
ឈើមូលរាប់ពាន់ដើមនៅតំបន់ភ្នំអាត និងភ្នំម៉ាហាល ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី ដែលជនជាតិដើមភាគតិចរស់នៅតំបន់ក្បែរនោះប្រើប្រាស់ និងថែរក្សាជាលក្ខណៈប្រពៃណី ត្រូវបានគេកាប់ធ្វើអាជីវកម្មខុសច្បាប់ក្នុងរយៈពេលតែបីខែប៉ុណ្ណោះ។ អ្នកភូមិដែលធ្លាប់ចេញចូលតំបន់ភ្នំ ដើម្បីដាក់អន្ទាក់សត្វ ឬស្វែងរកអនុផលក្នុងព្រៃ ចាត់ទុកថានេះជាវិនាសកម្មធនធានធម្មជាតិមានតម្លៃរបស់ជាតិដែលបន្សល់ទុកច្រើនជំនាន់មកហើយ។
ភ្នំអាត និងភ្នំម៉ាហាល ឋិតនៅចម្ងាយប្រមាណ ១០ ទៅ ១៥គីឡូម៉ែត្រពីភូមិសមុទ្រក្រោម ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ភ្នំទាំងពីរនេះជាជង្រុកឈើប្រណិត និងឈើមានតម្លៃជាធនធានធម្មជាតិរាប់សិបម៉ឺនដើមដុះនៅតំបន់នោះច្រើនជំនាន់មកហើយ មុនពេលតំបន់ព្រៃនោះត្រូវបានដាក់បញ្ចូលជាតំបន់អភិរក្សដែនជម្រកសត្វគ្រប់គ្រងដោយក្រសួងបរិស្ថាន។
ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិសមុទ្រក្រោម តែងចូលព្រៃនៅលើភ្នំទាំងពីរដើម្បីដាក់អន្ទាក់សត្វ រកវល្លិ និងអនុផលព្រៃឈើចិញ្ចឹមជីវិតតាមប្រពៃណី ចាត់ទុកព្រៃឈើនៅតំបន់នោះថាជាទីស្នាក់នៅរបស់អារក្សអ្នកតាដែលអ្នកភូមិគោរពបូជា និងជាទីស្នាក់អាស្រ័យនៃសត្វព្រៃច្រើនប្រភេទរស់នៅចិញ្ចឹមជីវិតនៅទីនោះ៖ «ឈើកកោះ សុក្រំ ផ្ចឹក ផ្ដៀក ពពេល ខ្លុង ត្បែង មានគ្រប់មុខចាប់ពីមុខហា មុខហុកនៅញឹកនៅឡើយពីមុនមក។ ភ្នំនេះជាតំបន់អភិរក្សជម្រកសត្វព្រៃ ពីមុនមកខ្ញុំទៅបណ្តើរឆ្កែដាក់អន្ទាក់ ជាដើម»។
ចាប់ពីចុងខែធ្នូ ឆ្នាំ២០១៦ អ្នកភូមិដែលចូលព្រៃកត់សម្គាល់ថា រយៈពេលតែបីខែប៉ុណ្ណោះ ឈើមូលរាប់ពាន់ដើមនៅតំបន់ភ្នំទាំងពីរ ត្រូវជនជាតិវៀតណាម ប្រដាប់ដោយម៉ាស៊ីនកាត់ឈើ និងគ្រឿងយន្តដឹកជញ្ជូនចូលទៅកាប់យកឈើមូលនៅលើភ្នំ ហើយដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់។
ពលរដ្ឋភូមិសមុទ្រក្រោម ដែលបានឃើញហេតុការណ៍បញ្ជាក់ថា ឈើមូលចាប់ពីមុខកាត់ទំហំ ៣០ ទៅ ៤០សង់ទីម៉ែត្រឡើងទៅ ត្រូវគេអាររំលំ ហើយកាត់ចុងកាត់គល់ដឹកជញ្ជូនចេញយ៉ាងឆាប់រហ័ស។ ក្នុងមួយថ្ងៃៗ ឈើរាប់សិបរថយន្តត្រូវបានដឹកជញ្ជូនចេញពីព្រៃ។ លោកចោទប្រកាន់ទៅលើសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ ហាក់មិនមានវិធានការទប់ស្កាត់ ឬបង្ក្រាបបទល្មើសព្រៃឈើដ៏ធ្ងន់ធ្ងរនោះទេ ទើបឈើមូលរាប់ពាន់ដើមត្រូវគេកាប់អស់ពីភ្នំទាំងពីរនេះក្នុងរយៈពេលដ៏ខ្លី៖ «នៅលើភ្នំនេះចាប់ពីខែដប់ពីរដល់ខែបី វាចូលកាប់។ ពួកវៀតណាម វាចូលតាមខ្សែរយៈពួកអាជ្ញាធរ គេអត់ទប់ស្កាត់អ៊ីចឹង បានវៀតណាម ចូលបាន»។
កាលពីសប្តាហ៍មុននេះ អ្នកភូមិសមុទ្រក្រោម ប្រមាណ ៣០នាក់ បានចុះល្បាតព្រៃនៅតំបន់ភ្នំអាត ជាថ្មីសង្កេតឃើញស្នាមផ្លូវដឹកជញ្ជូនឈើនៅខ្វាត់ខ្វែងនៅលើភ្នំ និងដោយឡែកគំនរឈើមូលច្រើនកន្លែងដែលជាស្លាកស្នាមបទល្មើសព្រៃឈើបន្សល់ចោលនៅទីនោះនៅឡើយ។
កាលពីដើមខែសីហា ពលរដ្ឋរស់នៅភូមិសមុទ្រក្រោម បានរកឃើញឯកសារថតចម្លងមួយទាក់ទិនការទិញលក់ឈើមូលនៅតំបន់ភ្នំអាត។ ក្នុងលិខិតទិញលក់នេះមានស្នាមមេដៃប្រធានអនុប្រធានភូមិសមុទ្រក្រោម និងប្រធានអនុប្រធានសហគមន៍ជាអ្នកផ្ដិតលក់ឈើមូលនៅភ្នំនោះទៅឲ្យឈ្មួញ និងដាក់លក្ខខណ្ឌមិនអនុញ្ញាតឲ្យជនដទៃដឹកជញ្ជូនឈើចេញពីភ្នំ ក្រៅពីឈ្មួញអ្នកទិញឈើនោះឡើយ។
តំណាងពលរដ្ឋភូមិសមុទ្រក្រោម ដែលបានរកឃើញឯកសារទិញលក់នេះបញ្ជាក់ថា អាជ្ញាធរភូមិពិតជាបានលក់ឈើមូលនៅភ្នំអាត មានតម្លៃ ១ម៉ឺន ៥ពាន់ដុល្លារ រួមទាំងភ្នំម៉ាហាល ដែលអ្នកភូមិមិនបានដឹងតម្លៃលក់ឈើ។ លោកថា អ្នកភូមិគ្រប់ក្រុមគ្រួសារបានទទួលប្រាក់ពីមេភូមិចំនួនជាង ១០ម៉ឺនរៀល បន្ទាប់ពីបែកធ្លាយលិខិតទិញលក់នោះ៖ «ចាប់អាហ្នឹងបានៗគាត់ទទួលស្គាល់ថាលក់។ កាប់ហ្នឹងពីរភ្នំ ភ្នំអាតមួយ ភ្នំម៉ាហាលមួយទៀត»។
អនុប្រធានភូមិសមុទ្រក្រោម លោក ប៊ុន ធាងសឿន ក្នុងពេលសុំការបញ្ជាក់រឿងនេះតាមទូរស័ព្ទជាមួយអាស៊ីសេរី កាលពីចុងខែកក្កដា លោកទទួលស្គាល់លិខិតលក់ឈើមូលនៅភ្នំអាត ថាជារឿងពិត ប៉ុន្តែអះអាងថា អ្នកភូមិក៏បានឯកភាពឲ្យអាជ្ញាធរលក់ឈើ ហើយប្រាក់បានពីការលក់ឈើមួយផ្នែក ចែកសមាជិកសហគមន៍ និងមួយផ្នែកយកទៅសាងសង់សាលាប្រជុំភូមិ៖ «ប្រជាពលរដ្ឋព្រមទាំងអស់ គាត់ព្រមលក់ព្រៃឈើ បានយើងលក់ទៅ បើគាត់មិនព្រម គេមិនហ៊ានទិញដែរ។ ចែកម្នាក់ ១០ម៉ឺន ក្រៅពីធ្វើសាលាភូមិ ខ្ញុំចែកប្រជាពលរដ្ឋ»។
សមត្ថកិច្ចប៉ូលិសខេត្តរតនគិរី កាលពីខែមករា បានឃាត់ខ្លួនជនជាតិវៀតណាម ដែលឆ្លងដែនចូលមកកាប់ឈើនៅតំបន់ភ្នំអាត ក្នុងឋានៈជាអន្តោប្រវេសន៍ខុសច្បាប់។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ជាតិ ក៏បានចុះអង្កេត និងដាក់វិធានការទប់ស្កាត់ការកាប់ឈើនៅតំបន់ភ្នំអាត តាំងពីពេលនោះមក ក៏ប៉ុន្តែមិនឃើញមានព័ត៌មានណាបញ្ជាក់ថា តើក្រុមសមត្ថកិច្ចទាំងនោះរកឃើញជនប្រព្រឹត្តិការខូចខាត និងចាត់វិធានការបែបណានៅឡើយ ទាក់ទិនវិនាសកម្មឈើមូលនៅតំបន់ព្រៃដែនជម្រកសត្វលំផាត់នេះ។
តំណាងសហគមន៍ភូមិសមុទ្រក្រោម ៨នាក់កាលពីខែសីហា បានដាក់បណ្តឹងបរិហារមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ ៧នាក់ទៅសអយ្យការសាលាដំបូង ដោយចាត់ទុកវិនាសកម្មព្រៃឈើនោះថាជាការធ្វេសប្រហែសបណ្តែតបណ្តោយរបស់មន្ត្រីពាក់ព័ន្ធការពារព្រៃឈើនោះ។
នាយករងដែនជម្រកសត្វព្រៃលំផាត់ លោក សាន សានី ធ្លាប់បានបញ្ជាក់ពីរឿងនេះថា មន្ត្រីអនុរក្សបានធ្វើរបាយការណ៍ និងដាក់បណ្តឹងពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃនៅតំបន់ភ្នំអាត រួចហើយដែរ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីរបាយការណ៍នោះមានពាក់ព័ន្ធនរណានោះឡើយ៖ «ទៅសាមុនអត់ជួបទេ ព្រោះវាកាប់យូរហើយ ខ្ញុំធ្វើឯកសារដាក់ចូលច្រើនគ្នាហើយ»។
ចំណែកអ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី លោក ហាក់ ហ័ន បញ្ជាក់ថា បណ្តឹងបរិហាររបស់សហគមន៍ និងបណ្តឹងរបស់មន្ត្រីអាជ្ញាធរ ត្រូវបានបើកការស៊ើបអង្កេតបឋមចាប់ពីថ្ងៃទី២១ ខែសីហា បន្ទាប់ពីលោកបានចេញដីកាកោះហៅដើមចោទ និងចុងចោទមកឆ្លើយបំភ្លឺក្នុងរឿងក្តីនេះ៖ «សំណុំរឿងហ្នឹងគាត់ប្តឹងគេ មានគេប្តឹងគាត់ ចាប់ពីថ្ងៃ២១ ទៅបានហៅគាត់ចូល។ បាទ ស៊ើបអង្កេតបឋមហើយអាហ្នឹង»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើដីធ្លីសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឌិន ខុន្នី ដែលបានរួមដំណើរជាមួយសហគមន៍ទៅដល់តំបន់ភ្នំអាត ចាត់ទុកវិនាសកម្មឈើមូលនៅភ្នំនោះថាជាឧក្រិដ្ឋកម្មព្រៃឈើ ក្រោមការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាន និងសមត្ថកិច្ចដែនជម្រកសត្វព្រៃ។ លោកអំពាវនាវឲ្យក្រសួងបរិស្ថាន ស៊ើបអង្កេតបន្ទាន់ដើម្បីស្វែងរកជនពាក់ព័ន្ធប្រព្រឹត្តបទល្មើសព្រៃឈើមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «នេះជាការកាប់បំផ្លាញព្រៃឈើធ្ងន់ធ្ងរ គំនរឈើច្រើនគំនរដែលយើងចុះទៅឃើញ បើសិនអាជ្ញាធរមិនបន្តចុះទប់ស្កាត់ទេ ព្រៃឈើនោះនឹងវិនាសអស់»។
ភ្នំអាត និងភ្នំម៉ាហាល មានផ្ទៃដីមិនតិចជាង ៦០០ហិកតារនោះទេ បច្ចុប្បន្ននៅសេសសល់ឈើមិនមានតម្លៃទីផ្សារ និងឈើមិនទាន់គ្រប់អាយុអាចប្រើប្រាស់បានតែប៉ុណ្ណោះ។ ដោយឡែកសហគមន៍ដែលមានគម្រោងស្នើសុំតំបន់នោះសម្រាប់ចុះបញ្ជីជាព្រៃអភិរក្សផ្លូវការរបស់សហគមន៍បារម្ភថា ប្រសិនបើមន្ត្រីអនុរក្សមិនមានវិធានការទប់ស្កាត់ជាក់លាក់ទេ ព្រៃឈើដែលនៅសេសសល់ នឹងបន្តវិនាសថែមទៀត ជាពិសេសសហគមន៍បានរកឃើញការកាប់រានព្រៃយកដីនៅខាងជើងភ្នំអាត កំពុងរីករាលខ្លាំងឡើង៖ «អស់ព្រៃឈើហើយ មានសល់ស្អីទៀត ហើយក៏មិនមានផលប្រយោជន៍អ្វីដល់សហគមន៍យើង»៕