Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កសិករ​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​រឿង​សណ្ដែក​បាយ​មាន​ជំងឺ​និង​លក់​បាន​តម្លៃ​ថោក

$
0
0

កសិករ​ធ្វើ​ចម្ការ​នៅ​តាម​ដង​ទន្លេសាប នៃ​ខេត្ត​កំពង់ឆ្នាំង ត្អូញត្អែរ​ថា ទិន្នផល​សណ្ដែក​បាយ​ឆ្នាំ​នេះ​ថយ​ចុះ​ខ្លាំង ហើយ​តម្លៃ​ក៏​ថោក​ជាង​ឆ្នាំ​មុន ធ្វើ​ឲ្យ​កសិករ​ខាតបង់​ដើម​ទុន និង​ជំពាក់​បំណុល​គេ។

មន្ត្រី​ជំនាញ​កសិកម្ម ទទួល​ស្គាល់​ថា តម្លៃ​គ្រាប់​សណ្ដែក​បាយ​ឆ្នាំ​នេះ​ពិត​ជា​ធ្លាក់​ថ្លៃ​បន្តិច ប៉ុន្តែ​ចំពោះ​គុណភាព​ដំណាំ ឬ​ទិន្នផល​សណ្ដែក​នៅ​តំបន់​មួយ​ចំនួន មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។

នៅ​ដើម​រដូវ​ប្រមូល​ផល​សណ្ដែក​បាយ ឆ្នាំ​២០១៧ នេះ មាន​កសិករ​ជា​ច្រើន​មក​ពី​ឃុំ​ផ្សេង​គ្នា នៃ​ស្រុក​កំពង់លែង និង​ក្រុង​កំពង់ឆ្នាំង អះអាង​ថា ខ្លួន​បាន​ខាតបង់​ប្រាក់ ដោយ​ធ្វើ​សណ្ដែក​មិន​រួច​ថ្លៃ​ដើម។

កសិករ​ម្នាក់​នៅ​ឃុំ​កំពង់អុស ស្រុក​ជលគីរី លោកស្រី សុខ អូន មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​គ្រួសារ​គាត់​ព្រោះ​សណ្ដែក​បាន​បី​ហិកតារ ហើយ​ទទួល​បាន​ផល​សណ្ដែក​ប្រមាណ ៨០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតារ ដែល​ថយ​ចុះ​ជាង​រាល់​ឆ្នាំ​ដែល​ធ្លាប់​បាន​មួយ​តោន ឬ​លើស​មួយ​តោន ក្នុង​មួយ​ហិកតារ។

លោកស្រី​ថា ទិន្នផល​សណ្ដែក​ថយ​ចុះ​ដោយសារ​មាន​ជំងឺ និង​សត្វ​ចង្រៃ​បំផ្លាញ៖ «សណ្ដែក​ឆ្នាំ​នេះ​អត់​សូវ​កើត​ទេ បាត់​ផល​ពាក់​កណ្ដាល ព្រោះ​សត្វ​ល្អិត​ធ្វើ​ទុក្ខ​ពេក។ សត្វ​ល្អិត ហើយ​ស្មៅ ដល់​យើង​បាញ់​ថ្នាំ​ទៅ​អស់​សោហ៊ុយ (ដើម​ទុន) ច្រើន ចម្ការ​មួយៗ​អស់​ជិត​ពីរ​ពាន់​ដុល្លារ។ មាន​ជំងឺ​សណ្ដែក បាញ់​ទៅ​វា​អត់​កើត ហើយ​ឆ្នាំ​នេះ​អត់​សូវ​មាន​ជំនោរ​អី​ផង​នោះ ដល់​ពេល​បាន​ផល​មក​លក់​ចុះ​ថោក​ទៀត មាន​លុយ​អី​សង​ថ្លៃ​ថ្នាំ»

ក្រុម​កសិករ​ថា ដំណាំ​ខូចខាត​មិន​ទទួល​បាន​ទិន្នផល​ដូច​រាល់​ឆ្នាំ ជា​ការ​ខាតបង់​មួយ​សម្រាប់​កសិករ ប៉ុន្តែ​ពួកគេ​កាន់​តែ​ខាត​បង់​ធ្ងន់ធ្ងរ​ទៅ​ទៀត នៅ​ពេល​ដែល​តម្លៃ​គ្រាប់​សណ្ដែក​ពួកគេ​លក់​បាន​ថោក។

ចំណែក​កសិករ​ម្នាក់​ទៀត​មក​ពី​ឃុំ​ប្រឡាយមាស ស្រុក​កំពង់លែង កំពុង​អង្គុយ​គិត​លុយ​ថ្លៃ​លក់​គ្រាប់​សណ្ដែក​ជាមួយ​ឈ្មួញ​កណ្ដាល​នៅ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង លោកស្រី ជួប ឈិន ឲ្យ​ដឹង​ថា គ្រាប់​សណ្ដែក​ពូជ​ទិញ​ពី​ផ្សារ​ទៅ​ព្រោះ​មាន​តម្លៃ​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ពេល​កសិករ​ធ្វើ​បាន​ផល ហើយ​ដឹក​មក​លក់​វិញ​បាន​តែ​ជាង​ប្រាំ​ពាន់​រៀល​សម្រាប់​គ្រាប់​សណ្ដែក​ច្រូត និង​វាយ​សំអាត​យក​គ្រាប់​ដោយ​ដៃ ចំណែក​គ្រាប់​សណ្ដែក​ដែល​ច្រូត​ដោយ​ម៉ាស៊ីន គឺ​លក់​បាន​តែ​ជាង​ពីរ​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។

សណ្ដែក កំពង់ឆ្នាំង ៨៥៥
ឈ្មួញ​ទិញ​គ្រាប់​សណ្ដែកបាយ នៅ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha RFA/Chin Chetha

លោកស្រី​ថា កសិករ​ចំណាយ​ដើម​ទុន​ច្រើន តែ​លក់​បាន​តម្លៃ​ថោក៖ «ថ្លៃ​ថ្នាំ​ក៏​ថ្លៃ សណ្ដែក​ក៏​ថោក​អ៊ីចឹង! សង​អង្គការ​ក៏​មិន​រួច សង​ថ្លៃ​ថ្នាំ​ក៏​មិន​រួច បើ​សណ្ដែក​ធ្លាប់​បាន​មួយ​ហិកតារ​ ​ពីរ​តោន​ជាង​អ៊ីចឹង​ទៅ ដល់​ឥឡូវ​ខ្លះ​បាន ៣០០​គីឡូ ខ្លះ​ទៅ​បាន ៥០០​គីឡូ។ (ជិន ជេដ្ឋា៖ចុះ​ឆ្នាំ​ក្រោយ​ធ្វើ​ទៀត​ទេ?) ធ្វើ​រាល់​តែ​ឆ្នាំ​ហ្នឹង បើ​មិន​ធ្វើ​បាន​អី​ហូប បើ​គ្នា​អ្នក​ចម្ការ​រស់នៅ​តែ​ប៉ុណ្ណឹង​ហើយ។ ឲ្យ​រដ្ឋាភិបាល​ជួយ​ពលរដ្ឋ​តាម​ដង​ទន្លេ​ដែល​ធ្វើ​ចម្ការ​ជួយ​សណ្ដែក​ឲ្យ​បាន​តម្លៃ ហើយ​ឲ្យ​រក​បាន​ផង វរៗ​ងាប់​អស់​ហើយ​ប្រជាជន​តាម​ដង​ទន្លេ​នោះ»

ឈ្មួញ​ទិញ​គ្រាប់​សណ្ដែក​សាញ ឬ​ឲ្យ​តម្លៃ​ថោក​ចំពោះ​គ្រាប់​សណ្ដែក​ដែល​ច្រូត និង​សម្អាត​យក​គ្រាប់​ដោយ​ម៉ាស៊ីន ព្រោះ​គ្រាប់​សណ្ដែក​ដែល​ចេញ​ពី​ម៉ាស៊ីន​អាច​បាក់​បណ្ដូល​ក្នុង​គ្រាប់​មិន​អាច​យក​ទៅ​បណ្ដុះ​ធ្វើ​សណ្ដែក​បណ្ដុះ ឬ​ធ្វើ​ពូជ​បន្ត​ទៀត​បាន។ សណ្ដែក​ដែល​កសិករ​និយម​ធ្វើ​ច្រើន​ជាង​គេ គឺ​ប្រភេទ​សណ្ដែក​ប្រេង បាយ និង​លឿង ហើយ​កសិករ​លក់​បាន​កាន់​តែ​ថោក បើ​ប្រើ​ម៉ាស៊ីន​ច្រូត​វា។

អាជីវករ និង​ជា​ឈ្មួញ​កណ្ដាល​ប្រមូល​ទិញ​គ្រាប់​សណ្ដែក​នៅ​ផ្សារ​ក្រោម​ម្នាក់​លោកស្រី ឌី វណ្ណដា ថា បញ្ហា​តម្លៃ​គ្រាប់​សណ្ដែក​ថោក​តាំង​ពី​ដើម​ដៃ ឬ​ពេល​ប្រមូល​ផល​ដំបូង​នេះ ក៏​ព្រោះ​តែ​ឈ្មួញ​ក្រៅ​ប្រទេស​អត់​មាន​ការ​បញ្ជា​ទិញ។ លោកស្រី​រំលឹក​ថា រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ដើម​ខែ​មីនា មាន​គ្រាប់​សណ្ដែក​ពោរពាស​ដែល​កសិករ​ដឹក​មក​លក់ ហើយ​បាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ដោយ​ឆ្នាំ​នេះ​សណ្ដែក​ធ្លាក់​ថ្លៃ​ខ្លាំង រូប​លោកស្រី​ដែល​ជា​អ្នក​ប្រមូល​ទិញ​ក៏​មិន​សូវ​សប្បាយ​ចិត្ត​ដូច​ជា​កសិករ​ដែរ៖ «សណ្ដែក​លឿង​ដៃ (សម្អាត​ដោយ​ដៃ) រាល់​ថ្ងៃ​ទិញ​ចូល ៥.៣០០​រៀល សណ្ដែក​ប្រេង​ដៃ ដែរ តម្លៃ ៤.០០០​រៀល។ បើ​សណ្ដែក​ម៉ាស៊ីន​គឺ​ទូទៅ​ដូច​គ្នា​គ្រប់​ប្រភេទ គឺ ២.៥០០​រៀល។ ថោក​ជាង​ឆ្នាំ​មុន​ឡើង​ច្រើន​មែនទែន​ហ្មង។ កាល​ពី​ឆ្នាំ​មុន​គ្រាន់​បាន​មួយ​គីឡូ ៣.២០០ ឬ ៣.៣០០​រៀល តែ​ឆ្នាំ​នេះ​គឺ​ចប់​ហ្មង ហើយ​សួរ​ទៅ​ឈ្មួញ​ខាង​លើ​វិញ គេ​អត់​ទិញ​ទេ គេ​គ្រាន់​តែ​ប្រាប់​តម្លៃ​ប្រហែលៗ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ទទួល​ស្គាល់​ថា គ្រាប់​សណ្ដែក​របស់​កសិករ​ពិត​ជា​លក់​បាន​ថោក តែ​ចំពោះ​ទិន្នផល​ដំណាំ ជា​ពិសេស​គ្រាប់​សណ្ដែក​មិន​ធ្លាក់​ផល​ខ្លាំង​ដូច​កសិករ​អះអាង​នោះ​ទេ។ លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ចុះ​ពិនិត្យ​បញ្ហា​នេះ ហើយ​ឃើញ​ថា សណ្ដែក​របស់​កសិករ​មាន​ការ​ខូចខាត​ដោយ​ជំងឺ​ក្នុង​កម្រិត​តិចតួច​បំផុត៖ «ឲ្យ​តែ​ប្រាកដ​ថា មាន​ជំងឺ​ផ្ទុះ​មែន គឺ​មន្ទីរ​កសិកម្ម​នឹង​ទៅ​ចាត់​វិធានការ​ភ្លាម អត់​មាន​បញ្ហា។ ចំពោះ​តម្លៃ​ទីផ្សារ ឯកឧត្ដម​រដ្ឋមន្ត្រី វេង សាខុន បាន​ជំរុញ​គណៈកម្មការ​រៀបចំ​ទីផ្សារ​ជូន​ប្រជា​ពលរដ្ឋ​គ្រប់​រាជធានី​ខេត្ត​ហើយ។ បើ​សណ្ដែក​មាន​ការ​ចុះ​ថ្លៃ​ដូច​គាត់​អះអាង​មែន យើង​នឹង​រាយការណ៍​ទៅ​ក្រសួង ឬ​រក​ដៃគូ​ទីផ្សារ​ណា​ដែល​អាច​មក​ជួយ​ទិញ​គាត់»

លោក ងិន ហ៊ុន អំពាវនាវ​ឲ្យ​កសិករ​ទាំង​អស់​ទាក់ទង​មន្ទីរ​កសិកម្ម ឬ​មន្ត្រី​ជំនាញ ដើម្បី​ផ្ដល់​ប្រឹក្សា ឬ​រក​ទីផ្សារ ពេល​មាន​បញ្ហា​ទីផ្សារ​លក់​កសិផល និង​ពេល​មាន​បញ្ហា​សត្វល្អិត​ចង្រៃ​ស៊ី​បំផ្លាញ​ដំណាំ។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កសិកម្ម បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​ការ​ផ្ដល់​បច្ចេកទេស​កសិកម្ម និង​អន្តរាគមន៍​ពេល​មាន​ជំងឺ​រាតត្បាត​លើ​ដំណាំ ព្រម​ទាំង​រក​វិស័យ​ឯកជន​ជួយ​ទិញ​កសិផល​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles