Clik here to view.

ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរិះគន់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធថា គ្មានលទ្ធភាពទប់ស្កាត់រថយន្តដឹកទំនិញធំៗ និងរថយន្តដឹកដីជាដើម ដែលបើកចូលក្រុងពេលថ្ងៃនាំឲ្យមានការកកស្ទះចរាចរណ៍ និងបង្កើតឲ្យមានធូលីដីហុយពេញផ្លូវសាធារណៈ។
ទេសចរ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរអ៊ូរទាំថា ការធ្វើដំណើរនៅតាមផ្លូវសាធារណៈ ពិសេសផ្លូវនៅជិតទីផ្សារមួយចំនួនមានការកកស្ទះជារៀងរាល់ថ្ងៃ ដោយសាររថយន្តដឹកទំនិញធំៗ បានបើកចូលក្រុងពេលថ្ងៃ និងឈប់ចតផ្ទេរទំនិញតាមចិញ្ចើម។
ពួកគេមានចម្ងល់ហេតុអ្វីបានជាសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ មានមន្ទីរសាធារណៈ និងដឹកជញ្ជូន មន្ទីរបរិស្ថាន សមត្ថកិច្ចនគរបាល និងកម្លាំងជំនាញស្ថាប័នដទៃទៀត មិនរួមសហការគ្នាទប់ស្កាត់រថយន្តដឹកទំនិញ រថយន្តដឹកដី ឬដឹកខ្សាច់ និងដឹកសម្ភារៈផ្សេងទៀត មិនអោយបើកចូលក្រុងពេលថ្ងៃ។
ភ្ញៀវទេសចរជាតិ បានរិះគន់ថា រថយន្តដឹកទំនិញធំៗ និងរថយន្តដឹកដីជាដើមត្រូវគេបើកចូលក្នុងក្រុងពេលថ្ងៃនាំឲ្យកកស្ទះ ប៉ះពាល់បរិស្ថាន ព្រោះមានដីហុយនៅតាមផ្លូវសាធារណៈ ជាពិសេសបានរំខានដល់អារម្មណ៍ពួកគេ។
ផ្ដើមពីបញ្ហានេះ សាធារណជនទូទៅបានស្នើឲ្យរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធនានា ក្នុងមូលដ្ឋាននេះឲ្យពិចារណាទប់ស្កាត់រថយន្តដឹកទំនិញគ្រប់ប្រភេទបើកចូលក្រុងពេលនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅថ្ងៃអនាគត។
ឆ្លើយតបបញ្ហានេះ លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្ដាលនគរបាលសណ្ដាប់ធ្នាប់សាធារណៈ មានប្រសាសន៍ថា បញ្ហារថយន្តដឹកទំនិញនេះ រដ្ឋបាលខេត្តបានបង្កើតឲ្យមានក្រុមការងារអនុវត្តច្បាប់មួយក្រុម ដឹកនាំដោយមន្ទីរសាធារណៈ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ ក្នុងនោះកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ជាអ្នកចុះអនុវត្តចាប់ឃាត់រថយន្តល្មើស។
លោក អ៊ី សុខា ស្នើដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញគ្រប់ប្រភេទ ត្រូវចូលរួមសហការជាមួយអាជ្ញាធរឲ្យបានទាំងអស់គ្នា ដើម្បីឈានទៅរួមចំណែករក្សាសណ្ដាប់ធ្នាប់សាធារណៈ នាទីទីប្រជុំជនក្រុងព្រះសីហនុ ឲ្យបានប្រសើរថែមទៀតនៅថ្ងៃអនាគត៖ «ពាក់ព័ន្ធការអនុវត្តនេះ គេបង្កើតក្រុមការងារ ដោយមានមន្ទីរសាធារណការជាប្រធាន និងមន្ទីរបរិស្ថាន ហើយប៉ូលិសប៉េអឹម ជាអ្នកចូលរួមចាប់ឃាត់រថយន្ត។ ករណីរថយន្តដឹកទំនិញធុនធំបើកចូលក្រុងពេលនេះ កម្លាំងជំនាញយើងមិនឲ្យបើកចូលក្រុងទេ បើឃើញបើកចូលក៏កម្លាំងជំនាញយើងដេញដែរ។ រថយន្តដឹកទំនិញធុនធំនេះ ម៉ោង ៦ល្ងាច បានអនុញ្ញាតឲ្យបើកចូលក្រុង ហើយពេលព្រឹកតម្រូវឲ្យចេញពីក្រុងនៅមុនម៉ោង ៧ព្រឹកជាកំហិត។ បើចង់ផ្ទេរទំនិញផ្សេងៗ ត្រូវបើកចូលបេន ហើយយករថយន្តដឹកទំនិញតូចៗ មកផ្ទេរទំនិញ ដឹកដាក់នៅតាមដេប៉ូដែលម្ចាស់ទំនិញត្រូវការចុះ»។
កាលពីថ្ងៃទី៩ ខែសីហា លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់សាលាខេត្តព្រះសីហនុ ស្ដីពីការហាមឃាត់ប្រភេទរថយន្តដឹកជញ្ជូនធុនធំ និងធុនធ្ងន់ មិនឲ្យបើកបរ ឬធ្វើចរាចរណ៍ក្នុងទីប្រជុំជនក្រុងព្រះសីហនុ ពេលថ្ងៃ។ លោកថា រឿងនេះអាជ្ញាធរនឹងចាត់វិធានការក្ដៅទៅលើម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទបើកចូលក្រុងពេលថ្ងៃ បង្កឲ្យមានការកកស្ទះ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជាដើមឲ្យបានធ្ងន់ធ្ងរ៕