ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភពីសុវត្ថិភាពក្រោយពីរងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាននគរបាល និងប្រជាការពារភូមិ បន្ទាប់ពីគាត់បានលាតត្រដាងទៅប្រព័ន្ធផ្សព្វផ្សាយ ទាក់ទិនភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងសកម្មភាពកាប់ទន្ទ្រានព្រៃរានយកដីអស់រាប់ពាន់ហិកតារ។
ជនជាតិដើមភាគតិចកួយ លោក អ៊ុក ម៉ៅ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងអាជ្ញាធរមូលដ្ឋាន ក្រោយពីប្រជាការពារភូមិឈ្មោះ ស៊ី គិ យកដៃចង្អុលជាប់ក្បាលរបស់លោក និងគំរាមប្រើអំពើហិង្សាលើលោក កាលពីថ្ងៃទី៦ មីនា។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ រូបនេះ ចាត់ទុកបញ្ហានេះថាជាការបំបាក់ស្មារតីដល់អ្នកការពារព្រៃឈើ និងជាការគំរាមកំហែងមិនឲ្យបញ្ចេញមតិពីការកាប់ទន្ទ្រានព្រៃសហគមន៍ភ្នំជម្រកសត្វ និងព្រៃត្រៀមបម្រុងរដ្ឋបាលឃុំសំអាង អស់ជាង ៣ពាន់ហិកតារ។ លោកកត់សម្គាល់ថា កាលពីចុងឆ្នាំ២០១៦ មេឃុំសំអាង លោក ញៀន ផន ក៏ធ្លាប់គំរាមលោកដូចគ្នាដែរថា បើមន្ត្រីជំនាញរកឃើញថា ដីព្រៃនៅតំបន់នោះត្រូវគេកាប់បំផ្លាញមិនគ្រប់ ៣ពាន់ហិកតារ នឹងប្ដឹងលោកដាក់គុកពីបទបរិហារកេរ្តិ៍។ លើសពីនេះ មេប៉ុស្តិ៍ឃុំសំអាង លោក គង់ ស៊ីណា ក៏ធ្លាប់បានកោះហៅលោកឲ្យបំភ្លឺរឿងលោកផ្តល់ព័ត៌មានទៅប្រព័ន្ធផ្សព្វផ្សាយ ថាព្រៃឈើជិត ៣ពាន់ហិកតារត្រូវគេកាប់រានយកដីនៅរយៈពេល ៤ឆ្នាំចុងក្រោយ និងបង្គាប់ឲ្យលោកផ្ដិតមេដៃទទួលស្គាល់ថា ព្រៃជិត ៣ពាន់ហិកតារពិតជារងការកាប់បំផ្លាញ។
លោក អ៊ុក ម៉ៅ បន្តថា៖ «គេគុំខ្ញុំយូរហើយ ហើយគេថាគេរកមុខខ្ញុំ ហើយគេទះតុ គេយកដៃមកចង្អុលដល់ចិញ្ចើមតែម្តង។ ចង្អុលដល់ចិញ្ចើមតែម្តងថ្ងៃទី៦ បារាំង គេទើសទាល់រឿងខ្ញុំលាតត្រដាងរឿងអាក្រក់របស់គេ ជាពិសេសក្រុមគ្រួសារមួយបានកាប់ព្រៃពីរហិកតារ ទៅដកកាំបិតដកពូថៅគាត់អស់អាលីង រហូតនាំគាត់ដល់ប៉ុស្តិ៍ប៉ូលិស។ ដល់ពេលក្រុមគ្រួសារមន្ត្រីក្នុងជួរឃុំ កាប់ព្រៃនៅភ្នំគោរោទ៍ អស់រាប់រយហិកតារ ទៅដកកាំបិតដកពូថៅ ឬក៏ហៅទៅព្រមានអីទេ»។
លោក អ៊ុក ម៉ៅ យល់ថា អាជ្ញាធរពាក់ព័ន្ធទាំងនោះមិនបានបំពេញតួនាទីការពារសម្បត្តិធម្មជាតិទេ ប៉ុន្តែព្យាយាមគំរាមកំហែងគ្រប់ទម្រង់ មិនឲ្យលាតត្រដាងពីបទល្មើសឧក្រិដ្ឋដែលកំពុងកើតមានដោយពុំមានការទទួលខុសត្រូវ។ លោកកត់សម្គាល់ថា អាជ្ញាធរពាក់ព័ន្ធមិនបានស៊ើបអង្កេតរកមេខ្លោងកាប់ទន្ទ្រានដីព្រៃរាប់ពាន់ហិកតារ ឲ្យមកទទួលខុសត្រូវផ្លូវច្បាប់ទេ បែរជាមកធ្វើទុក្ខបុកម្នេញដល់អ្នកការពារបរិស្ថានទៅវិញ៖ «វាលើសពី ៣ពាន់ហិកតារទៀតរយៈពេល ៤ឆ្នាំហ្នឹង ពីដើមយើងមើលទៅអត់ឃើញទេភ្នំធំ ឥឡូវយើងមើលទៅវង្វេងតែម្តង។ វង្វេងប្រសិនបើធម្មតាមានដើមឈើព្រៃឈើ យើងដើរទៅយើងចំណាំថាដើមឈើនេះ ហើយពាក្យថាវង្វេង គឺអស់ដើមឈើចំណាំហើយ»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រជាការពារភូមិ លោក ស៊ី គិ ដើម្បីសុំការបំភ្លឺពីការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៤ មីនា។ ចំណែកមេឃុំសំអាង លោក ញៀន ផន ក៏ពុំអាចទាក់ទងបានដែរ ព្រោះទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី ឲ្យដឹងនៅថ្ងៃទី១៤ មីនា ថា ឈ្មោះ អ៊ុក ម៉ៅ ធ្លាប់ធ្វើសកម្មភាពច្រើនពាក់ព័ន្ធព្រៃឈើ ដោយពុំបានសហការជាមួយអាជ្ញាធរ ហេតុនេះអាជ្ញាធរកំពុងតាមដាន និងចាត់ឲ្យអាជ្ញាធរមូលដ្ឋានហៅមកសួរនាំបញ្ហានេះ។ លោកថា អាជ្ញាធរស្រុកធ្លាប់បានចុះទៅពិនិត្យស្ថានភាពព្រៃឈើក្នុងព្រៃសហគមន៍នៅតំបន់នោះ ពុំឃើញមានការកាប់ទន្ទ្រានព្រៃដូចការចោទប្រកាន់នោះទេ៖ «កន្លងមកឃុំគាត់ចឹងសំណូមពរ អ៊ុក ម៉ៅ ថាមានការអីឲ្យរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីឲ្យអាជ្ញាធរមានមូលដ្ឋានក្នុងការដោះស្រាយ តែលោក អ៊ុក ម៉ៅ នេះកន្លងទៅនៅគ្រាមានបញ្ហាអី គឺពុំមានបញ្ហាអី ពុំមានរាយការណ៍មកអាជ្ញាធរមូលដ្ឋានទេ ដែលនាំឲ្យអាជ្ញាធរហៅគាត់មកសួរនាំ»។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សំ ច័ន្ទគា ពន្យល់ថា ផ្អែកតាមច្បាប់ ពលរដ្ឋមានសិទ្ធិផ្តល់ព័ត៌មានពីស្ថានភាពបំផ្លាញព្រៃឈើ បំណងឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ តែបែរជាត្រូវគំរាមកំហែងពីអាជ្ញាធរពាក់ព័ន្ធទៅវិញ។ លោកចាត់ទុកការគំរាមកំហែងនោះ គឺជាទង្វើបំពានច្បាប់ និងរំលោភសិទ្ធិជនជាតិដើមភាគតិច។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋមានសិទ្ធិប្ដឹងអាជ្ញាធររដ្ឋាភិបាលណាដែលមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើទៅតុលាការ ហើយប្រសិនបើរកឃើញថា អាជ្ញាធរពាក់ព័ន្ធណាធ្វើមិនដឹងមិនឮចំពោះបទល្មើសឧក្រិដ្ឋដែលឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងត្រូវជាប់ទោស៖ «អង្គការសង្គមស៊ីវិល សុំស្នើសុំដល់ព្រះរាជអាជ្ញាដែលជាម្ចាស់បណ្ដឹង សុំឲ្យលោកបើកការស៊ើបអង្កេត។ ទី១ បើកអង្កេតទៅលើបទឧក្រិដ្ឋព្រៃឈើ និងអ្នកដែលមិនអើពើក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ ចំណុចទី២ គឺឲ្យនាំខ្លួនអ្នកគំរាមកំហែង អ្នកដែលហ៊ានប្ដឹងបរិហារបទល្មើសនេះទៅតុលាការ»។
ច្បាប់ព្រហ្មទណ្ឌមាត្រា៥២៩ ចែងថា រាល់បុគ្គលណាបានដឹងពីបទល្មើសឧក្រិដ្ឋ ហើយមិនបានប្ដឹងទៅតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ២សែនរៀល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងថា សមាគមអាដហុកត្រៀមផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ជនជាតិដើមភាគតិច និងអន្តរាគមន៍ទៅតុលាការពីការគំរាមកំហែងនេះ។ លោកថា បញ្ហានេះប្រសិនបើមានការស្នើសុំពីជនរងគ្រោះឲ្យជួយអន្តរាគមន៍ផ្នែកច្បាប់ សមាគមអាដហុក នឹងស្នើសុំមេធាវីពីទីស្នាក់ការកណ្ដាល។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕