
បុគ្គលិកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងម្ចាស់ស្ថានីយវិទ្យុមួយចំនួនទៀតដែលត្រូវរដ្ឋាភិបាលព្រមានបិទ និងបានបិទមិនឲ្យធ្វើអាជីវកម្ម នាំគ្នាព្រួយបារម្ភអំពីសេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខ។ សង្គមស៊ីវិលយល់ឃើញថា ការសម្រេចភ្លាមៗដើម្បីបិទស្ថាប័នកាសែត និងស្ថានីយវិទ្យុទាំងនោះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពទទួលបានព័ត៌មាននៅកម្ពុជា ទេ ប៉ុន្តែក៏ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋកម្ពុជា ធ្ងន់ធ្ងរដែរ។
ស្របពេលក្ដីព្រួយបារម្ភជាច្រើនពីសហគមន៍អន្តរជាតិ ជុំវិញជោគវាសនានៃការទទួលបានព័ត៌មានដោយសេរីនៅក្នុងប្រទេសកម្ពុជា កំពុងធ្លាក់ចុះជាបន្តបន្ទាប់ដោយសាររដ្ឋាភិបាលកំពុងបង្កើនការវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយ ដូចជាការសម្រេចបិទស្ថានីយវិទ្យុ និងព្រមានបិទកាសែតឯករាជ្យដែលគេតែងទទួលស្គាល់ស្ថាប័នទាំងនេះថាជាប្រព័ន្ធផ្ដល់ព័ត៌មានឥតលម្អៀង និងអព្យាក្រឹត្យនោះ បុគ្គលិករបស់ស្ថាប័នកាសែត និងម្ចាស់ស្ថានីយវិទ្យុទាំងនេះ ក៏កំពុងព្រួយបារម្ភអំពីបញ្ហាប្រឈមនឹងការគ្មានការងារធ្វើ។
អ្នករាយការណ៍ព័ត៌មានរបស់កាសែត ឌឹ ខេមបូឌា ដេលី ម្នាក់គឺលោក អូន ភាព ថ្លែងថា ក្នុងនាមជាឪពុកដែលត្រូវទទួលរ៉ាប់រងលើការសិក្សារបស់កូនៗចំនួន ៤នាក់ និងការចំណាយសព្វគ្រប់បែបយ៉ាងទៀតនៅក្នុងគ្រួសារ គឺលោកកំពុងប្រឈមខ្លាំងបំផុត ព្រោះអាចនឹងពិបាករកការងារធ្វើនៅពេលស្ថាប័នរបស់លោកត្រូវរដ្ឋាភិបាលព្រមានបិទទ្វារយ៉ាងប្រញាប់ ដោយចោទប្រកាន់ថាជំពាក់លុយរាប់លានដុល្លារសហរដ្ឋអាមេរិក៖ «ភរិយារបស់ខ្ញុំលក់បន្លែបន្តិចបន្តួចនៅផ្សារ ដែលជាមុខរបរបន្ទាប់បន្សំ ជួយផ្គត់ផ្គង់ក្នុងជីវភាពហ្នឹង តែឲ្យសល់ គឺមិនសល់ទេ ព្រោះចំណាយថ្លៃគ្រែ និងម្ហូបអាហារ អ៊ីចឹងវានឹងពិបាក បើប្ដីបាត់បង់ការងារទៅ»។
រដ្ឋាភិបាលបានទុកពេលរហូតដល់ថ្ងៃទី៤ កញ្ញា ដើម្បីឲ្យម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី ជាជនជាតិអាមេរិក យកលុយមកបង់ពន្ធចំនួន ៦លាន ៣សែនដុល្លារសហរដ្ឋអាមេរិក ដែលអគ្គនាយកដ្ឋានពន្ធដារចោទប្រកាន់ថា ជំពាក់ពន្ធតាំងពីឆ្នាំ២០០៧ មក ហើយបើមិនដូច្នោះទេ រដ្ឋាភិបាលនឹងរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ ព្រមទាំងបណ្ដេញស្ថាប័ននេះចេញពីកម្ពុជា ថែមទៀត។
ទោះជាយ៉ាងណា ម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ធ្លាប់បានចាត់ទុកការកំណត់ពេលបង់លុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ថាជាចេតនានយោបាយចង់បិទសារព័ត៌មានរបស់អ្នកស្រីប៉ុណ្ណោះ។
លោក អូន ភាព អះអាងថា បុគ្គលិករបស់កាសែត ខេមបូឌា ដេលី ដែលខ្លះបានទិញផ្ទះតាមរយៈបង់រំលស់ និងការខ្ចីលុយពីធនាគារ ក៏កំពុងមានក្ដីព្រួយបារម្ភខ្លាំងអំពីការបាត់បង់ការងារដែរ។ លោកក៏ចាត់ទុកការព្រមានបិទទ្វារកាសែត ឌឹ ខេមបូឌា ដេលី ភ្លាមៗនៅពេលនេះ ថាប្រៀបបាននឹងការព្យាយាមបិទកាសែតព័ត៌មានមួយដែលតែងផ្សាយរឿងពិតនៅក្នុងសង្គម ព្រោះលោកថាជាញឹកញាប់ រាល់ការចុះផ្សាយរបស់ស្ថាប័នកាសែតនេះ គឺតែងអព្យាក្រឹត្យ និងហ៊ានផ្សាយចំៗពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ និងការរំលោភយកដីធ្លីក្នុងសង្គម ជាដើម ដែលកាសែតដទៃមិនចង់ចុះផ្សាយ។
ផ្ទុយទៅវិញលោកថា ដើម្បីកុំឲ្យគេមើលឃើញថាជារឿងនយោបាយនោះ រដ្ឋាភិបាលត្រូវបង្ហាញឯកសារឲ្យបានលម្អិតជាងនេះបន្ថែមទៀតជុំវិញការចោទប្រកាន់កាសែត ឌឹ ខេមបូឌា ដេលី ថាបានជំពាក់លុយរាប់លានដុល្លារសហរដ្ឋអាមេរិក នោះ និងមិនមែនទុកយូររហូតដល់ ១០ឆ្នាំ ទើបធ្វើការសើរើ និងបង្ខំឲ្យបង់ពន្ធនោះទេ។
ក្រៅពីកាសែត ឌឹ ខេមបូឌា ដេលី ដែលត្រូវប្រឈមនឹងការបិទទ្វារនៅពេលនេះ កាលពីថ្ងៃទី២៣ សីហា កន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺបានបណ្ដេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិក និងបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះទាំងអស់ចេញពីកម្ពុជា រួចហើយ បន្ទាប់ពីសង្ស័យថា វិទ្យាស្ថានរបស់សហរដ្ឋអាមេរិកនេះបានរៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាល គ្រាដែលគណបក្សនយោបាយមួយចំនួន និងសង្គមស៊ីវិលយល់ថា ស្ថាប័នអន្តរជាតិមួយនេះបំពេញតួនាទីដោយប្រកាន់គោលការណ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងមិនប្រកាន់និន្នាការគណបក្សនយោបាយ។
រយៈពេលកន្លងទៅនេះ សហរដ្ឋអាមេរិក និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ព្រមទាំងគណបក្សប្រឆាំង ជាដើម កំពុងស្ថិតក្នុងបទសង្ស័យថា បានរៀបចំក្បួនផ្ដួលរំលំរដ្ឋាភិបាលតាមបដិវត្តន៍ពណ៌។ ការសង្ស័យទាំងនេះ កើតឡើងបន្ទាប់ពីសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហ្វ្រេសញូវ (Fresh News) តែងតែចុះផ្សាយដោយដកស្រង់ប្រភពមិនច្បាស់លាស់ចេញពីទំព័រហ្វេសប៊ុក (facebook) របស់ជនអនាមិកខ្លះ និងបុគ្គលឯកជនខ្លះនោះ។ បន្ទាប់ពីមានការសង្ស័យបែបនេះ ស្ថានីយវិទ្យុក្នុងស្រុកចំនួនជិត ២០ ដែលយកកម្មវិធីព័ត៌មានផ្សាយបន្តរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) និងវិទ្យុបរទេសចំនួនពីរ គឺវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) ក៏ត្រូវបានបិទទ្វារជាបន្តបន្ទាប់ ដោយហេតុផលពុំទំនងដែរ។ ប៉ុន្តែការបិទនេះ កំពុងធ្វើឲ្យពលរដ្ឋស្ថិតនៅតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស ខឹងសម្បាទៅនឹងរដ្ឋាភិបាល នៅគ្រាដែលពួកគេមិនអាចមានភាពងាយស្រួលដូចមុន ដើម្បីស្ដាប់ព័ត៌មានដែលផ្សាយដោយវិទ្យុទាំងនេះ។
នៅពេលនេះ ម្ចាស់ស្ថានីយវិទ្យុមួយចំនួនក៏កំពុងទទូចស្នើសុំទៅក្រសួងព័ត៌មាន អនុគ្រោះផ្ដល់អាជ្ញាប័ណ្ណឲ្យពួកគេដើម្បីធ្វើអាជីវកម្មរកស៊ីចិញ្ចឹមជីវិតឡើងវិញ ព្រោះពួកគេថា ស្ថានីយវិទ្យុទាំងនោះ គឺប្រៀបនឹងឆ្នាំងបាយប្រចាំថ្ងៃរបស់ពួកគេ និងបុគ្គលរាប់សិបនាក់ផ្សេងទៀតដែលភាគច្រើនជានិស្សិត។
ម្ចាស់ស្ថានីយវិទ្យុសំឡេងកូនខ្មែរនៅខេត្តកំពត លោក ស៊ាន ស៊ីណាត ថ្លែងថា លោកបានចំណាយពេល ២ឆ្នាំ និងលុយប្រហែល ២ម៉ឺនដុល្លារ ដើម្បីឲ្យការបើកវិទ្យុមួយទទួលបានការគាំទ្រពីពលរដ្ឋ និងមានម្ចាស់ឧបត្ថម្ភកម្មវិធីច្រើន។ លោកថា វិទ្យុរបស់លោកទើបត្រូវបានពលរដ្ឋស្គាល់ច្រើន គឺនៅពេលចាប់ផ្ដើមចាក់ផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅអំឡុងខែមករា ឆ្នាំ២០១៤ ប៉ុន្តែនៅពេលក្រសួងព័ត៌មាន សម្រេចភ្លាមៗឲ្យបិទទ្វារស្ថានីយមិនឲ្យផ្សាយបែបនេះ គឺធ្វើឲ្យម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនដែលជាដង្ហើមសេដ្ឋកិច្ចរបស់ស្ថានីយវិទ្យុ ចាប់ផ្ដើមដកខ្លួនទៅវិញជាបណ្ដើរៗ។
ម្ចាស់ស្ថានីយវិទ្យុសំឡេងកូនខ្មែររូបនេះបញ្ជាក់ទៀតថា គ្រួសាររបស់លោក នឹងត្រូវប្រឈមគ្មានប្រាក់ចំណូលដូចមុន ស្របពេលត្រូវចំណាយលុយជារៀងរាល់ខែដើម្បីសងបំណុលទៅធនាគារ ដែលលោកបានខ្ចីទុនមកទិញដី និងបើកស្ថានីយផ្សាយតាំងពីដំបូងមក៖ «ពួកយើងជាបណ្ដាញផ្សព្វផ្សាយឯកជនរកថវិកាដើម្បីចិញ្ចឹមឆ្នាំង។ ហើយក្រសួងគឺដូចជាឪពុកម្ដាយរបស់យើងអ៊ីចឹង បើកូនធ្វើខុស ហៅកូនទៅប្រាប់ប្រដៅទៅ យើងនឹងធ្វើតាម»។
កាលពីថ្ងៃទី២៤ សីហា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបកស្រាយថា ការបិទវិទ្យុក្នុងស្រុកដែលផ្សាយបន្តព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក គឺដោយសារវិទ្យុទាំងនេះមិនបានសុំការអនុញ្ញាតត្រឹមត្រូវពីក្រសួង ហើយរឿងនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ។ លោកក៏ព្រមានចាត់វិធានការលើម្ចាស់វិទ្យុមួយចំនួនទៅតុលាការថែមទៀតពីបទរំលោភលើសេចក្ដីទុកចិត្ត និងកិច្ចសន្យា។
ចំណែកអ្នកស្រី ស៊ាន សុយ៉ានី ម្ចាស់វិទ្យុអង្គររដ្ឋានៅខេត្តសៀមរាប ថ្លែងប្រាប់អាស៊ីសេរីដែរថា អ្នកស្រីគ្មានមុខរបរផ្សេងធ្វើក្រៅពីធ្វើចំណាកស្រុកឡើយ ប្រសិនបើក្រសួងមិនអនុគ្រោះឲ្យអ្នកស្រីអាចបើកស្ថានីយវិទ្យុនេះឡើងវិញ។ អ្នកស្រីសន្យាថា នឹងគោរពតាមកិច្ចសន្យាដែលបានតម្កល់ទុកនៅក្រសួង។ ម្ចាស់ស្ថានីយដដែលនេះបញ្ជាក់ថា បុគ្គលិកអ្នកស្រីតែងហៅទូរស័ព្ទមកសួរនាំជានិច្ច ក្រែងលោក្រសួងអនុញ្ញាតឲ្យដំណើរការឡើងវិញ ព្រោះការសិក្សារបស់ពួកគេ គឺពឹងលើការងារនេះ៖ «ហើយគាត់សិក្សាបណ្ដើរ គាត់រកលុយបង់សាលាបណ្ដើរ និងបង់រំលស់ម៉ូតូបណ្ដើរសម្រាប់ប្រើជាមធ្យោបាយងាយស្រួល ធ្វើដំណើរទៅសាលា ហើយនៅពេលវិទ្យុបិទភ្លាមអ៊ីចឹង វាជួបហានិភ័យច្រើនណាស់បង វាអស់ថ្លែង ព្រោះហានិភ័យរបស់ខ្ញុំមិនមែនត្រឹមតែជាបុគ្គលិកទេ»។
ស្របពេលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់ សារព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងគណបក្សនយោបាយប្រឆាំង ក៏កំពុងកាន់តែត្រូវបានរឹតត្បិតសិទ្ធិសេរីភាព និងការគំរាមកំហែង ដែលអាចឈានទៅបញ្ឈប់សកម្មភាពដែរ ហើយបញ្ហានេះត្រូវបានគេចោទសួរថា តើការបោះឆ្នោតនៅសល់រយៈពេលជាង ១១ខែទៀតនេះ អាចធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរឬទេ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅកម្ពុជា គឺជាប្រភេទសហគ្រាសដែលបានជួយផ្ដល់ការងារដល់យុវជនមានជំនាញខាងផ្នែកសារព័ត៌មាន ប៉ុន្តែនៅពេលស្ថាប័នព័ត៌មានខ្លះត្រូវបានបិទដ៏តក់ក្រហល់ គឺធ្វើឲ្យប៉ះពាល់ដល់មធ្យោបាយទ្រទ្រង់សេដ្ឋកិច្ចរបស់ពលរដ្ឋកម្ពុជា យ៉ាងធ្ងន់ធ្ងរ៖ «ក្រសួងព័ត៌មាន បានប្រើប្រាស់ភាសាដែលសរសេរនៅក្នុងសេចក្ដីសម្រេចរបស់ខ្លួន ចោទស្ថានីយវិទ្យុខុសច្បាប់ និង ខេមបូឌា ដេលី ថាមិនបានបង់ពន្ធ។ យើងចង់ដឹងថា តើខុសច្បាប់ដោយសារអី? បើខុសច្បាប់ ក្រសួងព័ត៌មាន អាចស្នើឲ្យពិនិត្យលើច្បាប់ ហើយមិនមែនសម្រេចបិទភ្លាមៗអ៊ីចឹងទេ»។
លោក សន ជ័យ បន្ថែមថា ការព្រមានបិទកាសែត ខេមបូឌា ដេលី គឺដើរផ្ទុយពីការកៀរគររបស់រដ្ឋាភិបាលដែលតែងសុំឲ្យក្រុមហ៊ុនបរទេសនានាមកវិនិយោគរកស៊ី ដើម្បីបង្កើតឲ្យមានការងារនៅកម្ពុជា។ លោកគាំទ្រឲ្យកាសែតបរទេសនេះបន្តវត្តមាននៅកម្ពុជា ទៀត និងចង់ឃើញភាគីទាំងពីរជួបពិភាក្សារកចំណុចរួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហា ដោយមិនត្រូវដោះស្រាយតាមមធ្យោបាយដ៏តក់ក្រហល់បែបនេះឡើយ។
ជុំវិញបញ្ហានេះ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង គ្រោងនឹងដាក់លិខិតទៅសួរនាំក្រសួងព័ត៌មាន នៅសប្ដាហ៍ក្រោយ ដើម្បីសួរបញ្ជាក់ព័ត៌មាននានាទាក់ទងនឹងការបិទវិទ្យុក្នុងស្រុកមួយចំនួន រួមនឹងគម្រោងបិទការផ្សាយរបស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)៕