពុជា គួរស្នើភាគីថៃ រៀបចំច្រកចូលទឹកដីថៃ (reentry) ដាច់ដោយឡែកពីច្រកធម្មតា ដើម្បីសម្រួលដល់ពលករងាយស្រួលត្រឡប់ទៅប្រទេសថៃ ធ្វើការវិញ។ ទីបួន ភាគីទាំងពីរគួរជួយសម្រួលបញ្ចុះថ្លៃ ឬរក្សាថ្លៃឈ្នួលធ្វើដំណើររបស់ពលករ ដែលលោក តុលា ឲ្យដឹងថា ជាទូទៅពលករត្រូវចំណាយប្រាក់ប្រមាណ ៤០ម៉ឺនរៀលពេលធ្វើដំណើរម្តងៗ៖ «»។
សំណើទាំងនេះត្រូវបានអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឆ្លើយតបថា វាត្រូវការកិច្ចសហការប្រតិបត្តិរវាងប្រទេស និងប្រទេស និងស្ថាប័នឯកជន។ លោកថា សេចក្តីអំពាវនាវរបស់ប្រធាន គ.ជ.ប ស្នើឲ្យស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ជួយផ្សព្វផ្សាយបន្ត។ លោកពន្យល់ថា គ.ជ.ប មិនមានភាពចាំបាច់ណាមួយពេលឮសូរពាក្យស្នើសុំណាមួយរត់ទៅធ្វើតាមនោះទេ តែត្រូវពិនិត្យមើលពីភាពស្របច្បាប់ជាមុនសិន៖ «»។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា មកដល់ថ្ងៃទី៣១ សីហា គ.ជ.ប បានបញ្ជូនសម្ភារៈទៅគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតអស់ហើយ សម្រាប់ដំណើរការយុទ្ធនាការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ដែលមានរយៈពេល ៧០ថ្ងៃ ផ្តើមពីថ្ងៃទី១ កញ្ញា តទៅ។
អាស៊ីសេរី មិនអាចទាក់ទងក្រសួងការបរទេសកម្ពុជា ដើម្បីឆ្លើយតបនឹងសំណើរបស់សង្គមស៊ីវិលនេះបានឡើយនៅថ្ងៃទី៣១ សីហា៕