Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ពលរដ្ឋ​កុំ​ទៅ​រាន​ដី​ព្រៃ​សង់​ផ្ទះ​នៅ​លើ​ដី​អនុក្រឹត្យ​លេខ​៧៦

$
0
0

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​តូចៗ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​សង់​ខុស​ច្បាប់​នៅ​លើ​បរិវេណ​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋាភិបាល​បម្រុង​ទុក​ជា​ប្រភព​ទឹកសាប​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត។ បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​មន្ត្រី​ថ្នាក់​ដឹកនាំ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​រដ្ឋ​នានា និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ត្រូវ​ចូលរួម​សហការ​ការពារ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ​ឲ្យ​បាន​គង់វង្ស និង​ត្រូវ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ បើ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​រាន​កាប់​ដី​ព្រៃ​រដ្ឋ​បម្រុង​ទុក​នេះ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជា​ថ្មី​ម្តង​ទៀត​បាន​រំលឹក​ដល់​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​រដ្ឋ​នានា និង​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​បម្រុង​ទុក​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត ឬ​ទឹកសាប មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​ដី​អនុក្រឹត្យ​លេខ​៧៦ តំបន់​ក្បាលឆាយ ស្ថិត​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ តទៅទៀត ព្រោះ​ជា​តំបន់​ដែល​រដ្ឋាភិបាល​បាន​ហាមឃាត់។ លោក​អះអាង​ថា បរិវេណ​ដី​ព្រៃ​អនុក្រឹត្យ​លេខ​៧៦ ប្រសិន​បើ​បាត់បង់ ឬ​ត្រូវ​រង​ការ​ទន្ទ្រាន​កាប់​ព្រៃ​រាន​ដី​ធ្វើ​កម្មសិទ្ធិ ឬ​សង់​ផ្ទះ​អនាធិបតេយ្យ នឹង​បំផ្លាញ​ដល់​អាង​ស្តុក​ទឹក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត។

លោក យន្ត មីន បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​មន្ទីរ​ស្ថាប័ន​រដ្ឋ មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​អាច​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​លួច​កាប់​រាន​ដី​ព្រៃឈើ​នៅ​តំបន់​ក្បាលឆាយ ស្នើ​ឲ្យ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ការពារ​ថែរក្សា​បរិវេណ​ព្រៃឈើ​នៅ​តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បម្រុង​ទុក​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ឲ្យ​បាន​គង់វង្ស បើ​មិន​ដូច្នេះ​ទេ ខេត្ត​ទេសចរណ៍​មួយ​នេះ​នឹង​មិន​មាន​ទឹកសាប​ប្រើប្រាស់​ទៀត​ទេ។

សារ​ក្រើន​រំលឹក​ជា​ថ្មី​នេះ កើត​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា មន្ត្រី​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​តូចៗ​របស់​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ មាន​ទីតាំង​នៅ​ក្រុម​១៨ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ថា​សង់​ខុស​ច្បាប់​នៅ​លើ​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋាភិបាល​បាន​ហាមឃាត់ និង​មាន​ជន​ខិលខូច​ច្រើន​ទៀត​ប៉ុនប៉ង​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​តំបន់​នោះ។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្ថាប័ន​ខ្លួន​ចុះ​រុះរើ​ខ្ទម​តូចៗ​ចំនួន ៥​ខ្នង ឲ្យ​ដឹង​ថា ការ​ចុះ​រុះរើ​សំណង់​ខុស​ច្បាប់​នេះ បាន​អនុវត្ត​តាម​លិខិត​ណែនាំ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧។ លោក​បន្ត​ថា ករណី​នេះ រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ​ដែល​បាន​ទៅ​សង់​ផ្ទះ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​សំណង់​ខុស​ច្បាប់​ទាំងនោះ​ចេញ ប៉ុន្តែ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​ពុំ​បាន​អនុវត្ត​តាម​ទេ។

លោក សុធារិទ្ធ បន្ថែម​ថា ការ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ទាំង ៥​គ្រួសារ ដែល​សង់​នៅ​លើ​បរិវេណ​ដី​រដ្ឋ​ហាមឃាត់​នៅ​តំបន់​ក្បាលឆាយ ក៏​ជា​ការ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​១១៦ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សង់ ឬ​តាំង​ទី​លំនៅឋាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្បាលឆាយ​នោះ​ទេ។

លោក សាមុត សុធារិទ្ធ សង្កត់​ធ្ងន់​ថា តំបន់​ក្បាលឆាយ​នេះ​ត្រូវ​រាជ​រដ្ឋាភិបាល​បម្រុង​ទុក​សម្រាប់​ទេសភាព​បៃតង សម្រាប់​ជា​តំបន់​ឧទ្យាន​ជាតិ ដែន​ជម្រក​សត្វ​ព្រៃ និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង ដោយ​ត្រូវ​ការពារ និង​អភិរក្ស​កុំ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ ជីវចម្រុះ ជាពិសេស​ប្រភព​ទឹក​ស្អាត ឬ​ទឹកសាប ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ជាដើម។

សកម្មភាព​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​តូចៗ​របស់​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ មាន​ទីតាំង​នៅ​ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​បាន​ដាក់​ពង្រាយ​ការពារ។

ឱកាស​នោះ ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ និង​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ចំពោះ​សកម្មភាព​ចុះ​រុះរើ​ផ្ទះ​នេះ និង​សំណូមពរ​អាជ្ញាធរ​កុំ​ឲ្យ​រុះរើ​ផ្ទះ​ពួក​គេ ដោយ​លើក​ហេតុផល​ថា គ្មាន​ដី​សង់​ផ្ទះ និង​មាន​ជីវភាព​ក្រីក្រ ហើយ​ម្យ៉ាង​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​រាល់​ថ្ងៃ​ទៀត។

ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​សង់​ផ្ទះ​រស់នៅ​លើ​ទីតាំង​ដើម ដែល​ត្រូវ​អាជ្ញាធរ​រុះរើ​វិញ ព្រោះ​រាល់​ថ្ងៃ​នេះ​មាន​ព្យុះ​ភ្លៀង​ជា​បន្តបន្ទាប់ ហើយ​ពួក​គេ​គ្មាន​ជម្រក​ឲ្យ​កូន​តូចៗ​ជ្រក និង​មិន​ដឹង​ត្រូវ​ទៅ​រស់នៅ​ទីណា​នោះ​ទេ។

ប៉ុន្តែ​សំណូមពរ​នេះ អាជ្ញាធរ​មិន​ទទួល​យក​ទេ ដោយ​បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ និង​ពលរដ្ឋ​ផ្សេង​ទៀត​ថា ប្រសិន​បើ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ដី​សង់​ផ្ទះ​ពិតប្រាកដ សូម​ឲ្យ​ដាក់​ពាក្យ​ស្នើសុំ​ដី​សង់​ផ្ទះ​តាម​រយៈ​ភូមិ ឃុំ ឬ​សង្កាត់ ក្រុង ស្រុក មក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជាក់ស្តែង ដោយ​មិន​ត្រូវ​នាំ​គ្នា​មក​លួច​កាប់​រាន​ដី​ព្រៃ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ​ដោយ​ខុស​ច្បាប់​ទៀត​ទេ។

សកម្មភាព​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​តូចៗ​របស់​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ ក៏​ឃើញ​មាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​មាន សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទៅ​ឃ្លាំ​មើល​សកម្មភាព​កម្លាំង​ចម្រុះ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នេះ​ដែរ។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី ដែល​បាន​ចុះ​ឃ្លាំ​មើល​សមត្ថកិច្ច​ចម្រុះ​ចុះ​រើ​សំណង់​ផ្ទះ​ពលរដ្ឋ​ទាំង ៥​គ្រួសារ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា លោក​បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ផ្តល់​ដី​សម្រាប់​សង់​ផ្ទះ​ជូន​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នេះ ដើម្បី​សង់​ផ្ទះ​រស់នៅ​ឡើង​វិញ ព្រោះ​រដូវ​នេះ​មាន​ព្យុះ​ភ្លៀង​ធ្លាក់​មក​រាល់​ថ្ងៃ ហើយ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ និង​មាន​កូន​តូចៗ​ក្នុង​បន្ទុក​គ្រួសារ៖ «ប្រជាពលរដ្ឋ​គាត់​បាត់បង់​ផ្ទះ និង​ខូចខាត​អស់​ទ្រព្យ​សម្បត្តិ ហើយ​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​មាន​ភ្លៀង​ធ្លាក់​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​រស់នៅ ជាពិសេស​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​ឃើញ​មាន​កូន​តូចៗ​នៅ​ក្នុង​បន្ទុក គឺ​ឃើញ​ស្ថានភាព​ជាក់ស្តែង​របស់​ពួក​គាត់​មាន​ការ​លំបាក​បំផុត»

ទន្ទឹម​គ្នា លោក វ៉ាន់លី បាន​រិះគន់​លោក ឈិត រតនៈ មាន​តួនាទី​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់​យក​ទូរស័ព្ទ​ដៃ​របស់​លោក​យក​ទៅ​លុប​រូបថត និង​វីដេអូ​នៃ​សកម្មភាព​រុះរើ​ផ្ទះ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​ចោល និង​មាន​កាយវិការ​មិន​សមរម្យ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ស្នើ​ដល់​លោក ឈិត រតនៈ គួរ​មាន​ឥរិយាបថ​ធ្វើ​ការងារ​ឲ្យ​បាន​ថ្លៃថ្នូរ​ជាង​នេះ ព្រោះ​ជា​មន្ត្រី​តំណាង​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គួរ​តែ​ធ្វើ​ជា​គំរូ​ឲ្យ​ស័ក្តិសម​ជា​មន្ត្រី​ស្អាតស្អំ និង​មាន​ការ​អប់រំ​ខ្ពស់។ លោក វ៉ាន់លី រំលឹក​ដល់​លោក ឈិត រតនៈ ដែល​ត្រូវ​ជា​កូន​ប្រុស​លោក ឈិត សុខុន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ ចូល​និវត្តន៍ គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​រឿយៗ​តែង​បាន​រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​ទូទាំង​ប្រទេស ត្រូវ​មាន​កាយវិការ ឬ​ពាក្យ​សម្ដី​ឲ្យ​បាន​សមរម្យ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ពិសេស​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ជៀសវាង​ការ​រិះគន់​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​សកម្មភាព​ដឹកនាំ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល ជាដើម។

ចំណែក​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​គួរ​តែ​ធ្វើ​ស្លាក​សញ្ញា ឬ​ប៉ាណូ​ឲ្យ​បាន​ច្រើន​កន្លែង​យក​ទៅ​ដាក់​តាំង​នៅ​ទីតាំង​ដី​តំបន់​ក្បាលឆាយ ដោយ​ដាក់​បម្រាម​ហាម​ទិញ​លក់ ឬ​រាន​កាន់​កាប់​ដី​តំបន់​នេះ ព្រោះ​ជា​ដី​ប្រភព​ទឹកសាប ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អភិរក្ស​ការពារ៖ «ធ្វើ​ប៉ាណូ​យក​ទៅ​ដាក់​នៅ​ទីតាំង​ដី​អនុក្រឹត្យ​លេខ​៧៦ តំបន់​ក្បាលឆាយ​ហ្នឹង​ឲ្យ​ធំៗ​ទៅ ហើយ​សរសេរ​ថា​ជា​តំបន់​ហាមឃាត់ និង​ដាក់​ឲ្យ​បាន​ច្រើន​ស្លាក ឬ​ច្រើន​ផ្ទាំង និង​ច្រើន​ទីកន្លែង​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង ដើម្បី​ជៀសវាង​ប្រជាពលរដ្ឋ គាត់​ចាញ់​បោក​ជន​ខិលខូច​ចេះ​តែ​អះអាង ហើយ​ចេញ​មុខ​លក់​ដី​ឲ្យ​ពួក​គាត់ ហើយ​ចេះ​តែ​អះអាង​ថា ដី​នេះ​គឺ​ជា​ដី​របស់​ខ្លួន ឬ​ជា​ដី​របស់​រដ្ឋ​ដែល​បែងចែក​ឲ្យ​ពួក​គាត់»

ពេល​ចុះ​រុះរើ​ផ្ទះ​តូចៗ​របស់​ប្រជាពលរដ្ឋ​ទាំង ៥​ខ្នង ឬ ៥​គ្រួសារ នៅ​ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា គេ​សង្កេត​ឃើញ​មាន​វត្តមាន​លោក រស់ សារាំ ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក ឈិត រតនៈ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ លោក លី វ៉ាន់ដារ អភិបាល​រង​ក្រុង​ព្រះសីហនុ និង​លោក ហ៊ត សីហា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះសីហនុ ព្រម​ទាំង​មន្ត្រី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាច្រើន​ស្ថាប័ន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles