
ពលរដ្ឋរស់នៅភូមិថ្មី ឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ទាមទារឲ្យក្រុមហ៊ុនឯកជនមួយប្រគល់ដី ៣២ហិកតារ និងលុបប្រឡាយដែលក្រុមហ៊ុនបានជីកបង្ហូរទឹកចេញពីបឹងដែលអ្នកភូមិប្រើប្រាស់ ក៏ប៉ុន្តែប្រធានក្រុមហ៊ុនអះអាងថា ការទាមទារដីនេះមិនត្រឹមត្រូវទេ ហើយក្រុមហ៊ុនបានលុបប្រឡាយដែលឋិតនៅខាងក្រៅបរិវេណដីក្រុមហ៊ុនរួចហើយ។
ប្រជាពលរដ្ឋរស់នៅភូមិថ្មី សំណូមពរឲ្យអាជ្ញាធរស្រុកបញ្ចប់គម្រោងអភិវឌ្ឍន៍កសិកម្មរបស់ក្រុម ហ៊ុន បូរ៉ា គៀមនី ហើយលុបប្រឡាយដែលក្រុមហ៊ុនបានជីកបង្ហូរទឹកបឹងបង្កផលប៉ះពាល់ទឹកពលរដ្ឋប្រើប្រាស់។
កាលពីឆ្នាំ២០១៥ តំណាងពលរដ្ឋ ៨នាក់បានផ្ដិតមេដៃប្ដឹងសុំឲ្យអាជ្ញាធរស្រុកវ៉ឺនសៃ ជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ក៏ប៉ុន្តែរហូតបច្ចុប្បន្នអ្នកភូមិអះអាងថា បញ្ហានេះមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។
តំណាងអ្នកភូមិគឺលោក សួត ឡម បញ្ជាក់នៅថ្ងៃទី២៥ ខែសីហា ថា ក្រុមហ៊ុនមិនទាន់បញ្ចប់គម្រោងអភិវឌ្ឍន៍ទាំងស្រុងនៅឡើយ បើទោះបីក្រុមហ៊ុនបានកាត់ដី ៩២ហិកតារ ប្រគល់ជូនអាជ្ញាធរស្រុកវិញក៏ដោយ។ លោកថា ក្រុមហ៊ុននៅបន្តកាន់កាប់ដី ៣២ហិកតារ និងមិនបានលុបប្រឡាយបង្ហូរទឹកបឹងរួចរាល់នោះទេ៖ «ចង់ឲ្យគាត់លុបប្រឡាយចង់ឲ្យគាត់ឈប់ធ្វើនៅហ្នឹងតែម្ដង ព្រោះប៉ះពាល់គោក្របីងាប់ដោយសារប្រឡាយរបស់គាត់»។
ក្រុមហ៊ុន បូរ៉ា គៀមនី គ្រោងអភិវឌ្ឍវិស័យកសិកម្មលើផ្ទៃដីជាង ១២០ហិកតារនៅតំបន់រដ្ឋបាលភូមិឡាម៉ឺយ ក្នុងឃុំកុកឡាក់ និងភូមិថ្មី ក្នុងឃុំវ៉ឺនសៃ តាំងពីឆ្នាំ២០១៤ ក៏ប៉ុន្តែក្រោយការសិក្សាពីទីតាំងនេះ ប្រជាពលរដ្ឋភូមិថ្មីបានជំទាស់ទើបក្រុមហ៊ុនសម្រេចបញ្ឈប់គម្រោង ហើយទិញដីជាលក្ខណៈឯកជនចំនួន ៣២ហិកតារ ពីពលរដ្ឋភូមិឡាម៉ឺយ ដើម្បីអភិវឌ្ឍដំណាំស្រូវ។
នាយកក្រុមហ៊ុន បូរ៉ា គៀមនី លោក ឃុន សុវណ្ណារ៉ា បញ្ជាក់ថា ដី ៣២ហិកតារ គឺជាដីស្របច្បាប់ដែលលោកបានទិញពីពលរដ្ឋភូមិឡាម៉ឺយ ហេតុនេះពលរដ្ឋភូមិថ្មី មិនមានសិទ្ធិទាមទារនោះឡើយ។លោកទទួលស្គាល់ថា បានជីកប្រឡាយបង្ហូរទឹកពីបឹងដើម្បីប្រើប្រាស់ ហេតុនេះលោកបានលុបប្រឡាយមួយផ្នែកនៅក្រៅដីក្រុមហ៊ុនដើម្បីទប់ទឹកជូនអ្នកប្រើប្រាស់ដូចធម្មតាវិញហើយ។
មេឃុំវ៉ឺនសៃ លោក ស៊ី ផល្លី បញ្ជាក់ថា អាជ្ញាធរឃុំបានព្យាយាមជួយដោះស្រាយបញ្ហាជូនអ្នកភូមិ ក៏ប៉ុន្តែមិនបានលទ្ធផល ដោយសារតែអ្នកភូមិនៅបន្តទាមទារដីដែលក្រុមហ៊ុនបានទិញពីអ្នកភូមិឡាម៉ឺយ និងឲ្យក្រុមហ៊ុនលុបប្រឡាយទាំងអស់ដែលក្រុមហ៊ុនបានជីក។ លោកថា បានបញ្ជូនរឿងនេះទៅថ្នាក់ស្រុកជួយដោះស្រាយបន្ត៖ «ដីដែលគាត់បម្រុង គាត់ជូនមកប្រជាពលរដ្ឋអស់ ស្រុកក៏ជួយដោះស្រាយដែរប្រជាពលរដ្ឋនៅតែតម្រូវការឲ្យគាត់ឈប់»។
មន្ត្រីអង្គការទន្លេបី ដែលឃ្លាំមើលបញ្ហានេះ អ្នកស្រី ណាង ណយ អំពាវនាវឲ្យអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនអ្នកភូមិ ចៀសវាងកុំឲ្យទំនាស់នេះរីករាលដាលធំឡើង។ អ្នកស្រីកត់សំគាល់ថា ក្រុមហ៊ុនលុបប្រឡាយតែបីម៉ែត្រប៉ុណ្ណោះ៖ «គាត់សន្យាលុបប្រឡាយវិញ ជាក់ស្ដែងគាត់លុបតែ ៥ម៉ែត្រទេ។ កិច្ចសន្យាទិញគាត់ថា អត់មានបញ្ជាក់ពីម្ចាស់ដីទេមានត្រឹមឃុំ»។
អភិបាលស្រុកវ៉ឺនសៃ លោក ជុំ ងិល បញ្ជាក់ថា អាជ្ញាធរស្រុកបានសម្របសម្រួលបញ្ហានេះរួចហើយ ក៏ប៉ុន្តែមានអ្នកភូមិមួយចំនួនតូចមិនយល់ស្របចង់បានដីដែលក្រុមហ៊ុនបានទិញ។ លោកថា ក្រុមប្រឹក្សាខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុនឲ្យឈប់គ្រប់គ្រងដី ៩៣ហិកតារ ហើយលុបប្រឡាយ និងប្រគល់ដីជូនអាជ្ញាធរស្រុកវិញ៕