Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ​សុពលភាព​គណបក្ស​សង្គ្រោះ​ជាតិ

$
0
0

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា ទំនង​មាន​ការ​លំបាក​ក្នុង​ការ​ផ្ដល់​សុពលភាព​ដល់​សមាសភាព​ក្បាល​ម៉ាស៊ីន​ថ្មី នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដ្បិត​គណបក្ស​នេះ​បាន​ធ្វើ​ខុស​ពី​លក្ខន្តិកៈ​គណបក្ស។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​តប​វិញ​ថា គណបក្ស​បាន​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​របស់​ខ្លួន ហើយ​បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃ រួច​ហើយ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​ក្រសួង​មហាផ្ទៃ ដែល​មាន​ភារកិច្ច​ផ្ដល់​សុពលភាព​គណបក្ស​នយោបាយ នឹង​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​គេ​អាច​ផ្ដល់​សុពលភាព​ដល់​គណបក្ស​ប្រឆាំង ឬ​យ៉ាង​ណា នៅ​ពេល​ដែល​លោក​ទទួល​បាន​ព័ត៌មាន​បឋម​ថា គណបក្ស​នេះ​បាន​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ថ្មី​របស់​បក្ស ខុស​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ។

លោក ស ខេង បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៥១ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ។ បើ​តាម​សម្រង់​សម្ដី​ដែល​លើក​យក​មក​ផ្សព្វផ្សាយ​ដោយ​វិទ្យុ​បាយ័ន លោក ស ខេង ថា​កំពុង​ពិចារណា​ចំពោះ​ការ​ផ្ដល់​សុពលភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង តែ​បើ​ទោះ​ជា​យ៉ាង​ណា លោក​ថា​នឹង​ពនិត្យ​ផ្លូវ​ច្បាប់​ត​ទៅ​ទៀត៖ «បើ​សិន​ជា​ព្រោះ​តាម​ដឹង លក្ខន្តិកៈ​របស់​គាត់​មុន​ថា កាលណា​អវត្តមាន​ប្រធាន​មិន​ដល់ ១៨​ខែ គឺ​កន្លែង​ហ្នឹង​គេ​ទុក​ទំនេរ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​សល់​តែ ២​ខែ​ជាង​មក​ទល់​នឹង​សមាជ​របស់​គាត់​ហ្នឹង វា​មាន​ទៅ​ដល់ ១៨​ខែ​ឯណា! ដូច្នេះ​ម៉េច​ក៏​គាត់​ជ្រើសរើស​ប្រធាន? ហ្នឹង​ក្រែង​គាត់​មិន​បាន​គោរព​លក្ខន្តិកៈ​របស់​គាត់? តែ​ខ្ញុំ​ស្មាន​ទេ គ្រាន់​តែ​ឮ​ព្រាវៗ ខ្ញុំ​មិន​ទាន់​ច្បាស់​ទេ ទាល់​តែ​យក​ឯកសារ​មក​អាន តែ​បើ​អ៊ីចឹង​មែន​ហ្នឹង គឺ​ពិបាក​នឹង​ទទួល​ស្គាល់ បើ​មិន​អ៊ីចឹង​បក្ស​ដទៃ​ក៏​យក​ហេតុផល​ដែរ ឬ​ក៏​គាត់​យោង​ច្បាប់​វិសោធនកម្ម​ថ្មី​ច្បាប់​គណបក្ស​នយោបាយ ក៏​មិន​ដឹង​ដែរ។ ខ្ញុំ​និយាយ​នេះ​មិន​មែន​ថា​ខុស​ទេ តែ​ក៏​មិន​ទាន់​ថា​ត្រូវ​ដែរ ព្រោះ​ទាល់​តែ​មាន​ការ​សម្រេច​មួយ​ច្បាស់លាស់»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ដោយ​កែប្រែ​ប្រការ​ចំនួន​ពីរ​នៅ​ក្នុង​លក្ខន្តិកៈ​គណបក្ស និង​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​បក្ស។ សមាជ​វិសាមញ្ញ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី លាលែង​ពី​ប្រធាន​បក្ស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នោះ បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន ហើយ​អ្នកស្រី មូរ សុខហួលោក ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ទទួល​ស្គាល់​ថា គណបក្ស​លោក​ពិត​ជា​បាន​បង្ខំ​ចិត្ត​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​វិសោធនកម្ម​លក្ខន្តិកៈ និង​ផ្លាស់ប្ដូរ​សមាសភាព​ថ្នាក់​ដឹកនាំ​មែន ប៉ុន្តែ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ឡើង​តាម​ការ​តម្រូវ​របស់​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មី៖ «គណបក្ស​ណា​ដែល​អត់​មាន​ប្រធាន​គណបក្ស ឬ​ប្រធាន​មាន​ទោស​ទណ្ឌ​អី​ហ្នឹង គឺ​គេ​ឲ្យ​គណបក្ស​រៀបចំ​ឡើង​វិញ ហើយ​ការ​រៀបចំ​ឡើង​វិញ​ហ្នឹង គេ​ទុក​ពេល​ឲ្យ​យើង​តែ ៩០​ថ្ងៃ​ទេ។ អ៊ីចឹង​បើ​យើង​មិន​កែ​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ទេ គឺ​យើង​អត់​មាន​ច្រក​បើក​ឲ្យ​យើង​រៀបចំ​ក្នុង​រយៈពេល ៣​ខែ​ទេ ព្រោះ​ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​កាលណា​អវត្តមាន​ប្រធាន​ចឹង ត្រូវ​អនុប្រធាន​ទៅ​ជា​ប្រធាន​ស្ដីទី​ក្នុង​រយៈពេល​មិន​តិច​ជាង ១៨​ខែ ប៉ុន្តែ​ច្បាប់​គណបក្ស​នយោបាយ​ដែល​វិសោធនកម្ម​ថ្មី គេ​តម្រូវ​ឲ្យ​មាន​ប្រធាន»

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក ស ខេង នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ករណី​នេះ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​បាត់បង់​សុពលភាព​ដែរ ប្រសិន​បើ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ខុស​ពី​លក្ខន្តិកៈ ប៉ុន្តែ​លោក​ស្នើ​ថា គួរ​មាន​ការ​សម្របសម្រួល ដ្បិត​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់«នេះ​ជា​ករណី​ពិសេស ព្រោះ​នេះ​ជា​រឿង​នយោបាយ ហើយ​ប្រធាន​គណបក្ស​គាត់​លាឈប់​ទៅ វា​ត្រូវ​ការ​ចាំបាច់​ឲ្យ​មាន​ប្រធាន​ថ្មី ដើម្បី​ចាត់ចែង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត។ វា​ជា​ករណី​ពិសេស​មួយ។ ខ្ញុំ​គិត​ថា​ក្រសួង​មហាផ្ទៃ គួរ​តែ​ពិចារណា​លើ​ស្ថានភាព​ជាក់ស្ដែង»

ការ​សម្រេច​ចិត្ត​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​រដ្ឋសភា បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ចាប់​បង្ខំ​ឲ្យ​មេ​ដឹកនាំ​បក្ស​ដែល​មាន​ទោស​ត្រូវ​រំលាយ​បក្ស​ចោល និង​ហាម​មិន​ឲ្យ​ប្រធាន រហូត​ដល់​គណៈកម្មការ​នាយក​ឈប់​ធ្វើ​នយោបាយ​ក្នុង​រយៈពេល ៥​ឆ្នាំ។ វិសោធនកម្ម​ច្បាប់​ដែល​អនុម័ត​ដោយ​ឯក​បក្ស​ពី​ខាង​បក្ស​កាន់​អំណាច និង​អនុវត្ត​យ៉ាង​ឆាប់​រហ័ស រង​ការ​រិះគន់​ថា គឺ​ជា​ចេតនា​ចង់​រំលាយ និង​បញ្ចប់​ជីវិត​នយោបាយ​បក្ស​ប្រឆាំង​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

ផ្ទុយ​ទៅ​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​កាល​ពី​ខែ​កុម្ភៈ ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ តាក់តែង​ឡើង​មិន​មែន​សម្រាប់​តែ​បក្ស​ប្រឆាំង​ឡើយ ក៏ប៉ុន្តែ​ច្បាប់​នេះ​ក៏​តម្រូវ​ដល់​​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​កំហុស រួម​ទាំង​បក្ស​កាន់​អំណាច​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles