មន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា មិនចាប់អារម្មណ៍សោះឡើយចំពោះសារនយោបាយរបស់គណបក្សប្រឆាំង ដែលលើកឡើងពីការដឹកនាំដ៏អស្ចារ្យជាងគេ។ ជំហររបស់បក្សកាន់អំណាចនៅពេលនេះ ធ្វើឡើងស្របពេលដែលប្រធានគណបក្សប្រឆាំងបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោយការឈ្នះឆ្នោត ឆ្នាំ២០១៨ ខាងមុខ បក្សសង្គ្រោះជាតិ នឹងដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ តម្លាភាព និងយុត្តិធម៌សង្គមដ៏ពិតប្រាកដ។
ការប្រេះឆាខាងនយោបាយនេះ ត្រូវបានអ្នកឃ្លាំមើលពីការវិវត្តន៍ព្រឹត្តិការណ៍សង្គមកម្ពុជា យល់ឃើញថា រឿងចាស់ទុំផ្នែកនយោបាយនេះ គឺកម្ពុជានៅតែក្មេងខ្ចី និងទន់ជ្រាយនៅឡើយ បើទោះជាប្រទេសកំពុងអភិវឌ្ឍន៍មួយនេះធ្លាប់ឆ្លងកាត់ការបោះឆ្នោតជាច្រើនអាណត្តិ និងប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស អស់ពេលជាច្រើនឆ្នាំណាស់មកហើយក៏ដោយចុះ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ល្មមដល់ពេលដែលកម្ពុជា ត្រូវសើរើឯកសារដែលពាក់ព័ន្ធនឹងការគ្របគ្រងរដ្ឋបាលសាធារណៈហើយ។ លោកបន្តថា ការផ្ដល់ឯកសារនានា ដោយរួមទាំងការបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរជាដើមចេញពីថ្នាក់មូលដ្ឋាន នោះគឺជាការផ្ដល់ភាពស្មុគស្មាញ និងធ្វើឲ្យជនបរទេសអាចមានសិទ្ធិ និងធ្វើសេចក្ដីសម្រេចនានា ដូចម្ចាស់ប្រទេសដែរ៖ «ដើមចមនៃការផ្ដល់សេវាទាំងអស់នេះ ដោយភាពមិនប្រក្រតីហ្នឹងហើយ បាននាំឲ្យការអនុវត្តច្បាប់សំខាន់ៗ ដូចជាច្បាប់ស្ដីពីសញ្ជាតិហ្នឹងមានបញ្ហា និងច្បាប់ភូមិបាល។ ហេតុអីបានជាខ្ញុំថាអ៊ីចឹង? ពីព្រោះថា នៅពេលដែលជនបរទេសម្នាក់អាចមានឱកាសទទួលបាននូវសេវាអត្រានុកូលដ្ឋានដូចជាសំបុត្របញ្ជាក់កំណើតជាដើម គឺគេអាចយកឯកសារហ្នឹងយកទៅធ្វើអត្តសញ្ញាណប័ណ្ណ ហើយការទិញអចលនទ្រព្យគឺក្រុមហ៊ុនដែលលក់អចលនទ្រព្យគឺគេឲ្យតែធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺគេលក់ឲ្យហើយ គឺគេអត់គិតគូរអីវែងឆ្ងាយទេ»។
ការរិះគន់របស់លោក សន ជ័យ នៅពេលនេះ ស្របពេលប្រធានគណបក្សប្រឆាំងលើកឡើងថា ក្រោយឈ្នះឆ្នោតឆ្នាំ២០១៨ បក្សសង្គ្រោះជាតិ នឹងដឹកនាំប្រទេសតាមបែបទំនើបខុសពីសព្វថ្ងៃនេះ។ គណបក្សនឹងដាក់ចេញផែនការដ៏ត្រឹមត្រូវមួយទៅលើសេវាសាធារណៈ បំបាត់អំពើពុករលួយ គាំពារសិទ្ធិពលរដ្ឋជាមូលដ្ឋាន និងអនុវត្តរបបប្រជាធិបតេយ្យ ជាពិសេសផ្ដល់សិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់។ ក្រៅពីនេះ បក្សប្រឆាំងនឹងដាក់ពិន័យចំពោះមេឃុំ ឬចៅសង្កាត់ណាដែលផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណដល់ជនបរទេសដោយខុសច្បាប់ថែមទៀតផង។
ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមអ្នកឃោសនា នៅទីស្នាក់ការចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ប្រធានបក្សថ្មីលោក កឹម សុខា មានសុទិដ្ឋិនិយមថា បក្សប្រឆាំងពិតជាធ្វើបានចំពោះចក្ខុវិស័យនៃគោលនយោបាយនេះ។ លោកបន្តថា ការអនុវត្តវាពុំមែនជាឧបសគ្គអ្វីឡើយ ហើយគោលនយោបាយនេះនឹងបម្រើឲ្យការរស់នៅរបស់ពលរដ្ឋទទួលបានការពេញចិត្ត៖ «ថ្នាក់លើបញ្ជាមកយ៉ាងណាក៏ដោយ គាត់ព្រមព្រៀងខាងលើក៏ដោយ ប៉ុន្តែបើប៉ះពាល់ប្រជាពលរដ្ឋ និងប៉ះពាល់ប្រយោជន៍ជាតិ ខ្ញុំជាចៅសង្កាត់សង្គ្រោះជាតិមិនចុះហត្ថលេខាជាដាច់ខាត»។
បើទោះជាបែបណា លោក កឹម សុខា នៅតែប្រកាន់ជំហរថា នឹងផ្ដល់លុយ ៤ម៉ឺនរៀលសម្រាប់មនុស្សចាស់ ឬចំនួនអាចប្រែប្រួលច្រើនជាងនេះ ក្រោយពេលបក្សប្រឆាំងឡើងដឹកនាំប្រទេស។ ជាថ្មីម្ដងទៀត ប្រធានគណបក្សប្រឆាំងរូបនេះអះអាងថា មិនតែប៉ុណ្ណោះ បក្សប្រឆាំងនឹងនៅតែរក្សាគោលនយោបាយទម្លាក់លុយចំនួនកន្លះលានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅតាមឃុំ-សង្កាត់នីមួយៗជារៀងរាល់ឆ្នាំ។
ជុំវិញកំណែទម្រង់គោលនយោបាយនេះ សព្វថ្ងៃរដ្ឋាភិបាលបានព្យាយាមដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាច គឺតាមរយៈកំណែទម្រង់វិមជ្ឈការនៅថ្នាក់មូលដ្ឋានថែមទៀងផង។ ដោយឡែក ការយកតម្លៃទៅលើសេវាសាធារណៈមួយចំនួន ត្រូវបានរដ្ឋាភិបាលលុបចោលហើយ រួមមានការផ្ដល់សំបុត្រកំណើត សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជាដើម។
ទាក់ទិនរឿងនេះ អ្នកនាំគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា គោលនយោបាយនេះ នឹងមិនធ្វើឲ្យបក្សកាន់អំណាចត្រូវរង្គោះរង្គើ និងចាប់អារម្មណ៍នោះឡើយ។ ផ្ទុយទៅវិញ គោលនយោបាយទាំងនេះ បក្សកាន់អំណាចបានអនុវត្តច្រើនអាណត្តិណាស់ហើយ និងបន្តធ្វើកំណែទម្រង់ឲ្យមានភាពល្អជាងនេះបន្ថែមទៀតដែរ៖ «គណបក្សប្រជាជនគឺដាក់ក្នុងគោលនយោបាយហើយ បានអនុវត្តរួចទៅហើយ។ កាលពីកន្លះឆ្នាំមុននេះ គឺមិនយកកម្រៃសេវាសាធារណៈ ហើយជំរុញធ្វើម៉េចឲ្យមានប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ។ ប្រសិទ្ធភាពនេះហើយដែលវាបញ្ជាក់ថា យើងធ្វើឆាប់ ធ្វើល្អ ធ្វើត្រឹមត្រូវ ហើយមានគុណភាពបាទ!»។
អ្នកឃ្លាំមើលពីការវិវត្តន៍នៃព្រឹត្តិការណ៍នយោបាយយល់ឃើញថា ប្រសិនបើគណបក្សនីមួយៗ ជ្រើសរើសការប្រកួតប្រជែងតាមរយៈកម្មវិធីនយោបាយជាជាងគំរាមកំហែង សម្លុតបាញ់សម្លាប់ ឬសូកប៉ាន់ជាដើម នោះគឺជាជម្រើសដ៏ប្រសើរ៕