Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បទ​វិភាគ៖ តើ​ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ​មួយ​អាច​សម្រេច​បាន​ដែរ​ឬ​ទេ​នៅ​កម្ពុជា?

$
0
0

ខណៈ​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ កាន់​តែ​ខិត​ជិត​មក​ដល់ ដដែល​ជា​ដដែល ដំណើរ​វិល​ជុំ​នៃ​ស្ថានភាព​នយោបាយ​តានតឹង​នៅ​កម្ពុជា បាន​ត្រឡប់​មក​លង​បន្លាច​ប្រជាពលរដ្ឋ​ខ្មែរ​សាជាថ្មី​ម្តង​ទៀត។ ប៉ុន្តែ​សម្រាប់​លើក​នេះ កំសួល​នយោបាយ​ហាក់​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំងអស់។ គណបក្ស​កាន់​អំណាច កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​រូបភាព ក្នុង​ចេតនា​ដើម្បី​ផ្ដួល​រំលំ​គូ​បដិបក្ខ​របស់​ខ្លួន​មិន​ឲ្យ​មាន​វត្តមាន​ជា​ស្ថាពរ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​សមរភូមិ​នយោបាយ​តែ​ម្តង។ តួយ៉ាង​ដូចជា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស និង​ការ​គំរាម​ប្ដឹង​ទារ​យក​ទីស្នាក់ការ​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ​ជាដើម។

តើ​នេះ​មិន​មែន​មាន​ន័យ​ថា ជា​ការ​ប្លន់​យក​ឆន្ទៈ​ប្រជាពលរដ្ឋ ឬ​ជ័យជម្នះ​ដោយ​ស្រប​ច្បាប់ មុន​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​ប្រជាធិបតេយ្យ​ទេ​ឬ​យ៉ាង​ណា? តើ​នេះ​អាច​ជា​សញ្ញាណ​មួយ​បញ្ជាក់​ថា សុបិន្ដ​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​អំពី​លទ្ធភាព​ដែល​អាច​ទទួល​បាន​នូវ​ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ​មួយ​សម្រាប់​សង្គម​កម្ពុជា តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​អហិង្សា អាច​នឹង​ឈាន​ទៅ​រក​ការ​ផុត​រលត់ ឬ​បិទ​បញ្ចប់​ទាំងស្រុង​តែ​ម្តង​ដែរ​ឬ​ទេ?

អស់​រយៈកាល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប ដែល​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​បាន​ព្យាយាម​រៀបចំ​ដំណើរការ​បោះឆ្នោត​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​ជា​សកល ក្រោម​កិច្ច​ជួយ​ជ្រោមជ្រែង ត្រួសត្រាយ និង​ឃ្លាំ​មើល​ពី​សំណាក់​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣។

ក៏ប៉ុន្តែ​ជា​រឿយៗ គ្មាន​ម្តង​ណា​ឡើយ​ដែល​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទាំងនោះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​ការ​ទទួល​ស្គាល់​គ្រប់​ជ្រុងជ្រោយ​ពី​សំណាក់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង ភាគី​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ការ​បោះឆ្នោត និង​ពី​សំណាក់​អន្តរជាតិ។ គ្មាន​ម្តង​ណា​ឡើយ​ដែល​ទាំង​នៅ​មុន និង​នៅ​ក្រោយ​ដំណើរការ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ទាំងនោះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​អំពើ​ហិង្សា ឃាតកម្ម​នយោបាយ ការ​គំរាម​កំហែង ក្តី​ក្ដាំ​តាម​ផ្លូវ​តុលាការ ដែល​ឈាន​ដល់​ការ​ចាប់​ចង​គូ​ប្រកួត​ប្រជែង​នយោបាយ​ដាក់​ពន្ធនាគារ ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ឬ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​មហាជន​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត និង​ការ​សម្រុះសម្រួល​នយោបាយ ជាដើម។

ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ទំនុក​ចិត្ត​លើ​ឯករាជ​ភាព អព្យាក្រឹតភាព តម្លាភាព និង​សុចរិត​ភាព​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត បាន​ក្លាយ​ជា​ចំណោទ​ចាក់ស្រេះ​សម្រាប់​ដោះស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ គណបក្ស​កាន់​អំណាច​តែង​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា បាន​រៀបចំ​ដំណើរការ​បោះឆ្នោត​មួយ​ដែល​គ្រាន់​តែ​ជា​ល្បែង​ល្បិច​ឆ្ពិន​ភ្នែក​មហាជន និង​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ តាម​រយៈ​វិធីសាស្ត្រ​កេង​បន្លំ​សន្លឹក​ឆ្នោត​តាម​គ្រប់​រូបភាព​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ប្រកប​ដោយ​ភាព​ឈ្លាសវៃ និង​ស្ទាត់​ជំនាញ​បំផុត។

ការ​បោះឆ្នោត​ចេះ​តែ​ដំណើរការ​ទៅ​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ចេះ​តែ​បន្ត​ក្ដោបក្ដាប់ និង​ពង្រឹង​អំណាច​ឥត​ឈប់​ឈរ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ខណៈ​ដែល​លំហ​លទ្ធិប្រជាធិបតេយ្យ​ក៏​ចេះ​តែ​រួម​តូច​ទៅៗ​ជា​លំដាប់។ បើ​ស្តាប់​តាម​ការ​ថ្លែង​កន្លង​ទៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​បំណង​ចង់​នៅ​ក្រាញ​អំណាច​របស់​លោក ប្រសិន​បើ​លោក​មាន​អាយុ ១​ពាន់​ឆ្នាំ លោក ហ៊ុន សែន ក៏​ប្រហែល​ជា​ចង់​បន្ត​កាន់​អំណាច​នេះ​ឲ្យ​បាន​ពេញ​មួយ​សហស្សវត្ស​ដែរ។

រដ្ឋ​ប្រហារ ១៩៩៧ ៨៥៥
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ AFP Photo AFP Photo

យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ត​ក្រាញ​ននៀល​អំណាច​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បន្ទច់បង្អាក់​ដំណើរការ​ប្រជាធិបតេយ្យ អាច​សង្ខេប​បាន​ត្រួសៗ​ដូច​ខាង​ក្រោម៖

ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ប្លន់​អំណាច៖

 

យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​តែង​យក​មក​ប្រើប្រាស់​ក្នុង​ករណី​មាន​អាសន្ន ពោល​គឺ​នៅ​ពេល​ដែល​ខ្លួន​ចាញ់​ឆ្នោត ឬ​ហៀប​នឹង​ចាញ់​ឆ្នោត​ម្តងៗ។ ជាក់ស្តែង​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ ដែល​មាន​អ៊ុនតាក់ (UNTAC) ជា​អ្នក​មើល​ការ​ខុស​ត្រូវ និង​ត្រួត​ពិនិត្យ​គណបក្ស​នេះ បាន​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​គំរាម​ធ្វើ​អបគមន៍​បំបែក​ខែត្រ​ទាំង​៧ នៅ​ភូមិភាគ​បូព៌ា​ទន្លេ​មេគង្គ ជា​រដ្ឋ​មួយ​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​សម្រុះសម្រួល​ផ្នែក​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​បន្ត​ក្រាញ​អំណាច​បាន។ ក្រៅ​ពី​នេះ ក៏​មាន​ផង​ដែរ​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៧ និង​ការ​សម្ញែង​កម្លាំង និង​គ្រឿង​បរិក្ខារ​យោធា​ជា​សាធារណៈ​ក្នុង​ឆ្នាំ​២០១៣ ក្រោយ​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​មួយ​សន្ទុះ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គណបក្ស​កាន់​អំណាច។

បន្តិច​ម្តងៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពង្រឹង​អំណាច​គ្រប់គ្រង​ប្រព័ន្ធ​យោធា​របស់​ខ្លួន​តាម​រយៈ​ការ​បន្ត​តែងតាំង​មន្ត្រី​យោធា​ជំនិតៗ​របស់​លោក រួម​ទាំង​កូន​ប្រុស​របស់​លោក​ផ្ទាល់​ផង​ដែរ ឲ្យ​ធ្វើ​ជា​មេ​បញ្ជាការ​យោធា​សំខាន់ៗ​នៅ​ក្នុង​ជួរ​កងទ័ព។ ការ​ធ្វើ​ដូចនេះ ក៏​កើត​មាន​ផង​ដែរ​ក្រោម​រូបភាព​ជា​ការ​ភ្ជាប់​សាច់​ឈាម​ជា​ដន្លង​នឹង​គ្នា​រវាង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​មន្ត្រី​យោធា។

 

ការ​បង្កើត​ច្បាប់ និង​លិខិតុបករណ៍​ច្បាប់​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​បង្រួម​លំហ​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​ផ្ដាច់ការ​និយម​ជា​ស្ថាពរ៖

 

ប្រព័ន្ធ​បែងចែក​អំណាច​ឯករាជ្យ​កំពូល​ទាំង​បី​របស់​រដ្ឋ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ រួម​មាន អំណាច​នីតិប្រតិបត្តិ អំណាច​នីតិប្បញ្ញត្តិ និង​អំណាច​យុត្តាធិការ ឬ​តុលាការ ត្រូវ​បាន​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ធ្វើ​ធម្មនុញ្ញ​ប្រហារ​នៅ​ឆ្នាំ​២០០៤ តាម​រយៈ​ការ​អនុម័ត​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ដ៏​ចម្រូងចម្រាស។ ច្បាប់​ថ្មី​ដែល​មាន​ឋានានុក្រម​ស្មើ​នឹង​រដ្ឋធម្មនុញ្ញ​នេះ អនុញ្ញាត​ឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ បង្កើត​ឡើង​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ តាម​រយៈ​ការ​បោះឆ្នោត​ជា​កញ្ចប់ ដែល​ប្រការ​នេះ​ផ្ទុយ​ស្រលះ​ទាំងស្រុង​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​អំណាច​រដ្ឋ​កំពូល​ទាំង​ពីរ​នេះ។

ការ​បង្កើត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​ឆ្នាំ​១៩៩៨ មួយ​ឆ្នាំ​ក្រោយ​ពេល​ដែល​មាន​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ បាន​ធ្វើ​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច​មួយ​នេះ​មាន​ប្រៀប និង​ឥទ្ធិពល​ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន​មួយ​នេះ ដែល​ជា​ស្ថាប័ន​កំពូល​សម្រាប់​បកស្រាយ​រដ្ឋធម្មនុញ្ញ ពិនិត្យ​ធម្មនុញ្ញភាព​ច្បាប់ និង​ជា​ស្ថាប័ន​ចុង​ក្រោយ​សម្រាប់​ដោះស្រាយ​វិវាទ​នានា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។ លក្ខណៈ​ស្រដៀង​គ្នា​នេះ ក៏​កើត​មាន​ផង​ដែរ​ចំពោះ​ការ​បង្កើត​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..)។ បើ​ទោះ​បី​ជា​មាន​ការ​កែ​ទម្រង់​ក្បាល​ម៉ាស៊ីន​គ្រប់គ្រង​ស្ថាប័ន​នេះ​ក៏ដោយ ក៏​ការ​ធានា​នូវ​ឯករាជ​ភាព​របស់​ស្ថាប័ន​មួយ​នេះ ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

ដោយឡែក​ខណៈ​ដែល​កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ តាម​រយៈ​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ អំណាច​យុត្តាធិការ ឬ​តុលាការ ក៏​ត្រូវ​បាន​គណបក្ស​នេះ​យក​មក​គ្រប់គ្រង​ជា​ស្ថាពរ​តាម​រយៈ​ការ​ដាក់​ឲ្យ​ស្ថាប័ន​មួយ​នេះ​ចំណុះ​នឹង​ក្រសួង​យុត្តិធម៌។

នៅ​ទីបំផុត​ទៅ ប្រព័ន្ធ​អំណាច​រដ្ឋ​កំពូលៗ​ទាំង​ពីរ គឺ​អំណាច​នីតិប្បញ្ញត្តិ និង​អំណាច​តុលាការ ត្រូវ​បាន​រៀបចំ​យ៉ាង​មាន​ប្រសិទ្ធភាព​ឲ្យ​អនុវត្ត​តាម​បញ្ជា​ទាំងស្រុង​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

យ៉ាង​ណា​មិញ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៥ ក៏​មាន​ចែង​ផង​ដែរ​នូវ​ការ​ដាក់​កម្រិត​ថា ជា​ការ​បោះបង់​អាសនៈ​នៃ​រដ្ឋសភា ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត ដែល​រួម​មាន​ដូចជា ការ​ធ្វើ​ពហិការ​មិន​ព្រម​ចូលរួម​សម័យ​ប្រជុំ​ដំបូង​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ ឬ​ការ​ធ្វើ​ពហិការ​មិន​ព្រម​ចូលរួម​ប្រជុំ​រដ្ឋសភា​សម្រាប់​ការ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ ឬ​ការ​ធ្វើ​ពហិការ​មិន​ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង។ ការ​ដាក់​កម្រិត​បែប​នេះ មាន​ន័យ​ស្មើ​នឹង​ការ​បង្ខំ​ឲ្យ​គណបក្ស​នយោបាយ ត្រូវ​តែ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត បើ​ទោះ​បី​ជា​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ណា​ក៏ដោយ។

ថ្មីៗ​នេះ​ទៀត​សោត ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គឺ​ជា​ស្នៀត​ចុង​ក្រោយ​ដែល​គណបក្ស​កាន់​អំណាច​មួយ​នេះ​កំពុង​ប្រើប្រាស់​ដើម្បី​ឈាន​ទៅ​កម្ទេច​ចោល​ទាំងស្រុង​គណបក្ស​នយោបាយ ឬ​អាជីព​អ្នក​នយោបាយ​ណា​មួយ​ដែល​មាន​លទ្ធភាព និង​ឱកាស​អាច​ដណ្ដើម​យក​ជ័យជម្នះ​ពី​ខ្លួន​បាន​នា​ពេល​បោះឆ្នោត។ ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រសួង​មហាផ្ទៃ និង​តុលាការ ត្រូវ​បាន​ផ្តល់​នូវ​សិទ្ធិ​អំណាច​ដ៏​ទូលំទូលាយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ការ​ផ្អាក បញ្ឈប់ រំលាយ​ចោល ឬ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ ចំពោះ​គណបក្ស​នយោបាយ ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ ដែល​រាប់​បញ្ចូល​ទាំង​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ ក្រោម​ហេតុផល ឬ​លេស​នយោបាយ ដែល​មាន​លក្ខណៈ​ទូលំទូលាយ និង​ស្រពេចស្រពិល រួម​មាន​ដូចជា បទ​ចោទ​ប្រកាន់​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ឬ​ការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ ជាដើម។

ក្រៅ​ពី​ករណី​ធំៗ​ដែល​បាន​រៀបរាប់​ត្រួសៗ​ពី​ខាង​ដើម​នេះ ក៏​មាន​ផង​ដែរ​ការ​បង្កើត​ច្បាប់​ដែល​មាន​ចេតនា​រឹត​ត្បិត និង​គាប​សង្កត់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល អ្នក​នយោបាយ និង​តំណាងរាស្ត្រ។ ច្បាប់​ទាំងនេះ​រួម​មាន​ដូចជា ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​វិធាន​ផ្ទៃក្នុង​នៃ​រដ្ឋសភា ជាដើម។

ហ៊ុន សែន ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

ទាំងនេះ​មិន​ទាន់​បាន​រាប់​បញ្ចូល​ផង​នូវ​សកម្មភាព​នយោបាយ​ដទៃ​ទៀត ដែល​តែងតែ​កើត​មាន​ឡើង​ស្ទើរ​តែ​គ្រប់​អាណត្តិ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ សកម្មភាព​ទាំងនោះ​រួម​មាន​ដូចជា ការ​ទិញ​សន្លឹក​ឆ្នោត ការ​រារាំង ការ​បំភិត​បំភ័យ ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ការ​គំរាម​កំហែង​ក្រោម​រូបភាព​ឃាតកម្ម​នយោបាយ និង​ដំណើរ​ក្តី​ក្ដាំ​តាម​ប្រព័ន្ធ​តុលាការ។ ក្រៅ​ពី​នេះ ក៏​មាន​ផង​ដែរ​ការ​ចាប់​ចង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ មន្ត្រី​សិទ្ធិ​មនុស្ស ដីធ្លី និង​បរិស្ថាន​ដាក់​ពន្ធនាគារ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង​គណបក្ស​ប្រឆាំង ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​មិន​ឯករាជ្យ និង​លម្អៀង ព្រម​ទាំង​ការ​កំណត់​អាសនៈ និង​ព្រំប្រទល់​រដ្ឋបាល​ខេត្ត-ខណ្ឌ​សាជាថ្មី ឲ្យ​ត្រូវ​តាម​របាយ​ប្រជាជន​ដែល​ជា​អ្នក​គាំទ្រ​របស់​ខ្លួន ជាដើម។

និយាយ​ជា​រួម​ទៅ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ទ្រឹស្ដី​សាមញ្ញ​បំផុត​ដែល​គណបក្ស​នេះ​យក​មក​អនុវត្ត​ក្នុង​ការ​ដែល​ចេះ​តែ​រៀបចំ​ឲ្យ​មាន​ដំណើរការ​បោះឆ្នោត​នោះ គឺ «ចាញ់​ក៏​ឈ្នះ» «ឈ្នះ​ក៏​ឈ្នះ»។ ពោល​គឺ​គ្មាន​ទេ​ពាក្យ​ថា «ចាញ់» សម្រាប់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក។ ដូច​គ្នា​នេះ​ដែរ ពាក្យ «សង្គ្រាម» និង «សន្តិភាព» ក៏​ត្រូវ​បាន​គណបក្ស​នេះ​យក​មក​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុង​ជំនួញ​នយោបាយ សម្រាប់​ទុក​បិទ​បាំង​បន្ត​ការ​រក្សា​អំណាច​របស់​ខ្លួន។

ការ​ប្រើប្រាស់​សង្គ្រាម​ចិត្តសាស្ត្រ ដើម្បី​បន្លាច និង​បំបាក់​ស្មារតី​អ្នក​បោះឆ្នោត​នេះ ក៏​ហាក់​ដូចជា​ហួស​សម័យ និង​លែង​មាន​ឥទ្ធិពល​ទៅ​ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន​នេះ។ ប្រសាសន៍​ដ៏​ល្បីល្បាញ​របស់​អតីត​ប្រធានាធិបតី​អាមេរិក លោក អាប្រាហាម លីនខន (Abraham Lincoln) ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​កត្តា​នេះ។ លោក​ថ្លែង​ថា «គេ​អាច​បោក​បញ្ឆោត​មនុស្ស​មួយ​ចំនួន​គ្រប់​ពេលវេលា​បាន ហើយ​គេ​ក៏​អាច​បោក​បញ្ឆោត​មនុស្ស​ទាំងអស់​នៅ​ពេល​ខ្លះ​បាន ក៏ប៉ុន្តែ​គេ​មិន​អាច​បោក​បញ្ឆោត​មនុស្ស​ទាំងអស់​បាន​គ្រប់​ពេលវេលា​ទាំងអស់​នោះ​ឡើយ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles