អាជ្ញាធរខេត្តព្រះវិហារ បានសន្យាថា នឹងកាត់ដីមួយចំនួនពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ឈ្មោះ ហេង រួយ (Heng Ruy) ប្រគល់ឱ្យប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងស្រុកឆែប យកទៅធ្វើកសិកម្ម ព្រមទាំងរក្សាទុកជាដីព្រៃសហគមន៍វិញ។
ការសន្យាកាត់ដីមកឱ្យប្រជាពលរដ្ឋនេះ ធ្វើឡើងនៅក្រោយពេលដែលប្រជាពលរដ្ឋប្រមាណ ៣០០នាក់ នៅភូមិជោគជ័យ ភូមិក្រឡោត និងភូមិសង្កែ២ បានលើកគ្នាទៅឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន មិនឱ្យឈូសរំលោភចូលដីអាស្រ័យផលរបស់ពួកគេ កាលពីថ្ងៃទី១១ ខែមីនា។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំសង្កែ២ នៃស្រុកឆែប គ្មានសង្ឃឹមថា អាជ្ញាធរអាចនឹងកាត់ដីមកឱ្យពួកគេទៅតាមការទាមទារនោះទេ បើទោះបីជាអាជ្ញាធរខេត្តព្រះវិហារ បានសន្យាថា នឹងកាត់ដីខ្លះពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន មកឱ្យពួកគេវិញក៏ដោយ។
ការបង្ហាញភាពមិនជឿជាក់នេះ កើតមានឡើងបន្ទាប់ពីគេឃើញក្រុមហ៊ុនចិន បានបង្ហាញទៅឱ្យអាជ្ញាធរវាស់តែដីកន្លែងណាដែលមានដើមឈើតិចតួចប្រគល់មកឱ្យប្រជាពលរដ្ឋ ចំណែកឯតំបន់ដែលមានឈើច្រើន គឺចិន កាន់កាប់ហើយឈូសរំលំយកឈើដែរ។
អភិបាលស្រុកឆែប គឺលោក សុខ សានដារា។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ថា តាមគោលការណ៍របស់អភិបាលខេត្តព្រះវិហារ គឺនឹងកាត់ដីខ្លះចេញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដាំអំពៅរបស់ចិន ប្រគល់ទៅឱ្យប្រជាពលរដ្ឋធ្វើជាដីអាស្រ័យផល និងដីព្រៃសហគមន៍វិញ។ ពេលនេះរូបលោក និងក្រុមការងារជាមួយតំណាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន កំពុងតែចុះពិនិត្យមើលដីព្រៃដែលនឹងត្រូវកាត់ចេញនេះហើយ។
លោកអភិបាលស្រុកឆែបបញ្ជាក់ថា ការសម្រេចកាត់ដីពីក្រុមហ៊ុនចិន ប្រគល់ទៅឱ្យប្រជាពលរដ្ឋកាន់កាប់វិញនេះ គឺជាវិធានការឈ្នះៗ ពីព្រោះក្រុមហ៊ុនក៏សំខាន់ ហើយពលរដ្ឋក៏សំខាន់នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៖ «ចំពោះប្រជាពលរដ្ឋភ័យព្រួយរឿងអត់មានកន្លែងស្មៅគោ ក្របី ហើយទុកដើមឈើដើម្បីបានប្រមូលផល អនុផលព្រៃឈើ។ ឥឡូវកំពុងតែធ្វើហើយ គឺខ្ញុំនៅក្នុងព្រៃនៅឡើយ»។
អភិបាលស្រុកដដែលបញ្ជាក់ថា តាមប្រជាពលរដ្ឋចំនួន ៣ភូមិ នៅឃុំសង្កែ២ គឺទាមទារដីទំហំជាង ១.៥០០ហិកតារ ក៏ប៉ុន្តែបើពិនិត្យតាមជាក់ស្ដែងអាជ្ញាធរមានដីប្រហែល ៦០០ហិកតារ ដែលអាចកាត់ប្រគល់ជូនប្រជាពលរដ្ឋវិញ។
តំណាងប្រជាពលរដ្ឋនៅឃុំសង្កែ២ លោក ជុំ សុភឿត បង្ហាញការគ្មានសង្ឃឹមទៅលើភាពត្រឹមត្រូវក្នុងរឿងកាត់ដីប្រគល់មកឱ្យប្រជាពលរដ្ឋវិញនោះទេ។ លោកមានប្រសាសន៍ថា អាជ្ញាធរបានធ្វើអ្វីៗតាមតែក្រុមហ៊ុនចិន ចង្អុល ដូចជាកន្លែងមានព្រៃច្រើនទុកឱ្យចិន ឈូសយកឈើ ឯកន្លែងមានឈើតិច គឺប្រគល់មកឱ្យប្រជាពលរដ្ឋវិញជាដើម៖ «ក្នុងដីសហគមន៍នោះ មានដីប្រជាពលរដ្ឋអាស្រ័យផលដែរ។ ខ្ញុំមិនសូវសង្ឃឹមទេ ពីព្រោះប្រជាពលរដ្ឋស្នើសុំកាន់កាប់ដី ប៉ុន្តែអាជ្ញាធរមិនផ្ដល់ឱ្យតាមបំណង»។
ប្រជាពលរដ្ឋនៅភូមិចំនួន៣ មានភូមិជោគជ័យ ភូមិក្រឡោត និងភូមិសង្កែ២ ព្រមានថា ប្រសិនបើអាជ្ញាធរកាត់ដីប្រគល់មកឱ្យពួកគេមិនត្រឹមត្រូវ គឺពួកគេនឹងធ្វើការតវ៉ាសាជាថ្មីទៀត។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ សំណូមពរឱ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវបំពេញការសន្យាកាត់ដីទៅឱ្យប្រជាពលរដ្ឋនោះឱ្យពិតប្រាកដ ជៀសវាងការសន្យាដើម្បីទប់ស្កាត់ការតវ៉ារបស់ប្រជាពលរដ្ឋតែមួយគ្រាៗ រួចហើយទុកឱ្យអ្នកភូមិនៅតែមានបញ្ហាបាត់បង់ដីធ្លីដដែលជាដដែលទៀត៕